ព័ត៌មានជាតិ
ក្រសួងការពារជាតិអាមេរិក៖ នាវាចម្បាំងកងទ័ពអាមេរិកអាចនឹងចូលចតនៅមូលដ្ឋានសមុទ្ររាមចុងឆ្នាំនេះ
នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក អាចនឹងចូលចតនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជានៅចុងឆ្នាំ២០២៥នេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារសហរដ្ឋអាមេរិក ផ្សព្វផ្សាយអំពីលទ្ធផលជំនួបរវាងលោក John Noh ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិក ជាមួយរដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា លោក រ៉ាត់ ដារ៉ារ័ត្ន នៅក្រៅកិច្ចសន្ទនា Shangri-La លើទឹកដីសិង្ហបុរី កាលពីចុងខែឧសភា កន្លងទៅ។

តាមសេចក្ដីប្រកាសព័ត៌មាន, លោក John Noh ឧបការីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ជួបឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ដើម្បីពិភាក្សាពីបញ្ហាសន្តិសុខក្នុងតំបន់ និងទំនាក់ទំនងយោធាទ្វេភាគី។

សេចក្ដីប្រកាសព័ត៌មានក្រសួងការពារជាតិសហរដ្ឋអាមេរិក សរសេរអំពីលទ្ធផលនៃជំនួបរវាង លោក John Noh និងឧត្ដមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ដូច្នេះ៖« មេដឹកនាំទាំងពីរ ទន្ទឹងរង់ចាំការចូលចតរបស់នាវាចម្បាំងកងទ័ពជើងទឹកអាមេរិក និងការហ្វឹកហ្វឺនដែនសមុទ្រនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកនាចុងឆ្នាំនេះ ក៏ដូចជាដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រី Hegseth នៅពេលនាវាអាមេរិកចូលចត។ »។

មូលដ្ឋានសមុទ្ររាមបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ តាមរយៈជំនួយឥតសំណងពីរដ្ឋាភិបាលចិន ក្រោមការចោទប្រកាន់ជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិកដែលថាមូលដ្ឋានសមុទ្រនេះអាចនឹងត្រូវបានប្រទេសចិនប្រើប្រាស់ដើម្បីពង្រឹងអំណាចរបស់ខ្លួនក្នុងតំបន់។ ទោះជាយ៉ាងណារដ្ឋាភិបាលកម្ពុជាបានច្រានចោលជាបន្តបន្ទាប់ ព្រមទាំងបង្ហាញតម្លាភាពនៃដំណើរការសាងសង់ផងដែរ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មូលដ្ឋានសមុទ្ររាមជាផ្លូវការ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ប្រកាសបើកទ្វារស្វាគមន៍រាល់នាវាមិត្តទាំងអស់ដែលមានបំណងមកហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាម ចាប់ពីថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥តទៅ ព្រោះគ្មានអ្វីត្រូវលាក់បាំងឡើយ។

២សប្ដាហ៍បន្ទាប់ពីការប្រកាសរបស់នាយករដ្ឋមន្ត្រីកម្ពុជា ពោលគឺនៅថ្ងៃទី១៩ ខែមេសា នាវាកងទ័ពជើងទឹករបស់ជប៉ុនចំនួន២គ្រឿង បានចូលចតជាប្រវត្តិសាស្ត្រ។ វត្តមាននាវាជប៉ុនដែលចូលចត ត្រូវបានគេរាប់ថាជានាវាបរទេសដំបូងបង្អស់ចូលចត បន្ទាប់ពីមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជាសម្ពោធជាផ្លូវការ។ បន្ទាប់មក នាវាកងទ័ពវៀតណាម ជានាវាបរទេសទី២ ដែលបានចូលចតនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក។

ចំពោះការចូលចត និងធ្វើទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា ពន្យល់ថា ប្រតិភូមិនអាចធ្វើទស្សនកិច្ច ឬចូលទៅតំបន់ហាមឃាត់មួយចំនួនបានឡើយ ព្រោះមូលដ្ឋានសមុទ្ររាម ជាបញ្ជាការដ្ឋានកងទ័ពការពារបូរណភាពទឹកដី ដូច្នេះតំបន់ខ្លះត្រូវតែមានការហាមឃាត់ ដែលការហាមឃាត់នេះ ដូចទៅនឹងប្រទេសនានាក្នុងពិភពលោកដែរ។

ក្នុងជំនួបជាមួយរដ្ឋលេខាធិការក្រសួងការពារជាតិ លើទឹកដីសិង្ហបុរី ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិក Jonh Noh បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តទំនាក់ទំនងទ្វេភាគី និងការបើកចំហរទ្វាមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកឱ្យនាវាកងទ័ពប្រទេសជាមិត្ត ធ្វើទស្សនកិច្ច និងធ្វើលំហាត់បណ្ដុះបណ្ដាលរួមគ្នា។

កម្ពុជា និងសហរដ្ឋអាមេរិក បានចងភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាកាលពីឆ្នាំ១៩៥០ ដែលមកដល់ឆ្នាំ២០២៥ ទំនាក់ទំនងប្រទសទាំងពីរឈានដល់វ័យ៧៥ឆ្នាំហើយ។ តាមរយៈទំនាក់ទំនងការទូតផ្លូវការ នៅក្នុងវិស័យការពារជាតិ អាមេរិកធ្លាប់ផ្ដល់ជំនួយសព្វាវុធកាលពីអតីតកាល ធ្លាប់បានជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធកងទ័ព ធធ្លាប់ធ្វើសមយុទ្ធឆ្មាំអង្គររួមគ្នា ការចូលចតរបស់នាវាចម្បាំងកងទ័ពជើងទឹកនៅដែនសមុទ្រកម្ពុជា និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិប្រទេសទាំងពីរ។

ក្នុងឆ្នាំ២០២៤ កន្លងទៅ រដ្ឋមន្ត្រីការពារជាតិអាមេរិក គឺលោក loyd Austin ធ្លាប់បានបំពេញទស្សនកិច្ចនៅកម្ពុជា ដោយជួបជាមួយថ្នាក់ដឹកជាន់ខ្ពស់ដូចជាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាផងដែរ។

គួរជ្រាបថា នាវាចម្បាំងកងទ័ពជើងទឹកអាមេរិកឈ្មោះ USS SAVANNAH (LCS 28) ក៏ធ្លាប់បានចូលចតនៅដែនសមុទ្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ