Connect with us

ព័ត៌មានជាតិ

ពលករខ្មែរទើបជាប់ទៅធ្វើការនៅកូរ៉េ ព្រួយថា ការបំផុសធ្វើបាតុកម្មពីអ្នកនយោបាយប្រឆាំង​ នឹងប៉ះពាល់ការងាររបស់ខ្លួន

បានផុស

នៅ

ពលករខ្មែរដែលត្រៀមចេញទៅធ្វើការនៅប្រទេសកូរ៉េ បានសម្ដែងការព្រួយបារម្ភថា អាចនឹងមានការប៉ះពាល់លើការងាររបស់ខ្លួន បើសិនជាមានបាតុកម្មដែលរៀបចំពីសំណាក់ក្រុមអ្នកនយោបាយប្រឆាំងជារឿយៗ នៅក្នុងប្រទេសទទួលយកពលករកម្ពុជាទៅធ្វើការ។ ការណ៍នេះ ពួកគេបានអំពាវនាវឱ្យពលរដ្ឋខ្មែរ និងពលករខ្មែរនៅបរទេសទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈការចរចារដោយសន្តិវិធី ជាជាងនាំគ្នាធ្វើបាតុកម្មពោរពេញដោយកំហឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី គួន សូលីដា ជាពលករខ្មែរដែលត្រៀមហោះហើរទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានសម្ដែងការព្រួយបារម្ភលើការងាររបស់ខ្លួន នៅពេលដែលតែងតែទទួលដំណឹងពីការបង្កឱ្យមានការធ្វើបាតុកម្មនៅលើទឹកដីទី២ ពីសំណាក់ក្រុមអ្នកនយោបាយ ជាក់ស្តែងនៅប្រទេសកូរ៉េខាងត្បូង។ វាអាចនឹងជះឥទ្ធិពលលើការងារ ពីព្រោះថា កាលណាយើងជាជនបរទេសហើយតែងតែបង្កឱ្យមានចលាចលនៅក្នុងសង្គមរបស់គេ នោះចង់ឬមិនចង់ថៅកែក្រុមហ៊ុនដែលជាអ្នកគ្រប់គ្រងពលករខ្មែរនឹងមានការឈឺក្បាល និងទទួលរងផលប៉ះពាល់ដល់ផលិតភាពការងាររបស់គេ។

ពលករខ្មែររូបនេះ បន្ថែមថា សម្រាប់ការបំផុសឱ្យមានការធ្វើបាតុកម្មពាក់ព័ន្ធនឹងបញ្ហាកោះគុតនេះផងដែរ គឺជាការព្រួយបារម្ភថ្មីមួយទៀត។ សម្រាប់លោកស្រី ពុំចង់ឃើញការចលាចលណាមួយ ដែលធ្វើឡើងពីសំណាក់បងប្អូនពលករខ្មែរ ក្រោមរូបភាពចាញ់កលល្បិចពីសំណាក់អ្នកនយោបាយនៅក្រៅប្រទេសទេ ព្រោះវាអាចប៉ះពាល់ដល់ការងាររបស់ពលករ និងបង្ហាញរូបភាពមិនល្អទាល់តែសោះលើទឹកដីបរទេស ដែលជាប្រទេសទី២។

ដោយឡែក លោក ហុន សុភាព ជាពលករខ្មែរដែលត្រៀមហោះហើរទៅធ្វើការនៅប្រទេសកូរ៉េម្នាក់ទៀត មើលឃើញថា ការញុះញង់ធ្វើបាតុកម្មជាច្រើនលើកច្រើនសារពិតណាស់បានជះឥទ្ធិពលដល់កេរ្តិ៍ឈ្មោះពលករខ្មែរ។ ពលករខ្មែររូបនេះ ថា វាបានជះឥទ្ធិពលទី១ លើពលករដែលកំពុងធ្វើការនៅប្រទេសកូរ៉េស្រាប់ និងទី២ ប៉ះពាល់ដល់បងប្អូនពលរដ្ឋខ្មែរជំនាន់ក្រោយដែលចង់ទៅធ្វើការនៅបរទេស វាអាចត្រូវបានរដ្ឋាភិបាលបរទេសកាត់ផ្តាច់ការទទួលពលករខ្មែរជាដើម។

ពាក់ព័ន្ធនឹងបញ្ហាកោះគុត ក្នុងនាមជាពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េ សូមអំពាវនាវឱ្យខ្មែរនៅក្រៅប្រទេសទាំងអស់រក្សាភាពស្ងៀមស្ងាត់ ជឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការដោះស្រាយដោយសន្តិវិធីជាមួយភាគីថៃ។ រាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពគ្រប់គ្រន់ក្នុងការដោះស្រាយ ដោយឡែកការធ្វើបាតុកម្មក្រោមការបំផុសបំផុលពីសំណាក់ក្រុមប្រឆាំង មិនត្រឹមតែមិនបានការនោះទេ តែថែមទាំងបង្កឱ្យមានជម្លោះការទូតរវាងប្រទេសជាមិត្តផងដែរ។

ទន្ទឹមនឹងនេះ ពលករខ្មែរដែលទើបតែប្រឡងជាប់ ត្រៀមចេញទៅធ្វើការនៅប្រទេសកូរ៉េនៅពេលនេះ អំពាវនាវឱ្យខ្មែរនៅប្រទេសកូរ៉េខិតខំធ្វើការ សន្សំថវិកា ដើម្បីផ្គត់ផ្គង់គ្រួសារ ដែលបានខិតខំពុះពារដើម្បីមានលទ្ធភាពក្នុងការបញ្ជូនទៅធ្វើការនៅបរទេស។ ដូច្នេះហើយទំនួលខុសត្រូវដ៏ធំបំផុតនោះគឺការផ្គត់ផ្គង់គ្រួសារ មិនមែនចូលរួមសកម្មភាពបង្កចលាចលនៅលើប្រទេសទាំង២នោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម