Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ ច្រានចោលការចុះផ្សាយថាអាជ្ញាធរឃុបឃិតដកហូតផ្ទះកែងរបស់ពលរដ្ឋភៀសសឹក សម្រាប់ធ្វើការដោះដូរជាប្រាក់

បានផុស

នៅ

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយធ្វើការច្រានចោលទាំងស្រុងចំពោះការចុះផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក ដែលបានចោទប្រកាន់ថា ក្រុមការងារស្រុកអូរជ្រៅ និងលោកមេភូមិជោគជ័យ ឃុបឃិតគ្នាដកហូតលេខផ្ទះដែលនៅជាប់កែងផ្លូវធំទុកលក់ឱ្យអ្នកចង់ប្តូរផ្ទះត្រូវចំណាយលុយ៤លាន ៥០ម៉ឺនរៀល។ ការចេញមុខបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីគណនីហ្វេសប៊ុកឈ្មោះ «កាមទេព លីម ហុង» កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធនឹងការបែងចែកផ្ទះជូនប្រជាពលរដ្ឋរងគ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី ១៦ ខែកក្កដានេះ បានបំភ្លឺជូនសាធារណជនថា
បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ ដាក់កុងតឺន័រ រាយ បន្លាលួស ហ៊ុំព័ទ្ធផ្ទះសម្បែង ដីធ្លី មាន៖ ភូមិជោគជ័យ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិបន្ទាយ មានរិទ្ធ ភូមិសាមគ្គី ភូមិ ភូមិត្រពាំងសំរោង ភូមិផ្លូវបំបែក និងភូមិបឹងសុក្រម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់គិតគូរជាខ្លាំងទាំងការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនដែលជាជនភៀសសឹក ។

ដោយក្នុងនោះនាយករដ្ឋមន្ត្រី បានរៀបចំលំឋានជូនបងប្អូនសម្រាប់ស្នាក់នៅបណ្តោះអាសន្នស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានចំនួន៣.៣១៨គ្រួសារ ស្មើនឹង៧ភូមិ ដូចបានរៀបរាប់ខាងលើ ។ បច្ចុប្បន្ននេះបងប្អូនជាជនភៀសសឹកខាងលើ បានទទួលផ្ទះតាមរយៈនៃការចាប់ឆ្នោតដោយមួយចំនួនធំបានចូលរស់នៅរួចរាល់ហើយ និងនៅសេសសល់មួយចំនួនតូចមិនទាន់បានចូលទៅរស់នៅនៅឡើយទេ ដោយមូលហេតុពួកគាត់ទើបតែបានចាប់ឆ្នោតបញ្ចប់ត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ថ្មីៗនេះ។

រដ្ឋបាលខេត្តសង្កត់ធ្ងន់ថា៖« ម្យ៉ាងទៀត ការចាប់ឆ្នោតទទួលយកផ្ទះ មិនមានការឃុបឃិតគ្នាដកហូតផ្ទះកែងសម្រាប់ធ្វើការដោះដូរជាប្រាក់ដូច បណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ កាមទេព លីម ហុង ធ្វើការចុះផ្សាយនោះឡើយ»។ ចំពោះការរៀបចំការចាប់ឆ្នោតទទួលយកផ្ទះស្នាក់នៅបណ្តោះអាសន្ន រដ្ឋបាលខេត្តបានរៀបចំក្រុមការងារចម្រុះខេត្តជាអ្នកទទួល ខុសត្រូវក្នុងការចាប់ឆ្នោតទទួលយកផ្ទះប្រកបតម្លាភាព ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អ្នកសារព័ត៌មាន និងសាធារណៈជន។ ចំពោះខ្នងផ្ទះដែលនមិនទាន់ចាប់ឆ្នោត គឺទុកសម្រាប់ជនភៀសសឹក ដែលមិនទាន់មកចាប់ចាប់ឆ្នោត ដោយមិនទុកសម្រាប់ឱ្យទៅបុគ្គលណាមួយឡើយ។

ក្រោយពីបងប្អូនប្រជាពលរដ្ឋភៀសសឹកបានទទួលផ្ទះតាមរយៈនៃការចាប់ឆ្នោតរួចហើយ ពួកគាត់ត្រេកអរ និងចូលទៅរស់នៅរៀបចំផ្ទះសម្បែងរៀងៗខ្លួន ព្រមទាំងមានការដាំដុះ ឬប្រកបមុខរបរលក់ដូរ មិនដែលមានអ្នកណាម្នាក់បានចំណាយថវិកាលើការទទួលបានផ្ទះតាមរយៈនៃការចាប់ឆ្នោតឡើយ។ នេះបើតាមការអះអាងរដ្ឋបាលខេត្ត។

ក្រសួងមហាផ្ទៃ បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ មានពលរដ្ឋចំនួន២០.៣៩១នាក់ទៀត ក្នុងនោះស្រី្ត១០.៣៩៧នាក់ និងកុមារ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ បន្ទាប់ពីភូមិករ និងផ្ទះសម្បែងត្រូវបានយោធាថៃចូលកាន់កាប់ និងបំផ្លិចបំផ្លាញដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម