Connect with us

ព័ត៌មានជាតិ

អង្គការ OXFAM រៀបចំវេទិកាផ្សព្វផ្សាយពីការស្រាវជ្រាវអំពី «ការថែទាំ និងការងារផ្ទះ»

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ អង្គការអុកស្វាម បានរៀបចំវេទិកាផ្សព្វផ្សាយការសិក្សាស្រាវជាវពី «ការថែទាំ និងការងារផ្ទះ» ដើម្បីលើកកម្ពស់ការយល់ដឹង ទំនួលខុសត្រូវ និងផលប៉ះពាល់នៃការថែទាំ ការងារផ្ទះដែលមិនទទួលបានប្រាក់កម្រៃ លើការពង្រឹងភាពអង់អាច និងការរីកចម្រើនរបស់ស្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកានេះ ក៏មានការចូលរួមពីរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិលផងដែរ។ បើតាមអង្គការអុកស្វាម របាយការណ៍អំពី “ការងារថែទាំ និងការងារផ្ទះ” នេះបានពាំនាំមកនូវទិន្នន័យ និងព័ត៌មានជាច្រើន ដែលអាចជួយភាគីពាក់ព័ន្ធឱ្យយល់កាន់តែច្បាស់អំពីគំរូនៃការប្រើប្រាស់ពេលវេលាទាំងយេនឌ័រ អាយុ កម្រិតប្រាក់ចំណូល និងទីតាំងភូមិសាស្ត្រ ដើម្បីកំណត់កត្តាសក្តានុពលដែលមានឥទ្ធិពលលើការចែកចាយតួនាទីនៅក្នុងគ្រួសារ និងដើម្បីបង្កើតគំនិតផ្តួចផ្តើមកម្មវិធី ឬគោលនយោបាយដែលផ្លាស់ប្តូរយេនឌ័រ និងដោះស្រាយបុព្វហេតុឫសគល់នៃវិសមភាពយេនឌ័រនៅក្នុងការងារថែទាំ និងការងារផ្ទះដែលមិនទទួលបានប្រាក់កម្រៃ ។ របាយការណ៍ដែលត្រូវបានផ្សព្វផ្សាយនេះ គាំទ្រថវិកាដោយស្ថានទូតអៀរឡង់។

ក្នុងឱកាសនេះ លោកស្រី ភាណ សោភ័ណ នាយិការអុកស្វាម បានលើកឡើងថា «ការថែទាំ និងការងារផ្ទះ» ជាធម្មតាត្រូវបានចាត់ទុកថាជាការងារផ្ទាល់ខ្លួន ប៉ុន្តែនៅក្នុងគ្រួសារ ការងារនេះ ត្រូវបានទទួលរ៉ាប់រងដោយស្រ្តី ហើយកម្ពុជា ក៏មិនមែនជាប្រទេសតែមួយដែលទទួលបានបញ្ហានេះដូចគ្នា ពោល គឺបណ្តាប្រទេសផ្សេងៗក៏មានបញ្ហាដូចគ្នា គ្រាន់តែថា ការទទួលស្គាល់ពីតម្លៃនៃការងារនេះពីប្រទេសនីមួយៗតែងមានភាពខុសគ្នា។ លោកស្រីបន្តថា ជាប្រវត្តិសាស្ត្រតែម្តងការងារនេះ ត្រូវបានគេចាត់ទុកថាចាការងាររបស់ស្រ្តី ហេតុនេះ ស្រ្តីគឺជាអ្នកទទួលរងបន្ទុកនេះច្រើនជាងគេ រហូតធ្វើឱ្យខ្លួនបាត់បង់ឱកាសមួយចំនួនក្នុងការស្វែងរកការងារខាងក្រៅ។

លោកស្រី ភាណ សោភ័ណ និយាយថា «សង្គមរំពឹងទុកយ៉ាងខ្ពស់ និងដោយអយុត្តិធម៌លើស្ត្រី និងកុមារី ឲ្យមានទំនួលខុសត្រូវខ្ពស់ក្នុងការថែទាំគ្រួសារ និងផ្ទះសម្បែង។ ការចិញ្ចឹមបីបាច់ និងសុខដុមរមនាក្នុងគ្រួសារមានសារៈសំខាន់ណាស់សម្រាប់គ្រួសារ និងសង្គមជាតិ ដែលនេះជាទំនួលខុសត្រូវរួមរបស់មនុស្សគ្រប់រូប មិនមែនសម្រាប់តែស្ត្រី និងក្មេងស្រីនោះទេ»  ។

ជាមួយគ្នានេះ លោកស្រី សុខ ច័ន្ទឆវី រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា ក្នុងរដ្ឋធម្មនុញ្ញ ស្ថិតនៅមាត្រា៣៦ បានទទួលស្គាល់យ៉ាងច្បាស់ថា ការងារផ្ទះមានតម្លៃដូចការងារទទួលបានកម្រៃនៅខាងក្រៅផងដែរ។ លោកស្រីមានប្រសាសន៍ថា៖ «ទន្ទឹមនឹងនោះ រដ្ឋធម្មនុញ្ញក៏បានធានាដែរថា ស្ត្រី និងបុរស មានសិទ្ធិក្នុងការជ្រើសរើសតាមការងាររបស់គាត់ អ្វីដែលគាត់ចូលចិត្ត ហើយនឹងតម្រូវការ។ ប៉ុន្តែ ជាក់ស្តែង និយាមសង្គម និងបរិស្ថានសង្គម មិនទាន់បង្កឱកាសឱ្យស្ត្រីជ្រើសរើសការងារតាមដែលជាតម្រូវការ និងភាពពេញចិត្តរបស់គាត់នៅឡើយទេ» ។

លោកស្រី បន្ថែមថា ក្រសួងកិច្ចការនារី បានខិតខំក្នុងការបង្កើនសមភាពយេនឌ័រ តាមរយៈការចូលរួមធ្វើកិច្ចសហប្រតិបត្តិការនានាជាមួយភាគីពាក់ព័ន្ធផ្សេងៗ ក្នុងការគិតគូរពីបញ្ហាទាំងអស់នេះ ដើម្បីសម្រេចតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយលោកស្រីបញ្ជាក់ថា កិច្ចការទាំងនេះ មិនអាចធ្វើបានដោយមិនមានកិច្ចសហការជាមួយភាគីដទៃឡើយ។ លោកស្រី សុខ ច័ន្ទឆវី បានផ្ញើសារថ្លែងអំណរគុណដល់ស្ត្រី និងក្មេងស្រីទាំងអស់ ដែលបានតស៊ូ ជម្នះ រាល់ការប្រឈមនានា ព្រោះស្ត្រីនិងក្មេងស្រី ជាចលករសំខាន់ក្នុងការចូលរួមសកម្មនៅគ្រប់កម្រិត។

សូមជម្រាបថា វេទិកានេះ នឹងផ្តល់ជាវេទិកាសម្រាប់ការពិផាក្សាលើចំណុចសក្តានុពលសម្រាប់សកម្មភាបគោលនយោបាយ ឬកំនិតផ្តួចផ្តើមជាមួយស្ថាប័នរដ្ឋាភិបាល អង្គការអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ អង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។ វេទិកាផ្សព្វផ្សាយការសិក្សាស្រាវជាវពី «ការថែទាំ និងការងារផ្ទះ»​ មានគោលបំណងសំខាន់៣។ ទី១ លើកកម្ពស់ការយល់ដឹងអំពីការចែកចាយទំនួលខុសត្រូវ និងផលប៉ះពាល់នៃការងារថែទាំ និងការងារផ្ទះដែលមិនទទួលបានប្រាក់កម្រៃ លើការពង្រឹងភាពអង់អាច និងការរីកចម្រើនរបស់ស្ត្រី។ ទី២ លើកកម្ពស់ការយកចិត្តទុកដាក់របស់អ្នកបង្កើតគោលនយោបាយ អង្គការអភិវឌ្ឍន៍ អ្នកជំនាញ អង្គការក្រៅរដ្ឋាភិបាល និងអ្នកជំនាញយេនឌ័រ លើការដោះស្រាយបញ្ហាផលប៉ះពាល់នៃការងារថែទាំ និងការងារផ្ទះដែលមិនទទួលបានកម្រៃ លើការសម្រេចបាន សមភាពយេនឌ័រ។ ទី៣ ផ្តល់ទិន្នន័យ និងការវិភាគដែលអាចទុកចិត្តបានសម្រាប់អ្នកបង្កើតគោលនយោបាយ អ្នកស្រាវជ្រាវ អង្គការនានា ក្នុងការផ្តួចផ្តើមគម្រោងថ្មី ការស្រាវជ្រាវថ្មី ឬសកម្មភាពណាដែលជំរុញសមភាពយេនឌ័របន្ថែមទៀត៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម