ព័ត៌មានជាតិ
ក្រសួងការងារ ដើរតួយ៉ាងសំខាន់ក្នុងដំណើរការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែង ពេលកំណើនសេដ្ឋកិច្ចមិនប្រាកដប្រជា
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើរតួយ៉ាងសំខាន់ក្នុងដំណើរការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងនៅពេលកំណើនសេដ្ឋកិច្ចមិនប្រាកដប្រជាដោយសារកត្តាប្រឈម និងហានិភ័យទាំងក្នុង និងក្រៅប្រទេស។

ថ្លែងក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» កាលពីរសៀលថ្ងៃទី ២៨ កុម្ភៈនេះ លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ទោះបីជាសេដ្ឋកិច្ចកម្ពុជានៅបន្តសក្តានុពលកំណើនខ្ពស់ ហើយត្រូវបានព្យាករថាមានកំណើនក្នុងរង្វង់ ៦,៣% ក្នុងឆ្នាំ ២០២៥ ប៉ុន្តែកត្តាប្រឈម និងហានិភ័យទាំងក្នុងនិងក្រៅប្រទេស នៅបង្កភាពមិនប្រាកដប្រជាដល់កំណើនសេដ្ឋកិច្ច។ ក្នុងនោះ កត្តាខាងក្នុងរួមមានថ្លៃដើមធ្វើធុរកិច្ចនៅមានកម្រិតខ្ពស់ធៀបនឹងប្រទេសមួយចំនួននៅក្នុងតំបន់, ដំណើរការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅមានភាពយឺតយ៉ាវ,ភាពមានកម្រិត នៃកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងបរិយាកាសធុរកិច្ច,បរិមាណ និងគុណភាព នៃកម្លាំងពលកម្មជំនាញមិនទាន់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារថ្មីៗ, ភាពមានកម្រិត នៃប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម,និងភាពមានកម្រិត នៃចំណេះដឹង និងជំនាញក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល។

រីឯកត្តាខាងក្រៅរួមមាន ការថមថយ នៃសេដ្ឋកិច្ចសកលជាពិសេស សេដ្ឋកិច្ចប្រទេសចិន,ការចាប់ផ្តើមអនុវត្តឡើងវិញនូវគោលនយោបាយគាំពារនិយម ក្នុងគោលដៅប្រោសឱ្យរស់ឡើងវិញនូវឧស្សាហកម្មមួយចំនួនដែលមិនមានឧត្តមភាព,ភាពតានតឹង នៃកត្តាភូមិសាស្ត្រនយោបាយបង្អាក់ដល់ច្រវាក់ផ្គត់ផ្គង់សកល, ការបែកខ្ញែកភូមិសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ច និងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា នៅក្នុងបរិការណ៍ស្មុគស្មាញនេះ តួនាទីរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាន់តែមានភាពមុតស្រួច និងចាំបាច់ ជាពិសេស សម្រាប់ដំណើរការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងជាបន្តបន្ទាប់ តាមរយៈការចូលរួមជំរុញពិពិធកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច និងបច្ចេកវិទ្យាកម្ពុជា។ ក្នុងនោះ ការផ្គត់ផ្គងព័ត៌មានការងារ-ទស្សនវិស័យមុខរបរ ដល់អ្នកកំពុងស្វែងរកការងារដើម្បីកាត់បន្ថយថ្លៃដើមស្វែងរកការងារ , ការផ្គូផ្គងការងារត្រឹមត្រូវ ដែលរួមចំណែកកាត់បន្ថយភាពខ្ជីខ្ជាធនធានដោយសារភាពមិនស៊ីគ្នា នៃជំនាញ និងកម្លាំងពលកម្ម, ជំរុញលក្ខខណ្ឌការងារ, បង្កើនសុវត្ថិភាពការងារ, ពង្រឹងរបបសន្តិសុខសង្គម, ព្រមទាំងពង្រីកការបណ្តុះបណ្តាលជំនាញបច្ចេកទេស, បូករួមទាំងការផ្លាស់ប្ដូរជំនាញ និងការបង្កើនជំនាញសុទ្ធតែជាតួនាទីសំខាន់ៗ ដែលក្រសួងការងារបាននិងកំពុងអនុវត្តដោយជោគជ័យ ក៏ដូចជារួមចំណែកកាន់តែខ្លាំង បង្កើតឱកាសដល់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនបរទេសក្នុងការជំរុញផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ប្រមូលផ្ដុំឧស្សាហកម្ម និងការផ្តួចផ្តើម R&D ជាដើម៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ២១ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


