ព័ត៌មានជាតិ
អភិបាលរងខេត្តក្រចេះ ណែនាំម្ចាស់អាជីវកម្មដឹកដី ខ្សាច់ ត្រូវពិនិត្យលើការដឹកជញ្ជូនឱ្យស្របតាមច្បាប់ចៀសវាងប៉ះពាល់អ្នកដំណើរ
លោក សួស សេរីសួស្ដី អភិបាលរងខេត្តក្រចេះ បានណែនាំដល់ម្ចាស់អាជីវកម្មដឹកដី ដឹកក្រួស និងខ្សាច់ទាំងអស់ ត្រូវពិនិត្យលើការដឹកជញ្ជូនឱ្យបានត្រឹមត្រូវ ចៀសវាងមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅតាមដងផ្លូវ។ នេះបើតាមទំព័រហ្វេសប៊ុក របស់រដ្ឋបាលខេត្តក្រចេះ។

ការលើកឡើងនេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាស លោក សួស សេរីសួស្តី ជាអធិបតីវេទិកាសាធារណៈដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ធ្វើអាជីវកម្មក្រួស និងខ្សាច់សំណង់ តាមដងទន្លេមេគង្គលើ ក្នុងស្រុកសំបូរ ខេត្តក្រចេះ ។ វេទិកានេះ រៀបចំឡើងដោយរដ្ឋបាលខេត្តក្រចេះ សហការជាមួយក្រសួងរ៉ែ និងថាមពល និងមានការចូលរួមពីលោក កែវ ទួត អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ ភាគីពាក់ព័ន្ធ និងពលរដ្ឋ ប្រមាណជាង ៩០នាក់។
បើតាមផេករដ្ឋបាលខេត្តក្រចេះ លោក សួស សេរីសួស្ដី បានរម្លឹក និងណែនាំ ដល់ម្ចាស់អាជីវកម្មដឹកដី ដឹកក្រួសខ្សាច់ទាំងអស់៖ “ត្រូវត្រួតពិនិត្យលើការដឹកជញ្ជូន ត្រូវធ្វើយ៉ាងណាឱ្យស្របច្បាប់ គោរពឱ្យបានតាមកិច្ចសន្យាឱ្យបានត្រឹមត្រូវ ស្តាប់ការណែនាំរបស់អាជ្ញាធរ ចៀសវាងការប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ” ។

លោកក៏បានបញ្ជាក់ថា ៖ “ខេត្តក្រចេះ មានសក្តានុពលលើវិស័យធនធានធម្មជាតិរ៉ែ ថ្មអារ ស្ថិតនៅភូមិសាស្ត្រស្រុកស្នួល ស្រុកសំបូរ ស្រុកចិត្របុរី និងស្រុកអូរគ្រៀងសែនជ័យ ។ ជាក់ស្តែង ក្នុងភូមិសាស្រ្តស្រុកសំបូរ ពុំទាន់មានអាជ្ញាបណ្ណធ្វើអាជីវកម្មក្រួស និងខ្សាច់សំណង់ នៅឡើយទេ ដើម្បីបំពេញតម្រូវការក្រួស ខ្សាច់សំណង់ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកសំបូរ រដ្ឋបាលខេត្តបានដឹកនាំ ជំរុញ និងណែនាំដល់មន្ទីររ៉ែ និងថាមពលខេត្ត ដើម្បីទាក់ទាញសហគ្រាសមកវិនិយោគ” ។

ជាមួយគ្នានេះ លោក កែវ ទួត អគ្គនាយករងធនធានរ៉ែ បានលើកឡើងពីអត្ថប្រយោជន៍នៃការធ្វើអាជីវកម្មនេះ អាជីវកម្មនេះ ជួយស្ដារបាតទន្លេឱ្យបានជ្រៅ ដើម្បីជួយសម្រួលចរន្តទឹកឱ្យហូរចំកណ្ដាលទន្លេ បញ្ចៀសហានិភ័យបាក់ច្រាំងទន្លេទាញយកធនធានរ៉ែខ្សាច់ដើម្បីប្រើប្រាស់បម្រើឱ្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ។ បន្ថែមពីនេះ ក៏ជួយបង្កើនចំណូលថវិកាជាតិពីធនធានរ៉ែខ្សាច់ និង បញ្ចៀសការលួចធ្វើអាជីវកម្មបូមខ្សាច់អនាធិបតេយ្យដែលធ្វើឱ្យបាត់បង់ចំណូលថវិកាជាតិ។ លោកបន្តថា អាជីវកម្មនេះ ក៏បានបង្កើតការងារឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ ចំពោះ ទីផ្សារខ្សាច់មានការប្រកួតប្រជែងដែលអាចធ្វើឱ្យតម្លៃលក់សមរម្យ ជួយសម្រាលដល់ការ ចំណាយលើតម្រូវការផលិតផលរ៉ែខ្សាច់របស់ប្រជាពលរដ្ឋក្នុងតំបន់ ៕



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?