Connect with us

ព័ត៌មានជាតិ

កសិករចាប់ផ្ដើមប្រមូលផលទុរេនទឹកជ្រោះឱម៉ាល់​បណ្តើរៗ ខណៈទិន្នផលបានប្រសើរជាងឆ្នាំមុន

បានផុស

នៅ

លោក ឃៀក សូយ ជាប្រជាកសិករ និងម្ចាស់ចម្ការទុរេននៅតំបន់ទឹកជ្រោះឱម៉ាល់ ស្រុកទឹកឈូ ខេត្តកំពត បានប្រាប់ឲ្យដឹងថា លោកបានចាប់ផ្តើមប្រមូលទិន្នផលទុរេនបណ្តើរៗហើយ ខណៈដែលផ្លែទុរេនដើមដៃលក់បានតម្លៃខ្ពស់ហើយទោះជាឆ្នាំនេះ អាកាសធាតុក្តៅ និងរាំងខ្លាំងពិបាករកទឹកស្រោចស្រព ប៉ុន្តែទុរេនស្ទើរគ្រប់ដើមមានផ្លែច្រើនជាងឆ្នាំមុន។ មន្ត្រីកសិកម្មឃុំថា ទុរេនទឹកជ្រោះឱម៉ាល់ឆ្ងាញ់ជាងគេ ទិន្នផលខ្ពស់ជាងគេ និងប្រមូលផលបានមុនគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃៀក សូយ ប្រជាកសិករដាំដំណាំទុរេននៅតំបន់ទឹកជ្រោះឱម៉ាល់ បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ថា លោកបានធ្វើចម្ការនៅទីនេះជាង២០ឆ្នាំហើយ ចម្ការបស់លោកមានទំហំ ៤ហិកតា ប៉ុន្តែដាំទុរេនបានប្រមាណជាជិត៣០០ដើមប៉ុណ្ណោះ ដោយសារកក្តាកង្វះប្រភពទឹក។ ម្ចាស់ចម្ការទុរេនបានបញ្ជាក់ថា ឆ្នាំនេះអាកាសធាតុក្តៅ ហើយរាំងខ្លាំង ប៉ុន្តែទុរេនរបស់លោកកាន់ផ្លែបានច្រើនមិនជ្រុះទេ ហើយលោកបានចាប់ផ្តើមប្រមូលផលជាបណ្តើរៗហើយ។

ចំណែកអ្នកស្រី ជុំ ណាគ្រី ដែលត្រូវជាភរិយាបានបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំពេលដែលទុរេនប្រមូលផលពេញបន្ទុក អ្នកស្រីតែងតែលក់បោះដុះផង និងយកទៅលក់រាយនៅផ្ទះបងប្អូននៅភ្នំពេញផង គឺនៅក្បែរគល់ស្ពានអាកាសស្ទឹងមានជ័យ។ អ្នកស្រីបញ្ជាក់ថា អតិថិជនមិនអាចសំគាល់ទុរេនកំពត ឬទុរេនទឹកជ្រោះឱម៉ាល់បានទេ ប៉ុន្តែអ្នកលក់ដឹងច្បាស់។ ដូច្នេះបើបងប្អូនចង់បានទុរេនកំពតពិតប្រាកដ សូមអញ្ជើញមកលេងកំពត ហើយទៅទិញដល់ចម្ការ ពិសេសខែឧសភា និងមិថុនា ទុរេនកំពតកំពុងពេញប្រមូលផល។

មន្ត្រីកសិកម្មឃុំម៉ាក់ប្រាង្គ លោក សិទ្ធិ សុគន្ធ បានប្រាប់ឲ្យដឹងថា នៅតំបន់ទឹកជ្រោះឱម៉ាល់ មានកសិករដាំដំណាំហូបផ្លែសរុប១២៥គ្រួសារ ក្នុងនោះចម្ការទុរេនមានជាង ១៣០ហិកតា ហើយទុរេននៅតំបន់ទឹកជ្រោះឱម៉ាល់ មានផ្លែច្រើនជាងគេ រសជាតិឈ្ងុយឆ្ងាញ់ជាងគេ និងប្រមូលផលបានមុនគេ បើធៀបនឹងតំបន់ផ្សេងៗនៅក្នុងឃុំម៉ាក់ប្រាង្គ ហើយទុរេនផ្លែខុសរដូវ ក៏មានច្រើនជាងគេដែរនៅតំបន់នោះ។

បើតាមមន្ត្រីកសិកម្ម ឃុំម៉ាក់ប្រាង្គមានផ្ទៃដីកសិកម្មសរុប ជាង២ពាន់ហិកតា ហើយភាគច្រើនជាចម្ការទុរេន ចេក សាវម៉ាវ ម្ឃុត ត្របែក ទៀបបារាំង ក្រូចជាដើម ដូច្នេះហើយទើបទេសចរមកលេងនៅតំបន់បណ្តុំរមណីយដ្ឋានទឹកឈូ សប្បូរផ្លែឈើហូបស្ទើរគ្រប់រដូវ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម