Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់សុខាភិបាល ចុះពិនិត្យស្ថានភាពផលប៉ះពាល់មណ្ឌលសុខភាព​តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្រោយផ្ទុះអាវុធ

បានផុស

នៅ

មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផល​ប៉ះពាល់​មណ្ឌល​សុខភាព និង​មណ្ឌល​សុវត្ថិភាព នៅ​ខេត្ត​ព្រះវិហារ បន្ទាយមានជ័យ និង​ឧត្តរមានជ័យ តាម​ព្រំដែន​កម្ពុជា​-​ថៃ ក្រោយ​ផ្ទុះ​អាវុធ ដើម្បី​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់ដឹកនាំ​ក្រសួង​ធ្វើការ​ជួសជុល​ឡើងវិញ​សម្រួល​ដល់​ការ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ ចាប់ពី​ថ្ងៃទី ០៦ ដល់​ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៥ ក្រុមការងារ​បច្ចេកទេស​សេវា​សុខភាព​បឋម នៃ​ក្រសួងសុខាភិបាល ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត នាង ភា​រិ​ទ្ធ រដ្ឋលេខាធិការ និង​ក្រុម​ការងារ បាន​ចុះ​ពិនិត្យ​ការងារ និង​សួរសុខទុក្ខ​មន្ត្រី​សុខាភិបាល នៅ​មណ្ឌល​សុខភាព និង​ប៉ុស្តិ៍​សុខភាព នៅ​តាម​បណ្តោយ​ព្រំដែន នៃ​ខេត្ត​ព្រះវិហារ ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ។

ចំណែក លោកស្រី​ឱសថការី លី គឹមអេង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ក្រុមការងារ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផល​ប៉ះពាល់​មណ្ឌល​សុខភាព​ចំនួន ១១ កន្លែង និង​មណ្ឌល​សុវត្ថិភាព​ចំនួន ២ កន្លែង នៅ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ ដោយសារ​ការ​ផ្ទុះ​អាវុធ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​បង្កឡើង​ដោយ​ភាគី​ថៃ។

មណ្ឌល​សុខភាព​ចំនួន ១១ និង មណ្ឌល​សុវត្ថិភាព​ចំនួន ២ ក្នុង​នោះ​រួមមាន ៖ ១)មណ្ឌល​សុខភាព អូរ​ស្មាច់ , ២)​មណ្ឌល​សុខភាព​មនោ​រម្យ ​១ ​និង​ ២ , ៣)​មណ្ឌល​សុខភាពសំរោង​សែន​ជ័យ , ៤)​មណ្ឌល​សុខភាពគោក​ភ្លុក , ៥)​មណ្ឌល​សុខភាពរំដួល​សែន​ជ័យ , ៦)​មណ្ឌល​សុខភាពហា​លៀម​សែន​ជ័យ , ៧)​មណ្ឌល​សុខភាព ទំនប់​ដាច់ , ៨)​មណ្ឌល​សុខភាព ត្រពាំង​ប្រាសាទ , ៩)​មណ្ឌល​សុខភាព គោក​រមៀត , ១០)​មណ្ឌល​សុខភាព បឹង​ត្រកួន , ១១)​មណ្ឌល​សុខភាព អូរ​បី​ជាន់ និង​ក្រុមគ្រូពេទ្យ​សង្គ្រោះ​បឋម​ប្រចាំការ​នៅ​ទីទួល​សុវត្ថិភាព​មួយកន្លែង ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​មួយ​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ។

ក្នុងឱកាស​នោះដែរ លោកស្រី​រដ្ឋលេខាធិការ និង​ក្រុមការងារ បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ​ពី​សំណាក់​លោក​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ព្រមទាំង​ថ្លែងអំណរគុណ​ទៅកាន់​មន្ត្រី និង​បុគ្គលិក​សុខាភិបាល​ទាំងអស់ ដែល​បាន​ខិតខំ​បម្រើសេវា​ថែទាំ​សុខភាព​ជូន​ដល់​អ្នករងរបួស និង​ប្រជាពលរដ្ឋ​ភៀស​សឹក​ក្នុង​អំឡុង​ពេល​ផ្ទុះ​អាវុធ។

ជាមួយ​គ្នា​នេះ លោកស្រី​រដ្ឋលេខាធិការ ក៏បាន​លើកទឹកចិត្ត​ឱ្យ​មន្ត្រី និង​បុគ្គលិក​សុខាភិបាល​ទាំងអស់ ពង្រឹង​ស្មារតី ជំហរ​ស្មារតី និង​បន្ត​រៀបចំ​ការ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់ ទាំង​ក្នុង​ការ​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្នុង​ការ​ផ្តល់​សេវា​សុខាភិបាល​ដល់​​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម