ព័ត៌មានជាតិ
គិតត្រឹមឆ្នាំ ២០២៥ សាធារណរដ្ឋកូរ៉េ បានបញ្ជូនអ្នកស្ម័គ្រចិត្តជាង ១ ពាន់នាក់ មកជួយពង្រឹងសមត្ថភាពស្ថាប័ននៅកម្ពុជា
គិតត្រឹមឆ្នាំ ២០២៥ នេះ សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ប្រចាំប្រទេសកម្ពុជា បានបញ្ជូនអ្នកស្ម័គ្រចិត្តប្រមាណជាង ១ ពាន់នាក់ មកជួយពង្រឹងសមត្ថភាពស្ថាប័ននៅកម្ពុជា ក្នុងនោះរួមមាន វិស័យអប់រំ វិស័យថែទាំសុខភាព និងការអភិវឌ្ឍជនបទ។

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃស្ថាប័នអ្នកស្ម័គ្រចិត្តកូរ៉េ ឆ្នាំ ២០២៥ កាលពីថ្ងៃទី ៩ ឧសភា លោកស្រី ឆយ មូនជុង នាយកប្រចាំប្រទេស នៃការិយាល័យកយកា បានមានប្រសាសន៍ថា ចាប់តាំងពីមានវត្តមាន កម្មវិធីអ្នកស្ម័គ្រចិត្តកូរ៉េនៅកម្ពុជា ជាលើកដំបូងក្នុងឆ្នាំ ២០០៣ កម្មវិធីនេះបានរីកចម្រើនយ៉ាងខ្លាំង ដោយរហូតមកដល់បច្ចុប្បន្នអ្នកស្ម័គ្រចិត្តកូរ៉េសរុបប្រហែល ១,១០៣ នាក់ បានបញ្ជូនមកកម្ពុជា ខណៈបច្ចុប្បន្ននេះ អ្នកស្ម័គ្រចិត្តកូរ៉េ ចំនួន ១៧ នាក់ កំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យដូចជា សារព័ត៌មាន និងការផ្សាយ បច្ចេកវិទ្យារថយន្ត ការអប់រំភាសាកូរ៉េ ការអប់រំកុមារតូច និងព័ត៌មានវិទ្យា។ លើសពីនេះ អ្នកស្ម័គ្រចិត្តក្រុមគម្រោងចំនួន ១៣ នាក់ កំពុងបម្រើការក្នុងផ្នែកថែទាំសុខភាព និងការអប់រំ។

លោកស្រី ឆយ មូនជុង ក៏បានលើកឡើងពីសមិទ្ធផលដ៏ល្អក្នុងឆ្នាំ ២០២៤ រួមទាំងការវាយតម្លៃពេញចិត្តពីស្ថាប័នដៃគូ និងគម្រោងដែលមានឥទ្ធិពលដូចជាយុទ្ធនាការ “Clean Up Cambodia” និងសកម្មភាពសង្គមក្នុងខេត្តកំពង់ឆ្នាំង ដែលបានផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាង ៥,៨០០ នាក់។

លោកស្រី ក៏បានណែនាំកម្មវិធីអ្នកស្ម័គ្រចិត្តគម្រោងថ្មីនៅមន្ទីរពេទ្យកុមារជាតិ ជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ កយកា ក្នុងការពង្រីកភាពជាដៃគូ និងពង្រឹងតួនាទីអ្នកស្ម័គ្រចិត្តក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។
លោកស្រី ផាណា វ៉ឺនីដា អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់របស់អ្នកស្ម័គ្រចិត្តកូរ៉េជាង ១,១0៣ នាក់ ក្នុងការពង្រឹងសមត្ថភាពស្ថាប័នក្នុងការអប់រំ វិស័យថែទាំសុខភាព និងការអភិវឌ្ឍជនបទជាមួយគ្នា ផលវិជ្ជមានលើធនធានមនុស្ស ការផ្តល់សេវាកម្ម និងការពង្រឹងសហគមន៍។

លោកស្រី បានលើកទឹកចិត្តដល់ការបន្តពង្រីកកម្មវិធីអ្នកស្ម័គ្រចិត្ត ដើម្បីគាំទ្រដល់ចក្ខុវិស័យឆ្នាំ ២០៥០ របស់កម្ពុជា ការផ្លាស់ប្តូរឌីជីថល និងអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព។
លោកស្រី ឆយ មូនជុង បានសន្យាថា ការិយាល័យកយកាកម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់ខ្លួន ដើម្បីពង្រីកគម្រោងអ្នកស្ម័គ្រចិត្តដែលមានផលវិជ្ជមានខ្ពស់ និងពង្រឹងបន្ថែមលើកម្មវិធីស្ម័គ្រចិត្ត ដែលជាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងមិត្តភាពកូរ៉េ-កម្ពុជា និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

គួរបញ្ជាក់ថា កិច្ចប្រជុំឆ្នាំនេះផ្តោតលើការពង្រឹងនិរន្តរភាព វិសាលភាព នៃកម្មវិធីស្ម័គ្រចិត្តកូរ៉េ ការពង្រឹងភាពជាដៃគូ និងការវាយតម្លៃពេញចិត្ត ជាមួយស្ថាប័នដៃគូ ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កយកា ចំពោះការសហការនាពេលអនាគតក្នុងការគាំទ្រវិស័យអាទិភាពអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។ លើសពីនេះ ក្នុងការទទួលស្គាល់កិច្ចសហការល្អ ការទំនាក់ទំនងល្អ និងកិច្ចខិតខំប្រឹងប្រែងបន្តរបស់ស្ថាប័នដៃគូ កយកា បានប្រគល់ពានរង្វាន់ដល់ស្ថាប័នឆ្នើមចំនួន ៣ គឺ សាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិមភ្នំពេញ សាកលវិទ្យាល័យជាតិបាត់ដំបង និងមន្ទីរអប់រំខេត្តមានជ័យ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


