Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បន្តចុះកាត់មែកឈើធំៗ នៅតាមដងផ្លូវ ដើម្បីសោភ័ណភាពទីក្រុង និង សុវត្ថិភាពដល់អ្នកដំណើរ

បានផុស

នៅ

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​ធ្វើការ​កាត់​មែកឈើ​ធំៗ ​នៅតាម​ដងផ្លូវ​នៅក្នុង​រាជធានី​ភ្នំពេញ ជៀសវាង​ការបាក់​រលំ ការ​បិទបាំង​ភ្លើងស្តុប សញ្ញា​ចរាចរណ៍ -​ល​- និង​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ ព្រោះ​ជា​រដូវភ្លៀង​លាយឡំ​ខ្យល់​កន្រ្តាក់​បក់​បោក និង​ដើម្បី​សោភ័ណភាព​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​ថ្ងៃទី​ ១ ​ខែសីហា ឆ្នាំ​ ២០២៥ ក្រុម​សួនច្បារ​ និង ដើមឈើ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​សកម្មភាព​ចុះ​កាត់​មែកឈើ​នៅតាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ចាប់ពី​ចំណុច​ស្ដុ​ប​សាលា​សន្ធរ​ម៉ុក រហូតដល់​ស្តុ​ប​កោសដូង ធ្វើការ​កាត់​ទាំងសងខាង​ផ្លូវ​ដែល​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ទួលគោក។

សូម​បញ្ជាក់​ផង​ដែរ មែកឈើ​ធំៗ ​តែងតែ​បាំង​បិទ​ភ្លើង​សញ្ញា​ចរាចរណ៍ សញ្ញា​ភ្លើងស្តុប ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ពិបាក​មើល​ភ្លើង​សញ្ញា​បញ្ជា​ចរាចរណ៍ ព្រោះ​ត្រូវ​មែក​ឈើ​ធ្លាក់​បាំង​ស្ទើរ​តែ​មើល​មិន​ឃើញ​តែម្ដង។ បន្ថែម​ទៀត​នោះ រាល់ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាមួយ​នឹង​ខ្យល់​កន្ត្រាក់​ តែងតែមាន​ការបាក់​រលំ​មែកឈើ​មួយចំនួន​ទៅលើ​យានយន្ត​របស់​ប្រជាពលរដ្ឋ​ និង​ធ្លាក់​ទៅលើ​ដង​ផ្លូវ​ ដែល​ជា​ការ​បង្អាក់​ដំណើរ​ចរាចរណ៍ ​និង​ធ្វើ​ឲ្យ​កកស្ទះ​ខ្លាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

ដូច្នេះ​ហើយ ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​បញ្ជា​ឲ្យ​កម្លាំង​ចុះ​កាត់​មែក​ឈើ​ធំៗ​ ដែល​ងាយ​បាក់​រលំ​ពេល​ដែល​ភ្លៀង​ និង​ខ្យល់​បក់​បោក​ខ្លាំង​ម្ដងៗ។ នៅក្នុង​នោះ​ផងដែរ ​ដូចដែល​​ប្រជាពលរដ្ឋ​បាន​ជ្រាប​ហើយ​ថា ​នៅ​រដូវ​កាល​នេះ​ គឺជា​រដូវភ្លៀង​ធ្លាក់​ខ្លាំង​លាយឡំ​​ខ្យល់​កន្ត្រាក់​ សូម​ប្រជាពលរដ្ឋ​បង្កើន​ការ​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​រាល់ពេល​ដែល​មេឃ​ភ្លៀង​ខ្លាំង​ម្តងៗ ​សូម​មេត្តា​កុំ​ឈប់ ​ឬ​ចត​នៅក្រោម​ដើមឈើ​ធំៗ ​ដែល​អាច​ងាយ​នឹង​រង​គ្រោះ​ពី​ការ​រលំ​ និង​បាក់​មែក​ឈើ​៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម