ព័ត៌មានជាតិ
«តើត្រូវព្យាបាលជំងឺធ្វើលើសដោយរបៀបណា?»
កាលពីពីរបីថ្ងៃមុន ខ្ញុំបានសរសេរអត្ថបទមួយពាក់ព័ន្ធនឹង «ជំងឺធ្វើលើស» ដែលជាជំងឺដ៏គ្រោះថ្នាក់បំផុតមួយក្នុងប្រព័ន្ធអភិបាលកិច្ចរដ្ឋ ព្រោះវាធ្វើឱ្យបទបញ្ជាល្អក្លាយជាអំពើអាក្រក់ ធ្វើឱ្យច្បាប់ដែលគួរតែជាខែលការពារពលរដ្ឋ ក្លាយជាឧបករណ៍បង្កការភ័យខ្លាច និងធ្វើឱ្យអំណាចរដ្ឋដែលគួរតែបម្រើប្រយោជន៍សាធារណៈ ត្រូវបានប្រែក្លាយទៅជាអំណាចបម្រើផលប្រយោជន៍បុគ្គលយ៉ាងអនាធិបតេយ្យ។ មានបងប្អូនមួយចំនួនក៏បានលើកឡើងថា ខ្ញុំបង្ហាញតែបញ្ហានិងផលវិបាក មិនឃើញបង្ហាញដំណោះស្រាយ។

ថ្ងៃនេះ ខ្ញុំសាកល្បងលើកឡើងពីដំណោះស្រាយមួយចំនួន តែខ្ញុំក៏មិនប្រាកដថា វាអាចដំណើរការទៅរួចដែរឬយ៉ាងណាទេ ដ្បិតដំណោះស្រាយសម្រាប់ជំងឺពាក់ព័ន្ធនឹងអភិបាលកិច្ចរដ្ឋ វាទាមទារឱ្យមានឆន្ទៈនយោបាយពិតប្រាកដ ការតាំងចិត្តម៉ឺងម៉ាត់ សេចក្តីក្លាហាន ការហ៊ានលះបង់ និងការវះកាត់ជាក់ស្តែងពីថ្នាក់ដឹកនាំ។ បើគ្មានការអនុវត្តពិតប្រាកដជាក់ស្ដែងទេ ដំណោះស្រាយណាក៏ដោយ នឹងនៅត្រឹមជាការព្យាបាលលើក្រដាស ខណៈជំងឺនៅតែបន្តស៊ីរូងផ្ទៃក្នុងប្រព័ន្ធអភិបាលកិច្ចរដ្ឋដដែល។
ក្នុងន័យនេះ ការព្យាបាល «ជំងឺធ្វើលើស» មិនអាចធ្វើបានដោយសេចក្តីណែនាំទូទៅ សុន្ទរកថាម៉ឺងម៉ាត់ សារព្រមានដ៏ក្ដៅគគុកម្ដងហើយម្ដងទៀត ឬការអំពាវនាវឱ្យមន្ត្រីមានសីលធម៌តែប៉ុណ្ណោះទេ។ ជំងឺនេះជាជំងឺដែលកើតចេញពីការប្រើអំណាចខុសគោលដៅ ការបកស្រាយបទបញ្ជាលើសពីដែនកំណត់ និងការយកឈ្មោះថ្នាក់លើទៅធ្វើជាខែលសម្រាប់រកផលប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះ វិធីព្យាបាលក៏ត្រូវតែចាប់ផ្តើមពីការដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់បំផុត និងគ្មានការលើកលែង។ បើការធ្វើលើសកើតឡើងដោយអំណាចរដ្ឋ ការព្យាបាលក៏ត្រូវតែប្រើអំណាចច្បាប់រដ្ឋដើម្បីកាត់ផ្តាច់វាដែរ។

ចំណុចសំខាន់បំផុត គឺត្រូវហ៊ានផ្តន្ទាទោសអ្នកធ្វើលើសដោយគ្មានការយោគយល់ គ្មានការសម្របសម្រួល និងគ្មានការលើកលែង។ មន្ត្រីណាដែលយកច្បាប់ទៅជួញដូរ យកបទបញ្ជាថ្នាក់លើទៅបំភ័យប្រជាពលរដ្ឋ ឬយកអំណាចរដ្ឋទៅជម្រិតទារប្រាក់ពីពលរដ្ឋឬឈ្មួញសុចរិត ត្រូវតែទទួលទោសតាមច្បាប់ និងតាមវិន័យរដ្ឋបាលយ៉ាងម៉ឺងម៉ាត់បំផុត។ មិនអាចមានការលើកលែងដោយសារតួនាទី ខ្សែបណ្តាញ អ្នកធានា អំណាចលាក់កំបាំង ឬស្នាដៃចាស់ណាមួយឡើយ។ ព្រោះបើច្បាប់អាចបត់បែនចំពោះមន្ត្រីធ្វើខុស នោះច្បាប់នឹងបាត់បង់តម្លៃនៅចំពោះមុខប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះ ការផ្តន្ទាទោសមិនគួរឈប់ត្រឹមតែអ្នកចេញមុខធ្វើខុសម្នាក់ដូចករណីទុរេននៅបាត់ដំបងទេនោះទេ។ អ្នកបញ្ជា អ្នកគាំទ្រ អ្នកការពារ អ្នកទទួលផលប្រយោជន៍ អ្នកបិទបាំង និងអ្នកជួយសម្របសម្រួលឱ្យរឿងស្ងប់ ក៏ត្រូវតែទទួលខុសត្រូវដូចគ្នា។ ជំងឺធ្វើលើសភាគច្រើនមិនមែនជាកំហុសបុគ្គលតែម្នាក់ពីរនាក់ដាច់ដោយឡែកឡើយ ប៉ុន្តែករណីជាច្រើន វាជាបណ្តាញផលប្រយោជន៍ដែលមានអ្នកធ្វើ អ្នកបញ្ជា អ្នកចាំបិទរឿង និងអ្នកចាំចែកផល។ បើផ្តន្ទាទោសតែអ្នកនៅមុខឆាក ហើយបណ្តោយឱ្យអ្នកនៅពីក្រោយឆាករួចខ្លួន នោះមិនមែនជាការព្យាបាលជំងឺទេ ប៉ុន្តែជាការកាត់តែស្លឹកពីរបីសន្លឹក ខណៈឫសនិងដើមនៅតែបន្តដុះ ឬអាចនិយាយមួយបែបទៀតថា គ្រាន់តែជាការបក់ផ្សែង ប៉ុន្តែមិនមែនពន្លត់ភ្លើង។
ថ្នាក់ដឹកនាំគ្រប់កម្រិត ត្រូវដឹងថា ភាពម៉ឺងម៉ាត់មិនអាចមានត្រឹមពាក្យសម្តីបានឡើយ។ ការនិយាយខ្លាំង តែអនុវត្តខ្សោយ គឺជាសារគ្រោះថ្នាក់បំផុតទៅកាន់មន្ត្រីខូច។ ប្រសិនបើថ្នាក់ដឹកនាំប្រកាសថា ត្រូវអនុវត្តច្បាប់ ត្រូវការពារប្រជាពលរដ្ឋ និងត្រូវលុបបំបាត់អំពើពុករលួយ ប៉ុន្តែពេលមានមន្ត្រីធ្វើលើសបែរជាបញ្ចប់ត្រឹមការណែនាំ ការសុំទោស ការផ្លាស់ប្តូរទីតាំង ឬការសម្របសម្រួលស្ងាត់ៗ នោះអ្នកធ្វើខុសនឹងមិនរាងចាលទេ។ ផ្ទុយទៅវិញ ពួកគេនឹងយល់ថា កំហុសធ្ងន់អាចក្លាយជារឿងស្រាលបាន ប្រសិនបើមានអ្នកជួយដោះស្រាយនៅពីក្រោយ។
ការអនុវត្តធូរខ្សុយ គឺជាការចាក់បន្ថែមមេរោគឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។ នៅពេលអ្នកប្រព្រឹត្តខុសមិនត្រូវបានផ្តន្ទាទោសពិតប្រាកដ អ្នកដទៃនឹងរៀនពីគំរូអាក្រក់នោះ។ ពេលមន្ត្រីម្នាក់ធ្វើលើសហើយរួចខ្លួន មន្ត្រីមួយចំនួនទៀតនឹងកាន់តែហ៊ានធ្វើដូចគ្នា។ ពេលអ្នកបំពានច្បាប់មិនខ្លាចច្បាប់ ហើយអ្នកធ្វើលើសមិនខ្លាចថ្នាក់ដឹកនាំ នោះអំណាចរដ្ឋនឹងឃ្លាតឆ្ងាយពីស្មារតីសេវាសាធារណៈ ហើយវាក្លាយជាឧបករណ៍ជួញដូរផលប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះ ការមិនផ្តន្ទាទោសមិនមែនជាការអត់ឱនទេ ប៉ុន្តែជាការបើកទ្វារឱ្យអំពើខុសបន្តរីករាលដាលដូចជំងឺមហារីក។
វិធានការសំខាន់មួយទៀត គឺត្រូវធ្វើឱ្យបទបញ្ជា និងច្បាប់មានព្រំដែនច្បាស់លាស់។ រាល់បទបញ្ជាថ្នាក់លើត្រូវបញ្ជាក់ឱ្យច្បាស់ថា ត្រូវអនុវត្តលើបញ្ហាអ្វី ក្នុងកម្រិតណា តាមនីតិវិធីណា និងអ្វីខ្លះដែលអ្នកអនុវត្តមិនអាចធ្វើបាន។ បទបញ្ជាដែលមានគោលបំណងល្អ ប៉ុន្តែខ្វះការពន្យល់ច្បាស់ អាចត្រូវបានមន្ត្រីឱកាសនិយមយកទៅបកស្រាយតាមអំពើចិត្ត។ ដូច្នេះ ការចេញបទបញ្ជាមិនគ្រប់គ្រាន់ទេ ត្រូវមានការពន្យល់ ការបណ្តុះបណ្តាល ការត្រួតពិនិត្យ និងការវាយតម្លៃការអនុវត្តជាបន្តបន្ទាប់។
មន្ត្រីអនុវត្តច្បាប់ត្រូវទទួលបានការបណ្តុះបណ្តាលជាប្រចាំអំពីនីតិវិធី ក្រមសីលធម៌វិជ្ជាជីវៈ សិទ្ធិប្រជាពលរដ្ឋ និងគោលការណ៍សមាមាត្រ។ ភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់មិនមែនមានន័យថាធ្វើឱ្យលើសច្បាប់កំណត់ទេ ប៉ុន្តែមានន័យថាអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ស្មើភាព និងមានភស្តុតាង។ មន្ត្រីល្អត្រូវយល់ថា អំណាចគឺជាកាតព្វកិច្ចមួយ មិនមែនជាអភ័យឯកសិទ្ធិនោះទេ។ ចំណែកមន្ត្រីខូចត្រូវដឹងថា ការយកឈ្មោះថ្នាក់ដឹកនាំទៅបំភ័យប្រជាពលរដ្ឋ គឺមិនត្រឹមតែបំពានលើប្រជាពលរដ្ឋទេ ប៉ុន្តែថែមទាំងបំផ្លាញកិត្តិយសរបស់ថ្នាក់ដឹកនាំ និងស្ថាប័នរដ្ឋផងដែរ។
ដើម្បីព្យាបាលជំងឺនេះឱ្យមានប្រសិទ្ធភាព ត្រូវមានយន្តការទទួលបណ្តឹងដែលឯករាជ្យ មានសុវត្ថិភាព និងអាចជឿទុកចិត្តបាន។ ប្រជាពលរដ្ឋត្រូវមានច្រកប្តឹងដែលមិនធ្វើឱ្យពួកគេខ្លាចរងការសងសឹក។ បណ្តឹងត្រូវតែត្រូវបានពិនិត្យយ៉ាងរហ័ស ត្រឹមត្រូវ និងមានតម្លាភាព។ ប្រសិនបើបណ្តឹងត្រូវបានបញ្ជូនត្រឡប់ទៅអ្នកដែលប្រជាពលរដ្ឋប្តឹង ឬត្រូវបានបិទស្ងាត់ក្នុងស្ថាប័ន នោះប្រជាពលរដ្ឋនឹងបាត់បង់ជំនឿលើយន្តការទាំងមូល។ ការការពារអ្នកប្តឹង ការការពារសាក្សី និងការការពារជនរងគ្រោះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការព្យាបាលជំងឺធ្វើលើស។
ស្ថាប័នអធិការកិច្ចឬសវនកម្មជាតិ អង្គភាពប្រឆាំងអំពើពុករលួយ ស្ថាប័នអនុវត្តវិន័យរដ្ឋបាល និងតុលាការ ត្រូវមានតួនាទីច្បាស់លាស់ក្នុងការស៊ើបអង្កេត និងផ្តន្ទាទោសករណីធ្វើលើស។ ករណីដែលមានលក្ខណៈព្រហ្មទណ្ឌ ត្រូវអនុវត្តច្បាប់ព្រហ្មទណ្ឌ។ ករណីដែលជាកំហុសវិន័យរដ្ឋបាល ត្រូវដាក់វិន័យរដ្ឋបាល។ សំណងរដ្ឋប្បវេណីក៏ត្រូវតែសងដល់ជនរងគ្រោះដោយយុត្តិធម៌។ ករណីដែលមានបណ្តាញបែងចែកផលប្រយោជន៍ ត្រូវស្រាវជ្រាវឱ្យដល់ឫសគល់អ្នកនៅពីក្រោយ។ មិនគួរឱ្យមានករណីដែលអ្នកធ្វើខុសត្រូវបានគ្រាន់តែផ្លាស់ពីកន្លែងមួយទៅកន្លែងមួយ ហើយបន្តមានឱកាសធ្វើខុសនៅកន្លែងថ្មីទៀតឡើយ។
ប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល បញ្ញវន្ត និងប្រជាពលរដ្ឋ ក៏មានតួនាទីសំខាន់ណាស់ដែរ ក្នុងការតាមដាន និងជំរុញគណនេយ្យភាពសង្គម។ ប៉ុន្តែការតាមដានត្រូវធ្វើដោយមានភស្តុតាង មានសុចរិតភាព និងគោរពច្បាប់។ សង្គមមិនគួរលាបពណ៌ ឬកាត់ក្តីដោយអារម្មណ៍ទេ ប៉ុន្តែត្រូវជួយបង្ហាញការពិត និងជំរុញឱ្យស្ថាប័នមានសមត្ថកិច្ចធ្វើការតាមនីតិវិធីច្បាប់។ ទន្ទឹមនឹងនោះដែរ សង្គមក៏ត្រូវការពារមន្ត្រីល្អ មន្ត្រីសុចរិត និងមន្ត្រីដែលអនុវត្តច្បាប់ត្រឹមត្រូវផងដែរ ដើម្បីកុំឱ្យមន្ត្រីល្អបាក់ទឹកចិត្តដោយសារកំហុសរបស់មន្ត្រីខូចមួយចំនួន។
ចុងក្រោយ ការព្យាបាល «ជំងឺធ្វើលើស» ត្រូវចាប់ផ្តើមពីភាពស្មោះត្រង់ក្នុងការអនុវត្តច្បាប់។ បើអ្នកធ្វើលើសមិនត្រូវបានផ្តន្ទាទោស អ្នកដទៃនឹងរៀនធ្វើលើសដែរ។ បើអ្នកពាក់ព័ន្ធមិនត្រូវបានទទួលទោស បណ្តាញធ្វើលើសនឹងបន្តរស់។ បើថ្នាក់ដឹកនាំម៉ឺងម៉ាត់ត្រឹមតែពាក្យសម្តី ប៉ុន្តែធូរខ្សុយក្នុងការអនុវត្ត ជំងឺនេះនឹងមិនត្រឹមតែមិនជាសះស្បើយទេ ប៉ុន្តែនឹងកាន់តែរីករាលដាលដូចជំងឺមហារីក។ ដូច្នេះ វេជ្ជបញ្ជាចម្បងសម្រាប់ជំងឺធ្វើលើស គឺច្បាប់ត្រូវតែមានអំណាចលើអ្នកអនុវត្តច្បាប់ ហើយការទទួលខុសត្រូវត្រូវតែឈានដល់អ្នកធ្វើ អ្នកបញ្ជា អ្នកការពារ និងអ្នកទទួលផលទាំងអស់។ នោះទើបជាការព្យាបាលពិតប្រាកដ មិនមែនគ្រាន់តែជាការលាបថ្នាំសើៗលើរបួសសង្គមដ៏ជ្រៅនោះឡើយ៕
ដោយបណ្ឌិត គិន ភា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២៤ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


