Connect with us

ព័ត៌មានជាតិ

ចូលឆ្នាំខ្មែរ! តើពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច សិរីសួស្តីនៅត្រង់ណាខ្លះ?

បានផុស

នៅ

បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ ដែលប្រជាជននៅក្នុងប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ពិធីនេះ ត្រូវបានប្រារព្ធក្នុងរយៈពេល ៣ថ្ងៃ។ ថ្ងៃទី១ ត្រូវបានហៅថាជា ថ្ងៃមហាសង្រ្កាន្ត ថ្ងៃទី២ ជាថ្ងៃ វារៈវ័នបត និងថ្ងៃទី៣ ជាថ្ងៃ វារៈឡើងស័ក។ រីឯសិរី៣ប្រការនៃពិធីបុណ្យចូលឆ្នាំ សំដៅលើសិរីសួស្តីពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច។ តើវេលាពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច សិរីសួស្តីនៅត្រង់ណាខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមជំនឿ វេលាពេលព្រឹក សិរីសួស្តី ស្ថិនៅលើផ្ទៃមុខ។ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ។ ពេលថ្ងៃត្រង់ សិរីស្ថិតនៅនៅលើទ្រូង។ ហេតុនោះ ទើបមនុស្សត្រូវយកទឹកលាងទ្រូង។ ចំណែកពេលល្ងាច សិរីស្ថិតនៅត្រង់ជើង។ នោះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង។

គួររម្លឹកថា ពិធីបុណ្យចូលឆ្នាំប្រព្រឹត្ដទៅ ៣ថ្ងៃ គឺនៅថ្ងៃទី ១៣, ១៤, ឬ ១៥ ខែ មេសា ឆ្នាំខ្លះមានរហូតដល់ ៤ថ្ងៃ ព្រោះជារដូវកាលដែលប្រជាជនខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ និងដំណាំកសិកម្មផ្សេងៗ។ មុនពេលប្រារព្ធ ពិធីបុណ្យចូលឆ្នាំ ១ ឬ ២ ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នា សំអាត តុបតែងផ្ទះសម្បែង និង រៀបចំគ្រឿងសម្ភារៈផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។

ចូលដល់ថ្ងៃទី១ នៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែលក្នុងប្រពៃណីខ្មែរតែងហៅថ្ងៃនោះថាជា ថ្ងៃមហាសង្រ្កាន្ត (Sankranti) ប្រជាពលរដ្ឋខ្មែរដែលកាន់ជំនឿតាមព្រះពុទ្ធសាសនា បានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និងមានតុបតែងលម្អដោយភ្លើងចម្រុះពណ៌តាមផ្ទះរបស់ពួកគេ។ គ្រឿងរណ្ដាប់ មានដូចជា ទឹកផ្ដិលអប់ដោយផ្កា, ទៀន ៥,  ធូប ៥, ផ្កាភ្ញី, ភេសជ្ជៈ, និង នំចំណី, ផ្លែឈើជាច្រើន។ល។ បន្ទាប់មកពួកគេនឹងធ្វើការសែនព្រេន ដោយមានអុជធូប និង ទៀន តាមគេហដ្ឋានរបស់ខ្លួន។ នៅពេលដល់កំណត់ថាទេវតាឆ្នាំថ្មី យាងចុះមកប្រសិទ្ធិពរជ័យ សិរីសួស្ដី ដើម្បីឱ្យពួកគេទទួលបានសេចក្ដីសុខពេញមួយឆ្នាំ។

ចូលថ្ងៃទី២ នៃបុណ្យចូលឆ្នាំខ្មែរគេហៅថ្ងៃនោះថាជា វារៈវ័នបត ប្រជាជននាំគ្នាទៅវត្ដអារាមដើម្បីយក ចង្ហាន់ នំចំណី ផ្លែឈើ ទៅប្រគេនព្រះសង្ឃ។ លើសពីនេះទៅទៀត ក៏មានការរៀបចំលេងល្បែងប្រជាប្រិយ ដូចជា ចោលឈូង បោះអង្គញ់ លាក់កន្សែង និងមានការច្រៀងរាំបទចម្រៀងប្រពៃណី ផងដែរ នៅតាមវត្ដអារាម និង តាមបណ្ដាតំបន់នានានៅក្នុងប្រទេសកម្ពុជា។

ចំណេកថ្ងៃទី៣ ជាថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំ គេហៅថា វារៈឡើងស័ក ឬថ្ងៃឆ្លង។ នៅថ្ងៃនោះ គេតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធ នៅតាមវត្ដអារាម ដើម្បីសុំសេចក្ដីសុខ ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម