ព័ត៌មានជាតិ
មន្ត្រីរដ្ឋាភិបាលកម្ពុជា ១៥ រូប ត្រៀមចេញទៅសិក្សានៅសាធារណរដ្ឋកូរ៉េ ចុងសប្ដាហ៍នេះ
មន្ត្រីរដ្ឋាភិបាលកម្ពុជាមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ និងក្រសួងពាណិជ្ជកម្ម ចំនួន ១៥ រូប គ្រោងនឹងចេញដំណើរទៅបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ ក្នុងកម្មវិធីស្តីពី”ការកសាងសមត្ថភាពសម្រាប់កម្មសិទ្ធិបញ្ញា និងប្រព័ន្ធកម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជាសម្រាប់ឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥”។

នៅក្នុងវគ្គតម្រង់ទិសមុនចេញដំណើរ សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជាមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ និងក្រសួងពាណិជ្ជកម្ម មុនចូលរួមវគ្គបណ្តុះបណ្តាលនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី ២ មិថុនា លោកស្រី សេជីន លី (Ms. Sejin Lee) នាយិការង នៃការិយាល័យកយកា-KOICA ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ នឹងប្រព្រឹត្តទៅនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ ដែលជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការទូលំទូលាយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) ជាមួយកម្ពុជា ដើម្បីពង្រឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតាមរយៈការអភិវឌ្ឍធនធានមនុស្ស ដោយផ្តោតលើការច្នៃប្រឌិត និងសិទ្ធិកម្មសិទ្ធិបញ្ញា។

លោកស្រី បានបន្តថា បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលឆ្នាំទី ១ និងទី ២ កម្មវិធីឆ្នាំនេះ នឹងមានសិក្ខាកាមចូលរួមចំនួន ១៥ នាក់ ដែលនឹងទទួលបានការបណ្ដុះបណ្ដាលជាក់ស្ដែងស្ដីពីម៉ាក (trademarks) ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (geographical indication-GI) គំនូរឧស្សាហកម្ម និងយុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្ម និងការគ្រប់គ្រងបច្ចេកវិទ្យា។ កម្មវិធីនេះ មានគោលបំណងលើកកម្ពស់សមត្ថភាពរបស់កម្ពុជាក្នុងការបង្កើត និងប្រើប្រាស់កម្មសិទ្ធិបញ្ញា(intellectual property-IP) ដោយហេតុនេះគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការបង្កើតឱកាសថ្មីៗ តាមរយៈការការពារប្រកបដោយប្រសិទ្ធភាព និងការអនុវត្ត កម្មសិទ្ធិបញ្ញា។

លោកស្រី សេជីន លី បានអបអរសាទរដល់សិក្ខាកាមចូលរួមទាំងអស់ដែលត្រូវបានជ្រើសរើសឱ្យចូលរួមវគ្គបណ្ដុះបណ្ដាល និងបានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់កម្ពុជា សម្រាប់វឌ្ឍនភាពក្នុងវិស័យកម្មសិទ្ធិបញ្ញា។
លោកស្រី បានបន្ថែមថា គំនិតផ្ដួចផ្ដើមនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលកូរ៉េ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈការពង្រឹងធនធានមនុស្សនៅក្នុងវិស័យសំខាន់នេះ។
លោកស្រី លី ក៏បានកត់សម្គាល់ផងដែរថា កិច្ចសហប្រតិបត្តិការរបស់ កយកា-KOICA ជាមួយកម្ពុជា បានពង្រីកលើសពីកម្មសិទ្ធិបញ្ញា ដោយ កយកា-KOICA បានជួយដល់វិស័យផ្សេងៗ ទៀត រួមទាំង សុខភាពសាធារណៈ ការអប់រំ និងកសិកម្ម។ ចាប់តាំងពីឆ្នាំ ១៩៩៤ មក កយកា-KOICA បាននិងកំពុងផ្តល់ទាំងកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមរយៈកម្មវិធីការកែលម្អសមត្ថភាព និងវឌ្ឍនភាពសម្រាប់ថ្ងៃស្អែក(CIAT) ឬកម្មវិធីបណ្តុះបណ្តាលដល់មន្ត្រីរដ្ឋាភិបាលកម្ពុជានៅទូទាំងវិស័យជាច្រើន។
លោក ពេជ អង្គ ប្រធានក្រុមការងារច្បាប់ពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់អមទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានចូលរួមក្នុងវគ្គតម្រង់ទិសមុនចេញដំណើរក្នុងនាមជាអតីតកម្មសិក្សាការីដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះកាលពីឆ្នាំ ២០២៤។

លោកបានចែករំលែកការឆ្លុះបញ្ចាំងអំពីរបៀបដែលវគ្គបណ្តុះបណ្តាលបានរួមចំណែកដល់ទំនួលខុសត្រូវប្រកបដោយវិជ្ជាជីវៈរបស់គាត់ ហើយបានផ្តល់ដំបូន្មានជាក់ស្តែង និងការលើកទឹកចិត្ត ដោយផ្អែកលើបទពិសោធរស់នៅ និងការសិក្សារបស់គាត់នៅប្រទេសកូរ៉េផងដែរ។
គួរបញ្ជាក់ថា សិក្ខាកាមដែលបានជ្រើសរើស បានបង្ហាញពីការដឹងគុណរបស់ពួកគេចំពោះ កយកា-KOICA និងរដ្ឋាភិបាលកូរ៉េ សម្រាប់ការគាំទ្រ ហើយពួកគេបានបង្ហាញភាពរំភើបរីករាយ និងការប្ដេជ្ញាចិត្ត ដើម្បីលើកកម្ពស់ការកសាងជំនាញវិជ្ជាជីវៈ ដើម្បីធ្វើឱ្យយល់ដឹងកាន់តែទូលំទូលាយនៅក្នុងកម្មវិធីអំពីកម្មសិទ្ធិបញ្ញា និងការទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


