ព័ត៌មានជាតិ
និស្សិតកម្ពុជា៣៤រូប ជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន
និស្សិតប្រុសស្រីរបស់កម្ពុជាចំនួន៣៤រូប បានជាប់អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំនេះ ក្រោយឆ្លងកាត់ការប្រឡង និងសម្ភាសន៍ជ្រើសរើសយ៉ាងតឹងរឹងពីរដ្ឋាភិបាលជប៉ុន។និស្សិតជាប់អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៥នេះ មាន ៤កម្រិត គឺថ្នាក់ក្រោយឧត្តមសិក្សា ថ្នាក់ឧត្ដមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ។

មុនចេញដំណើរទៅប្រទេសជប៉ុន ក្នុងពេលឆាប់ៗខាងមុខនេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏បានរៀបចំពិធីជូនដំណើរនិស្សិតទាំង៣៤រូប នៅល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ។

ពិធីជូនដំណើរនិស្សិត រៀបចំឡើងក្រោមវត្តមានរបស់លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា,លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ,លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក វ៉ា កូរ៉ា ប្រធានសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន និងវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប។

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី អបអរសាទរចំពោះនិស្សិតទាំង៣៤រូប ដែលបានជាប់អាហារូបករណ៍ ក្រោយឆ្លងកាត់ដំណាក់កាលប្រឡង និងសម្ភាសន៍ជាបន្តបន្ទាប់យ៉ាងស្វិតស្វាញ ហើយក៏បានថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ ព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការនានាតាំងពីដើមរហូតដល់ពេលនេះ។

លោកទូតជប៉ុន ជឿជាក់ថា ការណ៍ដែលនិស្សិតអាហារូបករណ៍ថ្មីទាំង៣៤រូប ត្រូវឃ្លាតឆ្ងាយពីផ្ទះកំណើត ច្បាស់ណាស់នឹងមានអារម្មណ៍រំភើបលាយភ័យដោយសារត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ មិត្តភក្តិ ហើយត្រូវចាប់ផ្ដើមជីវិតថ្មី និងនៅកន្លែងថ្មីដែលមិនធ្លាប់រស់នៅពីមុនមក។ លោកឯកអគ្គរាជទូត បន្តថា ការចំណាយពេលវេលានៅប្រទេសជប៉ុនជាមួយនឹងមិត្តភក្តិជាច្រើនមកពីគ្រប់ទិសទី និងចូលរួមការប្រកួតប្រជែងនានា នឹងក្លាយជាបទពិសោធន៍ដែលមានតម្លៃមួយក្នុងជីវិតរបស់និស្សិត ហើយលោក សង្ឃឹមថា និស្សិតកម្ពុជា នឹងប្រើប្រាស់ចំណេះដឹងដែល បានរៀននៅប្រទេសជប៉ុន ជាផលប្រយោជន៍ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ក្នុងវិស័យរៀងៗខ្លួននៅកម្ពុជា និងបន្តពង្រឹងមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរនាពេលអនាគត ដូចដែលរៀមច្បងដែលជាអតីតនិស្សិតខ្មែរពីប្រទេសជប៉ុនបានអនុវត្តយ៉ាងសកម្ម។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក សាន វឌ្ឍនា អបអរសាទរចំពោះនិស្សិតដែលបានប្រលងជាប់អាហារូបការណ៏បន្តការសិក្សា នៅប្រទេសជប៉ុន ដែលនឹងផ្តល់នូវការយ៉ាងធំធេងសម្រាប់ជីវិត ពិសេសជំនាញ និងសមត្ថភាពត្រលប់មកជួយអភិវឌ្ឍប្រទេសជាតិ។ លោករដ្ឋលេខាធិការ បានជម្រុញឲ្យនិស្សិតអាហារូបការណ៏ទាំងអស់ប្រឹងប្រែងសិក្សា រៀនសូត្រ រៀនពីជីវិត វប្បធម៌ និងការរស់នៅប្រទេសជប៉ុន និងចែករំលែកវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់កម្ពុជាទៅកាន់ប្រទេសជប៉ុន ដើម្បីជាស្ពាន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក មិនភ្លេចអរគុណរដ្ឋាភិបាលជប៉ុន ដែលតែងផ្តល់អាហារូបករណ៏ដល់និស្សិតវ័យក្មេងរបស់កម្ពុជា ដើម្បីបានបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗនៅប្រទេសជប៉ុន ដែលបានរួម ចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។

គួរឱ្យដឹងថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មកដល់បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុន បានផ្តល់អាហារូបករណ៍សម្រាប់យុវជនកម្ពុជាជាង១ ៥០០នាក់ ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា តែងតែធ្វើពិធីជូនដំណើរនិស្សិតដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ពោលកាលពីឆ្នាំ២០២៤ កន្លងទៅស្ថានទូតបានរៀបចំជូនដំណើរនិស្សិតចំនួន៣៤រូប ឯកាលពីឆ្នាំ២០២៣ ក៏ធ្លាប់រៀបចំពិធីជូនដំណើរនិស្សិតចំនួន២៤រូប៕
ដោយ៖ង៉ិល ណារ៉ាត់



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


