ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា ៖ តាមរយៈខ្លឹមសារសៀវភៅ«លើសពីអង្គរ» នឹងធ្វើឲ្យភ្ញៀវទេសចរ មានអារម្មណ៍ស្ញប់ស្ញែងភាពអច្ឆរិយ អស្ចារ្យ នៃទឹកដីអង្គរខ្មែរ
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងថា តាមរយៈខ្លឹមសារ នៃសៀវភៅ «លើសពីអង្គរ» នឹងធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍ស្ញប់ស្ញែងស្ងើចសរសើរដល់ភាពអច្ឆរិយ និងអស្ចារ្យ នៃទឹកដីអង្គរខ្មែរ។

ការលើកឡើងនេះ ក្នុងឱកាស លោក នេត្រ ភក្ត្រា ទទួលជួបសំណេះសំណាលជាមួយ លោក គី សុខលីម សហស្ថាបនិក និងជាប្រធានក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ កាលពីព្រឹកថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៥ នាទីស្ដីការក្រសួង។

នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានគាំទ្រ និងជំរុញលើកទឹកចិត្តដល់ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ បន្តចងក្រងវណ្ណកម្មថ្មីៗ មានភាពលម្អិតស៊ីជម្រៅបន្ថែមទៀត ដែលបង្ហាញពីវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់រស់រវើករបស់ប្រជាពលរដ្ឋ និងតំបន់អង្គរ ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍។

លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ការចងក្រងជាសៀវភៅ «លើសពីអង្គរ» គឺដើម្បីរក្សាទុកនូវអ្វីៗ ដែលខ្មែរមានសម្រាប់បង្ហាញជូនដល់ភ្ញៀវទេសចរបានដឹងបានយល់បន្ថែមទៀតអំពីវប្បធម៌រស់នៅជុំវិញអង្គរ យល់ដឹងនូវអ្វីដែលជាប្រពៃណីទំនៀមទម្លាប់រស់នៅតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ហើយវប្បធម៌ប្រពៃណីទាំងនោះ នៅតែរស់រវើកជាមួយសាសនា ប្រពៃណី ទំនៀមទម្លាប់ ដែលប្រជាជនអង្គររស់នៅទីនោះ។

លោក នេត្រ ភក្ត្រា ចាត់ទុកស្នាដៃសៀវភៅ «លើសពីអង្គរ» ដែលរៀបចំចងក្រងឡើងដោយក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ គឺជាវណ្ណកម្មថ្មីទៀត បង្ហាញពីវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់រស់រវើករបស់ពលរដ្ឋ និងតំបន់អង្គរ ដែលជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍។

លោក នេត្រ ភក្ត្រា លើកឡើងថា «តាមរយៈខ្លឹមសារ នៃសៀវភៅ «លើសពីអង្គរ» នេះដែរ ក៏នឹងជួយឲ្យភ្ញៀវទេសចរយល់ដឹងពីវប្បធម៌រស់ មរតករស់ ប្រពៃណី ទំនៀមទម្លាប់ សាសនារស់រវើកនៅតំបន់អង្គរ ហើយនៅពេលដែលភ្ញៀវទេសចរយល់ដឹងពីរឿងរ៉ាវទាំងនោះ ទើបធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍ស្ញប់ស្ញែង និងស្ងើចសរសើរដល់ភាពអច្ឆរិយ និងភាពអស្ចារ្យ នៃទឹកដីអង្គរខ្មែរយើង»។
លោករដ្ឋមន្ត្រី លើកឡើងបន្តថា កន្លងមកមានមតិជាច្រើនបានបង្ហាញថា នៅពេលមកដើរកម្សាន្តនៅតំបន់ប្រាសាទ លើទឹកដីអង្គរ គឺបានត្រឹមតែមើលថ្មប្រាសាទប៉ុណ្ណោះ ហើយទាល់តែចេះនិយាយជាមួយថ្ម ទើបអាចយល់ពីអត្ថន័យប្រាសាទ។ ត្រង់ចំណុចនេះ លោកបានគូសបញ្ជាក់ថា ការចងក្រងសៀវភៅពីតំបន់អង្គរឲ្យបានច្រើន នឹងជួយឲ្យភ្ញៀវទេសចរយល់ពីតម្លៃថ្មប្រាសាទទាំងនេះ ហើយនៅពេលពលរដ្ឋយល់ពីតម្លៃ នៃថ្មប្រាសាទហើយ ទើបអាចនិយាយជាមួយថ្មប្រាសាទបាន។
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានស្នើដល់ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ ធ្វើការបកប្រែជាភាសាអង់គ្លេស ភាសាបារាំង ចិន ឬភាសាផ្សេងៗ ទៀត ដែលភ្ញៀវទេសចរប្រើប្រាស់ច្រើន ដើម្បីឲ្យភ្ញៀវទេសចរបានអាន យល់ដឹងជាជាងមើលតែពីប្រវត្តិសាស្ត្រ ត្រូវធ្វើឲ្យយល់បន្ថែមទៀតពីប្រពៃណី ទំនៀមទម្លាប់ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងការថែរក្សាបេតិកភណ្ឌឲ្យរស់រវើកនៅក្នុងដួងចិត្តរបស់អ្នកទស្សនា។
គួរជម្រាបថា តាមការបញ្ជាក់របស់ លោក គី សុខលីម សៀវភៅ «លើសពីអង្គរ» ជាវណ្ណកម្មមួយ ដែលចង់បង្ហាញពីគុណសម្បត្តិ នៃធម្មជាតិជីវចម្រុះ លើសពីប្រាសាទដែលមនុស្សទូទៅធ្លាប់បានដឹង និងបានស្គាល់តាមរយៈសៀវភៅ និងអត្ថបទស្រាវជ្រាវនានាកន្លងមក។ ជាពិសេសប្រព័ន្ធគមនាគមន៍បុរាណ ទាំងផ្លូវទឹក និងផ្លូវគោក ក៏ដូចជាវប្បធម៌ ប្រពៃណីទំនៀមទម្លាប់បុរាណ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមក ហើយត្រូវបានពលរដ្ឋលើទឹកដីអង្គរថែរក្សា និងប្រកាន់ខ្ជាប់មកដល់បច្ចុប្បន្ន។ ព្រៃឈើ ទឹកស្ទឹង បឹងបួ ផ្លូវបុរាណ ដុំថ្ម បាតុភូតធម្មជាតិ ពិធីចាប់ត្រី ពិធីសុំទឹកភ្លៀង ទំនៀមទម្លាប់ និងភូមិឋាន គឺជាតួអង្គសំខាន់នៅក្នុងសៀវភៅមួយក្បាលនេះ។ តួអង្គទាំងនេះ ត្រូវបានមនុស្សទូទៅមើលឃើញ និងឲ្យតម្លៃក្នុងរូបភាពធម្មតា ប៉ុន្តែតួអង្គទាំងនេះ មិនធម្មតាដូចមនុស្សទូទៅគិតឡើយ។ តួអង្គទាំងនេះហើយ គឺជាអ្នករួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសម័យអង្គរដ៏រុងរឿង។
សូមបញ្ជាក់ថា ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ បានជូនសៀវភៅ «លើសពីអង្គរ» និង «អ្នកថែអង្គរ» ចំនួន ១៥ ក្បាល ដល់ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ហើយជាការគាំទ្រដល់ស្នាដៃទាំងនេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានជួយជាវសៀវភៅ «លើសពីអង្គរ» ចំនួន ១០០ ក្បាល ថែមទៀតផងដែរ៕
អត្ថបទ ៖ ពិសី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


