ព័ត៌មានជាតិ
ក្រោយមានជម្លោះ! កម្ពុជា-ថៃ សម្រេចថាទុកឱ្យកម្លាំងឈរជើងនៅប្រាសាទតាមាន់ធំជាអ្នកស្រាយបញ្ហាផ្ទាល់ មិនត្រូវបន្ថែមកម្លាំងច្រើនលើសលប់ទៀតឡើយ
កងទ័ពកម្ពុជា-ថៃ សម្រេចថាទៅថ្ងៃក្រោយបើមានករណីជាយថាហេតុណាមួយកើតឡើងនៅលើប្រាសាទតាមាន់ធំ ត្រូវទុកលទ្ធភាពឱ្យកងកម្លាំងដែលមានភារកិច្ចជាក់ស្ដែងជាអ្នកដោះស្រាយ មិនត្រូវឱ្យភាគីណាមួយបន្ថែមកម្លាំងច្រើនលើសលប់ចូលមកដោះស្រាយដូចករណីជម្លោះពាក្យសម្ដី កាលពីថ្ងៃទី១៥ ខែកក្កដានោះឡើយ។ ការសម្រេចនេះ នៅក្នុងកិច្ចពិភាក្សារវាងឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ជាមួយ វរសេនីយ៍ឯក ប៊ុន ស៊ីម មេបញ្ជាការរងកងកម្លាំងសុរ:ណារីថៃ នៅលើប្រាសាទតាមាន់ នៅម៉ោង៨៖៣០ នាទីព្រឹកថ្ងៃទី១៦ ខែកក្កដា។ នេះបើតាមរបាយការណ៍ស្ដីពីលទ្ធផលនៃកិច្ចពិភាក្សា ដែល«កម្ពុជាថ្មី» ទទួលបាន។

កិច្ចពិភាក្សាបានធ្វើឡើងរយៈពេល១ថ្ងៃបន្ទាប់ពី កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ មានករណីជម្លោះទាស់ទែងពាក្យសម្ដី និងកាយវិការមួយកើតឡើង ព្រោះតែអាកប្បករិយាមិនសមរម្យរបស់ទាហានថៃ មកលើភ្ញៀវទេសចរជនជាតិខ្មែរ រហូតភាគីកម្ពុជា-ថៃ បង្កើនចំនួនកងទ័ពជាច្រើនលើសលប់(ហួសការឯកភាពលើការឈរជើងជាក់ស្ដែង) ទៅកាន់ទីតាំងជម្លោះដើម្បីដោះស្រាយបញ្ហា។

នៅក្នុងជំនួបពិភាក្សានេះ ភាគីកម្ពុជា ថៃ ក៏បានសម្របសម្រួលចំពោះការប៉ះទង្គិចគ្នាដោយពាក្យសម្តីការពីថ្ងៃទី១៥ខែ កក្កដា និងរក្សាគោលការណ៍ដែលបានកំណត់កាលពីមុន ពោលគឺត្រូវបើកប្រាសាទនៅម៉ោង៩៖០០នាទីព្រឹកតទៅដើម្បីឱ្យប្រជាពលរដ្ឋទាំងសងខាងឡើងទៅទស្សនាជាធម្មតា ហើយចាប់ពីម៉ោង៣៖០០នាទីរសៀលតទៅ ត្រូវបិទមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋទាំងសងខាងបន្តលេងកម្សាន្តឬចូលទៅទស្សនាទៀតឡើយ។ ភាគីទាំងពីរក៏កំណត់ឱ្យកម្លាំងឈរជើងប្រចាំការនៅលើប្រាសាទចំនួន៧ នាក់ស្មើៗគ្នាផងដែរ។

នៅតំបន់ប្រាសាទតាមាន់ធំ ថៃបានបង្កបញ្ហាជារឿយៗ តួយ៉ាងនៅថ្ងៃទី២២ ខែមិថុនា ទាហានថៃ០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុនទាល់តែសោះ។ បន្ទាប់មក នៅចុងខែមិថុនា អតីតរដ្ឋមន្ត្រីការពារជាតិថៃ ប្រគល់សិទ្ធិចង់ឱ្យ មេភូមិភាគពីរថៃ បិទមិនឱ្យពលរដ្ឋកម្ពុជា ចូលទស្សនាប្រាសាទតាមាន់ធំ។ ក្រោយមកទៀត នៅថ្ងៃទី០៥ ខែកក្កដា ភ្ញៀវទេសចរជនជាតិថៃ ក៏ប្រុងប្រើអំពើហិង្សាមកលើពលរដ្ឋស្លូតត្រង់របស់កម្ពុជា ព្រោះតែឃើញបង់ករក្រមា ដែលមានទង់ជាតិកម្ពុជា។ ថ្មីៗ ថ្នាក់ដឹកនាំថៃ ក៏ចង់ធ្វើរបងព័ទ្ធយកប្រាសាទតាមាន់ធំ ដែលផែនទីបារាំងគូសបញ្ជាក់ថា ជាកម្មសិទ្ធិរបស់កម្ពុជាទៀតផង។ នៅថ្ងៃទី១៣ ខែកក្កដា អតីតទាហានថៃ ដ៏កំសាកញីម្នាក់បានលបលួចដាល់កងទ័ពកម្ពុជាម្នាក់។

នៅរសៀលថ្ងៃទី១៥ ខែកក្កដា ក៏កើតមានបញ្ហាម្ដងទៀត ដែលជាបញ្ហាជម្លោះពាក្យសម្ដី និងកាយវិការ បង្កឡើងដោយទាហានថៃម្នាក់ដែលឈរជើងនៅច្រកទ្វារចូលប្រាសាទតាមាន់ធំ មកលើស្ត្រីជាជនជាតិខ្មែរ នាំទៅដល់ការភាន់ច្រឡំ និងការប៉ះទង្គិចពាក្យសម្តី ហើយទាហានថៃនោះក៏បានហាមឃាត់មិនឱ្យស្ត្រីជាជនជាតិខ្មែរឡើងទៅប្រាសាទ។ ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជា និងទាហានថៃជាច្រើននាក់ដែលកំពុងឈរជើងនៅប្រាសាទ ក៏បានរត់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិនមានជម្លោះប្រដាប់ដោយអាវុធអ្វីនោះទេ។ ភ្លាមៗនោះ មេបញ្ជាកម្ពុជា ថៃក៏បានដោះស្រាយដោយសន្តិវិធី ទើបស្ថានភាពនៅប្រាសាទតាមាន់ធំមានសភាពស្ងប់ស្ងាត់ជាធម្មតាវិញ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


