Connect with us

ព័ត៌មានជាតិ

ថៃល្មើសកិច្ចព្រមព្រៀងហើយលាបព័ណ៌កម្ពុជាលើឧបទ្ទវហេតុកាលពីថ្ងៃ២៧ ខែមិថុនា

បានផុស

នៅ

អ្នកនាំពាកក្រសួងការពារជាតិបាន​ច្រានចោលការចោទ​ប្រកាន់ពី​សារព័ត៌មាន និង​អ្នកនាំពាក្យ​កង​ទ័ពជើង​គោក​ថៃ​ដែលបាន​លាបព័ណ៌កម្ពុជាលើ​ឧបទ្ទវហេតុប៉ះទង្គិច​ពាក្យ​សំដី​រវាង​ទាហាន​ថៃ និង​កម្ពុជា​នៅ​តំបន់​ប្រាសាទតាមាន់ធំកាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យលោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បាន​លើក​ឡើង​ថា​ការ​យក​តែ​មួយ​ជ្រុង​របស់សារព័ត៌មានថៃ និង​អ្នកនាំពាក្យ​ទាហាន​ថៃគឺ​ជាចេតនាអាក្រក់របស់​ថៃ​មក​លើ​កម្ពុជា។ ក្នុង​វីដេអូដែលផ្សព្វផ្សាយ​ដោយ​សារព័ត៌មានថៃបានបង្ហោះថាទាហានខ្មែរ​បាន​ប្រើសំដីខ្លាំងៗ និង​ចង្អុលមុខ​ទាហានថៃផងនៅប្រាសាទតាមាន់ធំ។

លោកស្រី​ថាដើម​ហេតុនៃ​រឿង​ដែលឈាន​ដល់​ការ​ប៉ះពាក្យ​សំដី​គ្នា​នៅតំបន់​ប្រាសាទតាក្របី គឺផ្ដើម​ឡើង​ដោយ​ភាគី​ថៃបានល្មើសលើកិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​ ដែល​ថាប្រាសាទតាមាន់ធំ​ត្រូវ​បិទ​ការ​ឡើង​នៅ​ម៉ោង ៣រសៀល។ លោកស្រី​ថានៅថ្ងៃទី​២៧ ខែ​មិថុនានោះ នៅ​ម៉ោង៣និង១៥នាទី ទាហាន​ថៃ​បាន​បើក​ឱ្យ​អ្នក​ទេសចរណ៍​ថៃ​ជាង​១០០នាក់​ឡើងមកប្រាសាទតាមាន់ធំ ដោយ​ក្នុង​នោះ​មាន​ប្រធានគណបក្សភុំចៃថៃផងដែរ ដោយមិនមានការជូនដំណឹងនោះទេ។

លោកស្រីថា៖ «ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទ»។

លោកស្រី​ថាកម្ពុជា​រក្សា​ភាព​អត់ធ្មត់​បំផុត ដោយ​បានព្យាយាមដោះស្រាយស្ថានការណ៍ដោយភាពស្ងប់ស្ងាត់ មិនបង្កហិង្សា ឬបញ្ហាឡើយ ប្រកបដោយវិជ្ជាជីវៈ និងគោរពតាមកិច្ចព្រមព្រៀងជានិច្ច ហើយចំពោះវីដេអូដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃមួយចំនួន និងការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ «ជាព័ត៌មានមិនពិត» បាននាំមកនូវការភាន់ច្រឡំ និងជាចេតនាដ៏អាក្រក់ ក្នុងគោលបំណងញុះញង់ និងមានភាពស្អប់ រើសអើងជាតិសាសន៍ទាំងពីរ ព្រោះមិនបានឆ្លុះបញ្ចាំងនូវរឿងរ៉ាវទាំងស្រុងនោះទេគឺច្បិចយកតែជ្រុងម្ខាងតែប៉ុណ្ណោះ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិក្រើនរំលឹកជាថ្មីម្តងទៀត ឱ្យភាគីថៃគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ប្រកបដោយភាពស្មោះត្រង់ ព្រមទាំងជៀសវាងរាល់សកម្មភាពបំភាន់ការពិត ដែលអាចបំផ្លាញទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយមកឈ្លានពានបានជាដាច់ខាត៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម