Connect with us

ព័ត៌មានជាតិ

ប្រធានសភាអញ្ជើញកាន់បិណ្ឌទី៧នៅវត្តស្រះចកឧទ្ទិសកុសលដល់បុព្វការីជននិងវីវជនស្នេហាជាតិ

បានផុស

នៅ

ប្រធានសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា បុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន វីរជន​ស្នេហាជាតិ ញាត្តិការ​ទាំង​៧​សណ្ដាន ពិសេសវីរកងទ័ពដែលបានពលីជីវិតការពារបូរណភាពទឹកដីក្នុងការ​ប៉ះទង្គិចប្រដាប់អាវុធជាមួយថៃកាលពី​ចុង​ខែ​កក្កដាកន្លង​ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីកាន់បិណ្ឌនេះរៀបចំ​កាលពី​ថ្ងៃទី​១៣ ខែ​កញ្ញា ដោយ​មាន​ការ​ចូល​រួម​ពីញាតិមិត្ត សមាជិកសភា  ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងប្រជាពុទ្ធបរិស័ទជាច្រើនកុះករ។ 

ពិធីបុណ្យមានការបូជាទៀនធូប ផ្កាភ្ញី ថ្វាយបង្គំព្រះពុទ្ធបដិមា ក្រោមព្រះវត្តមាន សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តស្រះចក ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ដោយមានពីធីសមាទានសីល ថ្វាយបង្គំ រំលឹកដល់គុណបុណ្យព្រះរតនត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

លុះដល់ព្រឹកថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដែលត្រូវពិធីបុណ្យកាន់បិណ្ឌវេនទី៧នោះ សម្តេចរដ្ឋសភាធិបតី និងញាតមិត្តជិតឆ្ងាយ រួមជាប្រជាពុទ្ធបរិស័ទនឹងប្រារព្ធពិធីរាប់បាត្រ វេរភត្តប្រគេនព្រះសង្ឃនិមន្តព្រះសង្ឃដារបង្សុកូល ពហូឆ្លង ជាកិច្ចបង្ហើយវេនបិណ្ឌទី៧។

បុណ្យកាន់បិណ្ឌត្រូវបានពលរដ្ឋកម្ពុជាប្រារព្ធតំាងពីបុរាណកាលមក ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតកាទាំង៧សន្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧបជ្ឈាយាចារ្យ បុព្វការីជន បុព្វបុរស និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ និងសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម