ព័ត៌មានជាតិ
រដ្ឋមន្ត្រីការពារជាតិអះអាងពីភាពអត់ធ្មត់របស់កម្លាំងកម្ពុជា តែក៏នៅឈរជើងចាំការពារពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ទៀ សីហា លើកឡើងអំពីភាពអត់ធ្មត់របស់កងកម្លាំងកម្ពុជាក្នុងកាលៈទេសៈអនុវត្តបទឈប់បាញ់ ខណៈស្ថិតក្នុងពេលជាមួយគ្នានេះកងកម្លាំងកម្ពុជាក៏នៅតែបន្តឈរជើងយ៉ាងរឹងមាំ ដើម្បីត្រៀមការពារទឹកដី និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

ការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា គឺបានធ្វើឡើងក្រោយមានអ្នកនាំភ្លើងមួយក្រុមបានយកការផ្សាយរបស់ក្រសួងការពារជាតិ ត្រឹមតែមួយជ្រុងមកបំភាន់ខ្លឹមសាររួម ពិសេសនោះគឺជុំវិញហេតុការណ៍ប៉ះទង្គិចគ្នារវាងពលរដ្ឋខ្មែរជាមួយកងកម្លាំងយោធាថៃ រឿងពង្រាយបន្លាលួសចូលមកដីប្រជាជន ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋខ្មែរជាមួយកងកម្លាំងយោធាថៃនេះ នាយឧត្តមសេនីយ៍ ទៀ សីហា អះអាងថា អាជ្ញាធរខេត្តបន្ទាយមានជ័យ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចកម្ពុជាដែលឈរជើងនៅទីនោះបានចូលរួមដោះស្រាយបញ្ហានេះជាមួយគ្នាផងដែរ។

កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ កម្លាំងយោធាថៃបានព្យាយាមប៉ុនប៉ងយកលួសបន្លាមករាយចូលដីកម្ពុជា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ត្រទល់មុខនឹងភូមិ Nong Chan ក្នុងស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ។ ប៉ុន្តែសកម្មភាពនេះ ត្រូវបានពលរដ្ឋខ្មែរដែលជាម្ចាស់ដី និងពលរដ្ឋផ្សេងៗទៀតរារាំងទប់ស្កាត់យ៉ាងខ្លាំងក្លា រហូតដល់កងកម្លាំងថៃយកបន្លាលួសរបស់ខ្លួនត្រឡប់ចូលទៅវិញ។

ហេតុការណ៍នេះហើយ ដែលមានក្រុមនាំភ្លើងមួយចំនួនបានចោទប្រកាន់លើរាជរដ្ឋាភិបាល ក៏ដូចជាកងកម្លាំងកម្ពុជា ថា នៅសម្ងំស្ងាត់ស្ងៀម ហើយទុកឱ្យពលរដ្ឋជាអ្នកចេញមុខការពារទឹកដីជំនួសទៅវិញ។ប្រតិកម្មតបការចោទបែបនេះ ប្រមុខការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់តាមរយៈសំណេរលើបណ្ដាញសង្គម នារសៀលថ្ងៃទី២៦ ខែសីហា ថា៖ «បើសិនថតរូបភាព និងវីឌីអូកន្លែងកើតហេតុ ថតតែប្រជាជន យើងនឹងឃើញតែប្រជាជន តែបើថតមួយជ្រុងទៀត យើងនឹងឃើញទាំងអភិបាលខេត្ត និងអាជ្ញាធរខេត្ត ព្រមទាំងកងកម្លាំងនៅការពារព្រំដែន ទឹកដី និងការពារបងប្អូនប្រជាជនដែលកំពុងតវ៉ាលើទីតាំងដីរបស់ខ្លួន គឺនឹងឃើញរូបផ្សេង»។

កិច្ចការពារប្រទេសជាតិ ការពារព្រំដែន មិនមែនជារឿងតូចតាចទេ ហើយក៏មិនអាចបំភ្លៃព័ត៌មានបាននោះដែរ ហើយក៏គ្មានថ្នាក់ដឹកនាំណាដែលយកប្រជាជនខ្លួន ធ្វើជាខែល ឬជាឈ្នាន់ ការពារផលប្រយោជន៍ខ្លួន ដូចថ្នាក់ដឹកនាំក្បត់ជាតិមួយចំនួន ដែលរស់ស្រួល ដេកស្រួល នៅក្រៅប្រទេសនោះទេ។ នេះជាការសង្កត់ធ្ងន់របស់លោក ទៀ សីហា។
ប៉ុន្តែលោកបានបញ្ជាក់ទៅកាន់សាធារណជន ថា តាំងពីថ្ងៃទី២៨ ខែកក្កដា មកដល់ពេលនេះ កងកម្លាំងកម្ពុជា បានរក្សាការពារប្រទេស ប្រកបដោយភាពអត់ធ្មត់ជាទីបំផុត ដើម្បីអនុវត្តបទឈប់បាញ់ ដោយធ្វើយ៉ាងណាជៀសវាងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធម្តងទៀត។ តាមលោក ទៀ សីហា កងកម្លាំងកម្ពុជានៅទីតាំងកើតហេតុក្នុងឃុំអូរបីជាន់ គឺមិនមានអាវុធក្នុងដៃឡើយ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


