ព័ត៌មានជាតិ
ប្រធានាធិបតីចិន ស៊ី ជីន ពីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី១៧-១៨ ខែមេសា
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចេញនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នេះ។

តាមក្រសួងការបរទេស ក្នុងដំណើរទស្សនកិច្ចពីរថ្ងៃនៅកម្ពុជា ប្រធានាធិបតី ស៊ី ជីនពីង នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ប្រធានាធិបតីចិនរូបនេះ នឹងជួបពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហា តំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។
ក្រសួងការបរទេស ចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់ នៃប្រទេស ទាំងពីរ។ ទស្សនកិច្ចនេះក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិទាំងពីរ។

ក្រសួងការបរទេស រំពឹងថាឯកសារជាច្រើន នឹងត្រូវបានចុះហត្ថលេខា ក្នុងឱកាសទស្សនកិច្ចនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានា។
កាលពីថ្ងៃទី០៣ ខែមេសា ក្នុងពេលជួបជាមួយកងកម្លាំងក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ លោក ស ថេត មេប៉ូលិសជាតិ ក៏បានប្រាប់ឱ្យកងកម្លាំងត្រៀមការពារសុវត្ថិភាពក្នុងកម្រិតខ្ពស់ដល់គណៈប្រតិភូដែលបំពេញទស្សនកិច្ចនៅកម្ពុជារួចមកហើយផងដែរ។
កម្ពុជា និងចិនបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមានតាំងពីសតវត្សរ៍ទី១៣មកម្ល៉េះ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ក្នុងនាមជាប្រទេសជិតខាង និងដៃគូជិតស្និទ្ធជាប្រពៃណី កម្ពុជា និងចិនបានបង្កើត និងថ្នមថែចំណងមិត្តភាព «ដែកថែប» ដែលមិនអាចបំបែកបានដែលបានឆ្លងកាត់ការសាកល្បងនិងការលំបាកជាប្រវត្តិសាស្ត្រជាច្រើន។ទំនាក់ទំនងដ៏យូរអង្វែងនេះបានវិវត្តទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលសម្គាល់ដោយការគោរពគ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ប្រទេសចិន ត្រូវបានគេមើលឃើញថា ក្លាយជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់បំផុតរបស់កម្ពុជា ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការវិនិយោគយ៉ាងច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការវិនិយោគលើវិស័យផ្សេងៗទៀត។ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) បានពង្រឹងភាពជាដៃគូនេះបន្ថែមទៀត ដោយជួយសម្រួលដល់ការធ្វើទំនើបកម្មនៃបណ្តាញដឹកជញ្ជូន វិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៃប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន កាលពីនៅជានាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានបំពេញទស្សនកិច្ចទាំងទស្សនកិច្ចការងារ និងទស្សនកិច្ចផ្លូវការជាង១០លើកនៅប្រទេសចិន។ អ្វីដែលជាស្មារតីមិនបោះបង់ចោលគ្នាក្នុងគ្រាអាសន្ន ចំពេលចិនផ្ទុះកូវីដដំបូង សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់ប្រទេសចិន ស្របពេលពិភពលោកខ្លាចកូវីដ១៩។ ទោះបីជាលែងធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា ក៏ដោយ ក៏សម្ដេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចការងារចូលរួមវេទិកាបូអាវនៅប្រទេសចិនកាលពីចុងខែមីនា ឆ្នាំ២០២៤ជាថ្មីម្ដងទៀត។
សម្រាប់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេនរបស់កម្ពុជា បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ជាផ្លូវការកាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ ក៏បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងជួបជាមួយលោក ស៊ី ជីនពីង ជាលើកដំបូងនៅពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៣ រយៈពេលជាង៣សប្ដាហ៍ប៉ុណ្ណោះ។

បើនិយាយពីលោក ស៊ី ជីន ពីង ប្រធានាធិបតីចិនរូបនេះ ធ្លាប់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ជាលើកដំបូងនៅក្នុងឆ្នាំ២០១៦។ ដំណើរទស្សនកិច្ចនៅកម្ពុជាកាលណោះ លោក ស៊ី ជីនពីង មេដឹកនាំប្រទេសមហាអំណាចចិន ចុះហត្ថលេខាចំនួន៣១ ឯកសារដើម្បីជួយអភិវឌ្ឍន៍កម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន