Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ជូនដំណើរពលករខ្មែរដែលត្រលប់ពីប្រទេសថៃ​ ទៅស្រុកកំណើតតាមរយៈរថយន្តក្រុងដោយឥតគិតថ្លៃ

បានផុស

នៅ

ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជូនដំណើរ​ពលករខ្មែរ ដែលមកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រលប់ ទៅស្រុកកំណើតវិញ តាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ដោយឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ក្នុងករណីមានការវិលត្រលប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ ត្រូវត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុកការថែទាំព្យាបាលសុខភាពបឋម និងដឹកជញ្ជូនបងប្អូនពីព្រំដែនត្រលប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ។

លោកស្រី អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ដោយសារស្ថានភាពព្រំដែនកាន់តែតឹងតែង និងដោយមានការអំពាវនាវពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ត្រលប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ ហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរ បានធ្វើដំណើរ ឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញជាបណ្តើរៗ ដោយរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរព្រំដែន ដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្នការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ ព្រមទាំងជួយរកការងារ​ជូនបងប្អូនពលករផងដែរ។

លោកស្រី បាន ស្រីមុំ ក៏មានប្រសាសន៍ផ្តាំផ្ញើ និងជូនដំណឹងដល់ពលករខ្មែរ ដែលមានបំណងវិលត្រលប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ឬក្នុងករណីកំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហាមិនទាន់បើកប្រាក់ខែ និងគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជា តែមានបំណងចង់វិលត្រលប់ទៅស្រុកកំណើតវិញ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0975 79 78 78 / 088 369 6666 ក្រុមការងារនឹងរង់ចាំជួយសម្របសម្រួលជូន ២៤ម៉ោង/២៤ម៉ោង។

សូមរំលឹកថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារ ក្នុងប្រទេសជូនពលរដ្ឋខ្មែរ ដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ខ្វះកម្លាំងពលកម្មជាមធ្យមជាង ៧ម៉ឺននាក់ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់ពលករខ្មែរ ដែលត្រូវត្រលប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍ សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួន ជាមួយគ្នានេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យមើលលទ្ធភាព ក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការ​រុះ​រើ​​គណៈរដ្ឋមន្ត្រីថៃ គ្រោងធ្វើនៅថ្ងៃសុក្រ ​រដ្ឋាភិបាល​ចម្រុះ​ថៃ​អាចជាប់គាំ​ងជា​​​​ថ្មី​ ​

ព័ត៌មានជាតិ៥ ម៉ោង មុន

មហាជនប្រមាណ១៥ម៉ឺននាក់ ចូលរួមដើរថ្មើរជើង បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររដ្ឋាភិបាល និងកងទ័ពជួរមុខ 

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ព្យុះ Wutip នាំ​ទឹកភ្លៀង និងទឹកជំនន់​ដល់​កម្រិត​​ខ្ពស់​​ជាប្រវត្តិសាស្ត្រនៅភាគកណ្តាលវៀតណាម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ តម្រូវឲ្យអ៊ីរ៉ង់ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ»

Sokha Hotels

ព័ត៌មានពេញនិយម