ព័ត៌មានជាតិ
បណ្ឌិត គិន ភា៖ ទោះបីថៃ តែងតាំងនាយករដ្ឋមន្ត្រីស្តីទីថ្មី ក៏បញ្ហាព្រំដែនមិនអាចដោះស្រាយបានឆាប់ៗនោះដែរ
បន្ទាប់ពីតុលាការធម្មនុញ្ញថៃបានព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) អ្នកនយោបាយជើងចាស់ សូរិយា ជុនហ្គ្រុនហ្គ្រីងគីត (Suriya Juangroongruangkit) ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្តីទី ដែលទទួលភារកិច្ចដឹកនាំរដ្ឋាភិបាលក្នុងអំឡុងពេលដ៏រសើបផ្នែកនយោបាយ។

ជុំវិញការតែងតាំងនាយករដ្ឋមន្ត្រីស្តីទីរបស់ថៃនេះដែរ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការតែងតាំងនេះ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃ ដែលឆ្លុះបញ្ជាំងទៅលើទិដ្ឋភាពផ្លូវច្បាប់ និងនយោបាយ ហើយបើទោះបីជាមានការតែងតាំងនាយករដ្ឋមន្ត្រីស្តីទីថ្មី ឬនាយករដ្ឋមន្ត្រីថៃថ្មីក៏ដោយ ក៏មិនប្រាកដថា អាចដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាបានឆាប់ៗនោះដែរ។
លោកបណ្ឌិតបន្ថែមថា ទំនាក់ទំនងប្រទេសទាំង២ មិនអាចត្រឡប់មកប្រក្រតីវិញបានភ្លាមៗនោះទេ ព្រោះនោះជានយោបាយរបស់ថៃជារួម មិនមែនជាទស្សនរបស់បុគ្គលម្នាក់ ឬ២នាក់ នោះឡើយ។ ត្រង់ចំណុចនេះ លោកបានលើកឡើងថា «នយោបាយបង្កអរិយភាពជាមួយប្រទេសជិតខាង ថៃតែងតែធ្វើឡើងជាញឹកញ៉ាប់ ជាពិសេសជាមួយប្រទេសកម្ពុជាតែម្តង នៅពេលដែលថៃមានវិបត្តិនយោបាយផ្ទៃក្នុង ឬនៅពេលដែលទាហានថៃចង់ដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិល គឺតែងតែបង្កជម្លោះ ព្រំដែនជាមួយប្រទេសជិតខាង»។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរូបនេះ បានបញ្ជាក់ទៀតថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ មិនអាចថមថយលឿនទេ ព្រោះនោះជានយោបាយផ្ទៃក្នុងរបស់ថៃ ដែលគ្របដណ្តប់ដោយនិន្ទាការមនោគមវិជ្ជាជាតិនិយមជ្រុល ដែលសាបព្រោះដោយអ្នកនយោបាយជ្រុលនិយម និងបុគ្គលជ្រុលនិយមមួយចំនួននៅក្នុងសង្គមថៃ។ ម្យ៉ាងវិញទៀត ថៃបានបដិសេធយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយឡែករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ មានគោលជំហរក្នុងការប្តឹងលើករណី បា្រសាទតាមាន់តូច ប្រាសាទតាមានធំ ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុទ្តិធម៌អន្តរជាតិ ដែលទាំងនេះ គឺជាចំណុចខ្វែងគ្នាជាមួយកម្ពុជា ធ្វើឱ្យពិបាកក្នុងការសម្របសម្រួល។

យ៉ាងណាមិញ បើក្រឡេកទៅមើលនីតិវិធីរបស់តុលាការយុត្តិធម៌អន្តរជាតិ អាចនឹងប្រើពេលយូរ ដូចទៅនឹងករណីដែលកម្ពុជាធ្លាប់បានប្តឹងលើករណីប្រាសាទព្រះវិហារដែរ ដោយកាលនោះប្រើពេលរហូតដល់ទៅ ៣ឆ្នាំឯណោះ។ លោកបណ្ឌិត គិតថា ករណីលើកនេះ ក៏មិនខុសគ្នាពីករណីលើកមុនដែរ ឬអាចប្រើពេលយូរជាងករណីមុនៗ ដោយសារតែបណ្តឹងលើកនេះ ពាក់ព័ន្ធរហូតដល់ទៅ ៤ចំណុច។
មួយវិញទៀត នៅពេលដែលតុលាការយុត្តិធម៌អន្តរជាតិ ចេញសេចក្តីសម្រចហើយ ក៏មិនប្រាកដថា ថៃព្រម ឬមិនព្រម ក្នុងការអនុវត្តសេចក្តីសម្រេចរបស់តុលាការដែរ ឬយ៉ាងណា ដែលនាំឱ្យកាន់តែមានការអូសបន្លាយពេលវេលាបន្ថែមទៀត។ ហេតុដូច្នេះ លោកបណ្ឌិតគិតថា ទោះបីជាមាននាយករដ្ឋមន្ត្រីថ្មីក៏ដោយ ក៏រឿងព្រំដែនរវាងកម្ពុជា-ថៃ នឹងអូសបន្លាយយូរអង្វែងរហូតដល់ពេលមានសាលដីការស្ថាពរ ហើយថៃព្រមទទួលយកផងដែរ៕
អត្ថបទ៖ គេន ម៉ាលិះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


