Connect with us

ព័ត៌មានជាតិ

ក្មេងទំនើង៨នាក់នៅក្នុងខេត្តស្វាយរៀង ត្រូវបានចាប់ដាក់ពន្ធនាគារ ក្រោយវាយកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ

បានផុស

នៅ

កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានចាប់ខ្លួនក្មេងទំនើងចំនួន ៨នាក់ ពាក់ព័ន្ធនឹងករណីវាយប្រហារក្នុងក្រុងបាវិត កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។ ក្រុមក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សាលាដំបូងខេត្តស្វាយរៀង បានចេញដីកាឃុំខ្លួនពួកគេនៅក្នុងពន្ធនាគារខេត្ត ដើម្បីបន្តដំណើរការនីតិវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមក្មេងទំនើងទាំងនេះ ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានការបង្ហោះវីដេអូលើបណ្តាញសង្គម ដោយមានខ្លឹមសារថា«ក្រុងបាវិត វៃគ្នាសឹងរាល់ថ្ងៃអនាធិបតេយ្យនៅមុខប្រៃសណីយ៍ នៅម៉ោង ៤:០០ព្រឹក ថ្ងៃទី២៥.០១.២០២៥»។ ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាកម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សហការជាមួយលោកវរសេនីយ៍ទោ អែម សុវណ្ណរិទ្ធិ អធិការនគរបាលក្រុងបាវិត ចុះទៅកន្លែងកើតហេតុ ស្រាវជ្រាវ និងកំណត់អត្តសញ្ញាណក្មេងទំនើងដែលបានបង្កហិង្សាវាយទៅលើយុវជនផ្សេងទៀត។ កម្លាំងសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនក្មេងទំនើងចំនួន ០៨នាក់(ប្រុស) និងបានដកហូតវត្ថុតាង មានម៉ូតូ ០៣គ្រឿង ដាវ ០១ដើម កាំបិតផ្គាក់ ០១ដើម និងកាំបិត ០១ដើម។

នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង ០៨នាក់ បានឆ្លើយសារភាពថាបក្សពួកខ្លួន ពិតជាបានបង្កហិង្សាកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅក្រុងបាវិត ពិតប្រាកដមែន៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម