Connect with us

ព័ត៌មានជាតិ

កងពលតូចដឹកជញ្ជូនលេខ៩៩ ត្រៀមកម្លាំង និង មធ្យោបាយ ១០០% ដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

បានផុស

នៅ

កងពលតូចដឹកជញ្ជូនលេខ៩៩ បានត្រៀមកម្លាំង និង សម្ភារៈសង្រ្គោះរួចជាស្រេច ដើម្បីត្រៀមអន្តរាគមន៍ជួយសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងគ្រោះមហន្តរាយផ្សេងៗ ទៀត ជាយថាហេតុណាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុវត្តតាមបទបញ្ជាដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្នុងការត្រៀមលក្ខណៈអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយធម្មជាតិ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានចាត់តាំងរៀបចំ និង ពិនិត្យកម្លាំងអន្តរាគមន៍ ព្រមទាំងសម្ភារៈមធ្យោបាយសង្គ្រោះគ្រប់ប្រភេទ ឲ្យស្ថិតក្នុងស្ថានភាពត្រៀមខ្លួន ១០០% ជានិច្ច ដើម្បីឆ្លើយតប និង សង្គ្រោះបន្ទាន់ ក្នុងករណីមានគ្រោះមហន្តរាយទឹកជំនន់កើតឡើងជាយថាហេតុ តាមបណ្តាខេត្តនានា។

នៅក្នុងការត្រៀមលក្ខណៈនេះ អង្គភាពបានរៀបចំយ៉ាងហ្មត់ចត់នូវកម្លាំងអន្តរាគមន៍ នាយទាហាន នាយទាហានរង និង ពលទាហាន ដែលមានស្មារតីមុតមាំ វិន័យខ្ពស់ និង ហ្វឹកហ្វឺនជំនាញសង្គ្រោះច្បាស់លាស់ , មធ្យោបាយ និង សម្ភារៈសង្គ្រោះ រថយន្តដឹកជញ្ជូនកងទ័ពធុនធ្ងន់ អូរប័រសង្គ្រោះ ម៉ាស៊ីនអូរប័រ អាវពោង និង ឧបករណ៍ភស្តុភារបម្រុងចាំបាច់នានា ត្រូវបានត្រួតពិនិត្យបច្ចេកទេសយ៉ាងហ្មត់ចត់ ធានាការចល័តកម្លាំងឲ្យបានលឿន និង ទាន់ពេលវេលា។

ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យសម្ភារៈបម្រុងនោះ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានសង្កត់ធ្ងន់ និង ដាក់បទបញ្ជាដល់កម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវក្តាប់ឲ្យជាប់ស្មារតីទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ និង ត្រៀមលក្ខណៈចេញប្រតិបត្តិការទូទាំងប្រទេស ២៤ ម៉ោង លើ ២៤ ម៉ោង ដោយយកសុវត្ថិភាព និង អាយុជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បងបំផុត ស្របតាមពាក្យស្លោក «កងទ័ពកើតចេញពីប្រជាជន ធ្វើដើម្បីប្រជាជន និង នៅក្បែរប្រជាជនគ្រប់គ្រាលំបាក»៕
អត្ថបទ ៖ បាន ចក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម