Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំជំរុញឱ្យសាលារៀនត្រៀមបង្រៀនបំប៉នភាសាខ្មែរដល់កូនពលករត្រឡប់មកពីថៃ

បានផុស

នៅ

នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦ខាងមុខនេះលោកបណ្ឌិត សភាចារ្យហង់ជូនណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានជំរុញឱ្យសាលារៀនត្រូវត្រៀមបង្រៀនបំប៉នកុមារ ដែលជាកូនរបស់បងប្អូនពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃវិញ ខណៈពួកគេមួយចំនួនមិនចេះនិយាយភាសាខ្មែរទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទសារព័ត៍មាន ស្តីពីដំណើរការប្រឡងបាក់ឌុប កាលពីរសៀលថ្ងៃទី២២សីហា នៅទីស្តីការក្រសួង លោក បណ្ឌិត សភាចារ្យហង់ជូនណារ៉ុន បានលើកឡើងថាការជំរុញនេះ ដោយសារតែមានកុមារចាកូនពលករខ្លះចេះនិយាយភាសាខ្មែរនិងខ្លះទៀតមិនចេះនិយាយទេព្រោះពួកគេបានចុះឈ្មោះចូលរៀននៅសាលាប្រទេសថៃ។

លោកបានបន្តទៀតថា« អីចឹងកុមារមកពីប្រទេសថៃចេះខ្មែរតែខ្លះមិនចេះខ្មែរទេចេះតែថៃដោយសាររៀននៅសាលាថៃ ខ្លះទៀតមិនបានចូលរៀនទេ។ អីចឹងយើងមានសិស្សចម្រុះទាំងអាយុទាំងប្រភេទអ្នកខ្លះចេះខ្មែរអ្នកខ្លះមិនចេះខ្មែរខ្លះធំខ្លះតូច ប៉ុន្តែយើងលើកទឹកចិត្តជំរុញឱ្យអាជ្ញាធរមូលដ្ឋានបញ្ជួនកូនៗទាំងអស់ហ្នឹងឱ្យមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា ហើយត្រូវសម្របសម្រួលដើម្បីធ្វើយ៉ាងណាឱ្យពួកគេបានចូលរៀន»។

យោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋខ្មែរ ប្រមាណ ៩២ ម៉ឺននាក់ បានវិលត្រឡប់មកដល់កម្ពុជាវិញ ក្នុងនោះមានក្មេង ៥ ម៉ឺននាក់ និងអ្នកមានអាយុ ៤៥ ឆ្នាំ ឡើង ចំនួន ២៥ ម៉ឺននាក់។ 

លោកបានបន្ថែមទៀតថា ការចុះឈ្មោះចូលរៀននេះ ក្រសួងបានលើកលែងទោះបីជាពួកគាត់គ្មានឯកសារដូចជាសំបុត្រកំណើត សៀវភៅគ្រួសារ ឬស្នាក់នៅក៏ដោយក៏អនុញ្ញាតឱ្យចុះឈ្មោះចូលរៀនដែរ។

ជាមួយគ្នានេះ សាលារៀនត្រូវមានការរៀបចំផែនការសិក្សាប្រមូលកុមារឱ្យបានចូលរៀន ហើយគ្រាន់តែធ្វើតេស្តពិនិត្យមើលឱ្យចូលរៀនតាមអាយុតែម្តងនិងត្រូវបំប៉នជាភាសាខ្មែរសម្រាប់សិស្សបឋមសិក្សាហើយសម្រាប់សិស្សមធ្យមសិក្សាយើងមានកម្មវិធីស្ពានចម្លងដូចជាកម្មវិធីសិក្សារៀនមួយឆ្នាំ២ថ្នាក់ដូចជារៀនថ្នាក់ទី៧និងទី៨រៀនតែ១ឆ្នាំទេហើយអាចចូលរៀនថ្នាក់ទី៩អាចរៀនជំនាញតែម្តងមិនចាំបាច់រៀនចំណេះទូទៅទេ។

លើសពីនេះទៀត សាលាបណ្តុះបណ្តាលវិជ្ជាជីវៈក៏លើកទឹកចិត្តឱ្យសិស្សធំៗ ដែលមិនអាចចូលរៀនបាន ចូលរៀនខាងផ្នែកវិជ្ជាជីវៈផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីបានធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះស្រង់ស្ថិតិកុមារ និងសិស្ស ដែលវិលត្រឡប់ពីប្រទេសថៃ នៅ ក្នុងមូលដ្ឋានរៀងៗខ្លួនឱ្យបានច្បាស់លាស់ ដើម្បីជំរុញឱ្យពួកគេចុះឈ្មោះចូលរៀននៅក្នុងឆ្នាំសិក្សា២០២៥-២០២៦ខាងមុខនេះឱ្យបានគ្រប់ៗគ្នា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម