Connect with us

ព័ត៌មានជាតិ

និស្សិតជ័យលាភីអាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និងបណ្ឌិត នៃ​សាធារណរដ្ឋ​ឆែក​ ជា​ធន​ធាន​មនុស្ស​ដ៏​ចាំបាច់​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា

បានផុស

នៅ

នាព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ នៃសាធារណរដ្ឋឆែក (Czech Government Scholarship) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលជួបសំណេះសំណាល និងសម្តែងការគួរសម ដើម្បីទទួលបាននូវអនុសាសន៍ និងការយល់ដឹងបន្ថែមពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវ: មុនចេញដំណើរទៅបន្តការសិក្សានៅសាធារណរដ្ឋឆែក នៅដើមខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បាន​ចែក​រំលែក​ព័ត៌មាន​ស្ដីពី​ផែនការ​សកម្មភាព​ជា​ចម្បង​របស់​ក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួមមាន គោល​នយោបាយ​ទីផ្សារការងារ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។

លោកជំទាវបានចូលរួមអបអរសាទរចំពោះនិស្សិត និងចែករំលែកបទពិសោធន៍ និងចំណេះដឹង ដើម្បីជាពុទ្ធិបន្ថែមសម្រាប់និស្សិតជ័យលាភីខាងលើក្នុងការរៀបចំផែនការអាជីពរបស់ខ្លួន និងជាទុនក្នុងការបង្កើតទំនាក់ទំនងការងារជាមួយសហគមន៍អន្តរជាតិ ជាពិសេសជាមួយបណ្ដាប្រទេសនៅតំបន់អឺរ៉ុប។ និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ នឹងក្លាយជាបញ្ញវន្តកម្ពុជាដ៏ឆ្នើមក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែកឱ្យកាន់តែមានភាពរឹងមាំ ដែលមានសក្តានុពលបង្កើនការទាក់ទាញឱកាសវិនិយោគ ទំនាក់ទំនងវប្បធម៌ និងកិច្ចសហប្រតិបត្តិការនានា រវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ។

ទន្ទឹមនឹងនេះ លោកជំទាវបានរម្លឹកនូវប្រវត្តិ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអតីតនិស្សិតបានគង់ និងសិក្សាប្រកបដោយជោគជ័យនៅទីក្រុងប្រាក (Prague) ដែលទ្រង់ជានិស្សិតដ៏លេចធ្លោទូទាំងពិភពលោកចន្លោះឆ្នាំ១៩៦២ ដល់ឆ្នាំ ១៩៧៥។ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែកមានទំនាក់ទំនងល្អជាមួយគ្នាអស់រយៈពេលជាង ៦៩ឆ្នាំមកហើយ និងបានផ្តល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍដល់ប្រទេសកម្ពុជាដែលមួយផ្នែកជាអាហារូបករណ៍របស់រដ្ឋាភិបាលតាំងពីឆ្នាំ១៩៨១។

លោកជំទាវបានលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ចាប់យកជំនាញឱ្យបានច្បាស់លាស់ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ និងក្លាយជាធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ ក្នុងការចូលរួមកសាងប្រទេសជាតិ នៅពេលវិលត្រឡប់មកជាតិមាតុភូមិវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម