Connect with us

ព័ត៌មានជាតិ

សួន «ប៉ៃលិនមរតកតេជោ» គ្រោងសាងសង់អមសង​ខាងដងស្ទឹងប៉ៃលិនប្រវែងជិត ២ ពាន់ម៉ែត្រ

បានផុស

នៅ

រដ្ឋបាលខេត្តប៉ៃលិន គ្រោងសាងសង់សួន «ប៉ៃលិនមរតកតេជោ» នៅអមសងខាងដងស្ទឹងប៉ៃលិន ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ លើផ្នែកបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី ១៨ ខែកក្កដា បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យទីតាំងត្រៀមសម្រាប់សាងសង់សួន «ប៉ៃលិនមរតកតេជោ» ដែលគម្រោងសួននេះ នឹងលាតសន្ធឹងតាមបណ្ដោយដងស្ទឹងប៉ៃលិន ប្រវែង ១៨០០ ម៉ែត្រ ចាប់ពីចំណុចស្ពានសន្តិភាព ភូមិក្ងោក ឃុំស្ទឹងកាច់ រហូតដល់ស្ពាន​អូរច្រា ស្ថិតក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានខិតខំដោះស្រាយការលំបាក និងសំណូមពរ របស់ប្រជាពលរដ្ឋ ព្រមទាំងអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ផ្លូវ ស្ពាន សាលារៀន និងមន្ទីរពេទ្យ ហើយបច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិន ក៏កំពុងខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ រួមទាំងការដាំដើមឈើ និងផ្កា ការថែទាំសួនច្បារ និងពុះចែកទ្រូងផ្លូវ ក្នុងគោលបំណងឆ្លើយតប នឹងតម្រូវ​ការប្រជាពលរដ្ឋ លើផ្នែកបរិស្ថាន និងសុខភាព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។

លោកស្រីអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការស្ថាបនាសួនច្បារដាក់ឈ្មោះ សួន «ប៉ៃលិនមរតកតេជោ» គឺក្នុងគោលបំណងបង្ហាញពីវប្បធម៌កត្តញ្ញូ សម្ដែងនូវការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត ក្នុងការស្វែងរកសុខសន្តិភាព ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព ព្រមទាំងបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាតិ និងបញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិត សម្រាប់មនុស្សជំនាន់ក្រោយបានស្វែងយល់ប្រវត្តិសាស្ត្រ របស់ខេត្តប៉ៃលិន ដែលជាចំណុចឈ្នួនផ្ទុះសន្តិភាព និងសមត្ថភាព ចំណេះដឹងពិតប្រាកដ នៃមគ្គុទេសន៍អ្នកដឹកនាំកម្ពុជា។

លោកស្រីអភិបាលខេត្តប៉ៃលិនបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិ​សា​ធារណៈរបស់រដ្ឋ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានា ដែលត្រូវចំណាយថវិកាច្រើន ក្នុងការស្ថាបនា និងជួសជុល។

លោកស្រីអភិបាលខេត្ត ក៏បានអំពាវនាវឲ្យមានការយោគយល់ ចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហការ ជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យសមិទ្ធផលថ្មីនេះ សម្រេចបានតាមផែនការ និងឆាប់បានប្រើប្រាស់ ជាប្រយោជន៍សាធារណៈទាំងអស់គ្នា៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម