ព័ត៌មានជាតិ
ក្រសួងការពារជាតិស្នើឱ្យចាត់វិធានការលើសកម្មជនប្រឆាំងក្លែងឯកសណ្ឋានកងទ័ព ធ្វើសកម្មភាពបំបាក់ទឹកចិត្តកងទ័ព
ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យ ឈុំ សុជាត បានស្នើឱ្យសមត្ថកិច្ចសហការចាប់ខ្លួន សកម្មជនប្រឆាំងឈ្មោះ អែម ពិសិដ្ឋ កំពុងជ្រកកោននៅប្រទេសថៃ ក្លែងឯកសណ្ឋានកងទ័ព ផលិតវីដេអូ ដែលមានចរិតញុះញង់ បំផ្លាញទឹកចិត្តកងទ័ពក្នុងពេលកម្ពុជាកំពុងប្រឈមនឹងបញ្ហាព្រំដែនជាមួយថៃ។ អ្នកនាំពាក្យក្រសួងការពារជាតិ ស្នើទៅសមត្ថកិច្ចដូច្នេះ បន្ទាប់ពីសង្កេតឃើញថាថ្មីៗនេះ បុគ្គលឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ ក្លែងធ្វើជាទាហានជួរមុខ ដោយផលិតវីដេអូបង្ហោះតាមគណនី TikTok ឈ្មោះ “Amy Richard310” និងហ្វេសប៊ុកឈ្មោះ “Piseth PG EM” ដើម្បីញុះញង់បំបាក់ទឹកចិត្តកងទ័ព ធ្វើឱ្យសាធារណជនជាច្រើនមានការយល់ច្រឡំ។

បើតាមនាយឧត្ដមសេនីយ៍ ឈុំ សុជាត បុគ្គល អែម ពិសិដ្ឋ នេះ មិនមែនជាយោធិននោះទេ ពោលរូបគេគឺជាសកម្មជនក្រុមប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកប្រចាំប្រទេសថៃ ហើយមានស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។

តាមរយៈបណ្ដាញសង្គម អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា វាយតម្លៃអំពីសកម្មភាពរបស់បុគ្គល អែម ពិសិដ្ឋថា ប៉ះពាល់កងទ័ពធ្ងន់ធ្ងរ និងស្នើសមត្ថកិច្ចចាត់វិធានការដូច្នេះ៖« ការសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយ និងសកម្មភាពនានារបស់បុគ្គលនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កងទ័ព គឺជាទង្វើខុសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលត្រូវតែមានវិធានការ មិនអាចលើកលែងបាន ជាពិសេសក្នុងពេលដែលកងទ័ពកម្ពុជាកំពុងប្រឈមមុខនឹងកងទ័ពថៃ នៅចំណុចព្រំដែនរវាងប្រទេសទាំងពីរ។ ខ្ញុំសូមស្នើឱ្យក្រសួងមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់លើជននេះ ឱ្យបានម៉ឺងម៉ាត់បំផុត»។

ជុំវិញករណី បុគ្គល អែម ពិសិដ្ឋ ក្លែងឯកសណ្ឋានកងទ័ព ធ្វើសកម្មភាពបំបាក់ទឹកចិត្តកងទ័ព សម្ដេចតេជោ ហ៊ុន សែន បានហៅសកម្មជនរូបនេះ ថាជាជនក្បត់ជាតិ ឃុបឃិតជាមួយសត្រូវដែលឈ្លានពានខ្មែរ។ សម្ដេចតេជោ ហ៊ុន សែន ថាបើអាជ្ញាធរថៃមិនបញ្ចូនបុគ្គលអែម ពិសិដ្ឋ មកឱ្យកម្ពុជា នោះគឺបានន័យថា ថៃពិតជាឃុបឃិតជាមួយបុគ្គលនេះមែន។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖ «អំពើក្បត់ជាតិ គឺបែបនេះឯង ទាំងមេ ទាំងកូន គឺដូចគ្នា។ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេស បែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។ ប្រសិនបើអាជ្ញាធរថៃ មិនឃុបឃិតជាមួយជននេះទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ »។
ជាមួយគ្នា នាយឧត្ដមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម និងប្រជាពលរដ្ឋទាំងអស់ កុំជឿលើការឃោសនាបោកបញ្ឆោត ដូចករណីរបស់បុគ្គល អែម ពិសិដ្ឋ នេះ និងត្រូវប្រុងប្រយ័ត្ន កុំចែកចាយព័ត៌មានទាំងឡាយដែលប៉ះពាល់ដល់កងទ័ព និងត្រូវជឿ និងតាមដានព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


