ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃគ្រោងប្ដូរពន្ធនាគារខេត្តកណ្ដាលទៅកន្លែងថ្មីដើម្បីដោះស្រាយភាពចង្អៀតណែន
អគ្គនាយកដ្ឋានពន្ធនាគារបានស្នើសុំដោះដូរទីតាំងពន្ធនាគារខេត្តកណ្ដាលទៅកាន់ទីតាំងថ្មី ស្របពេលដែលពន្ធនាគារនេះមានសភាពចង្អៀតណែន។ ការដោះដូរទៅកាន់ទីតាំងថ្មីនេះត្រូវបានឱ្យដឹងតាមរយៈកិច្ចប្រជុំមួយរវាងអគ្គនាយកដ្ឋានពន្ធនាគារ ជាមួយអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែមីនាកន្លងទៅ។

កម្ពុជាថ្មីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក ឃៀង សុណាឌីន ដើម្បីសុំព័ត៌មានលម្អិតបាននៅឡើយទេ តែប្រភពគួរឱ្យទុកចិត្តបានឱ្យដឹងថាពន្ធនាគារខេត្តកណ្ដាល និងដោះដូរជាមួយមជ្ឈមណ្ឌលជាតិព្យាបាល និងស្ថារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មានទីតាំងស្ថិតនៅក្នុងភូមិបាគូរ ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដែលធំជាងពន្ធនាគារបច្ចុប្បន្ន។

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានឱ្យកម្ពុជាថ្មីដឹងថាពិតជាមានគម្រោងដោះដូរនេះមែន ដើម្បីដោះស្រាយភាពចង្អៀតណែននៅពន្ធនាគារខេត្តកណ្ដាល។ ទោះជាយ៉ាងណាលោកមិនទាន់អាចបញ្ជាក់ថាពេលណានឹងអាចដោះដូរនៅឡើយទេដោយរង់ចាំការសម្រេចរបស់រាជរដ្ឋាភិបាល។
លោកថា៖ «យើងមានជាគោលការណ៍ បានឯកភាពគ្នាដើម្បីដោះស្រាយភាពចង្អៀតណែនតាមពន្ធនាគារ»។
របាយការណ៍របស់អង្គការលីកាដូចេញកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះឱ្យដឹងថាពន្ធនាគារខេត្តកណ្តាល គឺជាពន្ធនាគារ ដែលមានភាពចង្អៀតណែនជាងគេ ដោយមានជនជាប់ឃុំជាង ៣៩០០នាក់ នៅក្នុងទំហំពន្ធនាគារ ដែលអាចដាក់បានត្រឹមតែ៦០០នាក់ ដែលធ្វើឱ្យពន្ធនាគារនេះ មានអត្រាដាក់ជនជាប់ឃុំដល់ទៅជាង៦៥០%។

កន្លងទៅដោយសារភាពចង្អៀតណែន ពន្ធនាគារខេត្តកណ្ដាលបានផ្ទេរអ្នកទោសទៅកាន់មណ្ឌលយុវនីតិសម្បទានក្នុងខេត្ត ឬពន្ធនាគារផ្សេងដើម្បីដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារនេះ។
នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ថាការផ្លាស់ប្ដូរទៅកាន់ទីតាំងដែលធំទូលាយគឺបានជួយកាត់បន្ថយនូវបញ្ហាដែលពន្ធនាគារខេត្តកណ្ដាលជួបប្រទះដែរ ទោះជាយ៉ាងណាលោកថាការកាត់បន្ថយភាពចង្អៀតណែនដោយដូរទីតាំងនេះមិនមែនជាដំណោះស្រាយយូរអង្វែងនោះទេ ដោយជំរុញដល់គ្រប់ភាគីពាក់ព័ន្ធពិនិត្យនូវវិធានការច្បាប់ផ្សេងដែលមានស្រាប់វិញ។
លោកថា៖ «ឥឡូវនេះខ្ញុំក៏បានឃើញក្រសួងយុត្តិធម៌លោកក៏បានប្រកាសដែរពីការអនុវត្តន៍ទោសការងារសហគមន៍ ព្រោះកន្លងមកយើងអត់បានអនុវត្តន៍។ អ៉ីចឹងទោសខ្លះត្រូវអនុវត្តន៍ទោសការងារសហគមន៍ រៀបចំនីតិវិធីនិងការរៀបចំក្នុងការអនុវត្តទៅ ហើយទោសផ្សេងទៀតដែលអនុវត្តឱ្យនៅក្រៅឃុំបានគួរតែជ្រើសរើស ហើយមួយទៀតគឺការឃុំខ្លួនបណ្ដោះអាសន្នគួរតែជម្រើសចុងក្រោយតាមនីតិវិធីតាមផ្លូវច្បាប់»។
មជ្ឈមណ្ឌលជាតិព្យាបាល និងស្ថារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មានទីតាំងស្ថិតនៅក្នុងភូមិបាគូរ ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដែលបានសាងសង់លើទំហំផ្ទៃដី ៤៨ ៨៣០ម៉ែត្រការ៉េ និងមានអគារសរុបចំនួន ១៥ខ្នង និងកំពុងរៀបចំធ្វើឱ្យស្របតាមស្ដង់ដាពន្ធនាគារ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


