Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ​ កំពុង​បង្កើត​កម្លាំង​ពលកម្ម​ជំនាញ​លើ​វិស័យ​បច្ចេកទេស, ​ឧស្សាហកម្ម ជា​ពិសេស​ការ​ពង្រឹងលើវិស័យ​TVET

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីគន្លឹះសំខាន់ៗនៃកំណែទម្រង់ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពោលគឺដើម្បីបង្កើតកម្លាំងពលកម្មជំនាញ ដែលជាអាទិភាពរបស់កម្ពុជា ក្នុងការទាក់ទាញការ​វិនិយោគ និង​ជំរុញ​ផលិត​ភាព​នៃកម្លាំងពលកម្មដែលជាធនធានមានសមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

ទន្ទឹម​នេះ លោក​រដ្ឋមន្ត្រី បានលើកឡើងអំពីអាទិភាពដែលក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើការដើម្បីបង្កើតកម្លាំងពលកម្មជំនាញ ជាពិសេសការពង្រឹងលើវិស័យ TVET និងការបណ្តុះបណ្តាលជំនាញពាក់ព័ន្ធនឹង វិស័យបច្ចេកទេស ឧស្សាហកម្ម ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការ​គូស​បញ្ជាក់​នូវ​គន្លឹះ​សំខាន់ៗនេះ គឺ​នៅ​ក្នុងឱកាសដែល​លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ស្តីពី   “បញ្ហាប្រឈមនៃរចនាសម្ព័ន្ធ និង​របៀបវារៈ​កំណែ​ទម្រង់​បន្ទាន់​សម្រាប់​កំណើន​រយៈពេលវែងដោយគុណភាព” នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានវត្តមានរបស់ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា ជាប្រធានវគ្គពិភាក្សា រួមជាមួយវាគ្មិនផ្សេងទៀត គឺ​លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ, លោកជំទាវឧកញ៉ា កែវ មុំ ស្ថាបនិកក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី, សាស្ត្រាចារ្យ Yasuyuki Sawada សាស្ត្រាចារ្យនៃសាកលវិទ្យាល័យតូក្យូ និងជាអតីតប្រធានសេដ្ឋវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ី, លោកបណ្ឌិត សុង សុភក្តិ នាយកប្រតិបត្តិរង និងអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន CDRI។

កិច្ចពិភាក្សានេះ គឺជាផ្នែកសំខាន់មួយនៃសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តភាព» ដែលរៀបចំឡើងដោយ វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) សហការជាមួយស្ថានទូតអូស្ត្រាលីនៅកម្ពុជា និងកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។

គោលបំណងចម្បងនៃសន្និសីទ​ឆ្នាំ​នេះ គឺ​ដើម្បី​ធ្វើ​ការ​វាយតម្លៃពីភាពខ្លាំង និងភាពខ្សោយនៃសមិទ្ធកម្មសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន ដើម្បីកំណត់ទិដ្ឋភាព សំខាន់ៗដែលចាំបាច់ត្រូវកែលម្អ ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា ដោយមានការសម្របសម្រួលកិច្ចសន្ទនាក្នុងចំណោមអ្នកជំនាញជាន់ខ្ពស់ដើម្បីយល់ឱ្យកាន់តែច្បាស់អំពីបញ្ហាប្រឈមចំពោះមុខ និងកាលានុវត្តភាព ដើម្បីជួយកម្ពុជា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុង​បរិការណ៍​នៃ​ស្ថានភាព​ដែល​មាន​ភាព​មិនច្បាស់លាស់ដែលអាចប៉ះពាល់ដល់គន្លងនៃការអភិវឌ្ឍនាពេលអនាគតនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម