Connect with us

ព័ត៌មានជាតិ

គ​.​ជ​.​ប កម្ពុជា ចូលរួម​សង្កេតការណ៍​បោះឆ្នោត​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ប្រទេស​ឥណ្ឌា​

បានផុស

នៅ

តាម​លិខិត​អញ្ជើញ​ជា​ផ្លូវការ​របស់​លោក Umesh Sinha អគ្គលេខាធិការ គ​.​ជ​.​ប ឥណ្ឌា កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ ២០២១ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប កម្ពុជា បាន​ចាត់តាំង​មន្ត្រី ជាន់ ខ្ពស់ គ​.​ជ​.​ប ចំនួន​៥​រូប ដឹកនាំ​ដោយ លោក ម៉ុក ដា​រ៉ា អគ្គលេខាធិការ​រង គ​.​ជ​.​ប ដើម្បី​ចូលរួម​កម្មវិធី សង្កេតការណ៍​បោះឆ្នោត​តាម​ប្រព័ន្ធ​អន​ឡាញ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា ចំនួន​៥​រដ្ឋ នៃ​ប្រទេស​ឥណ្ឌា ក្នុងអំឡុង ពេល​មាន​វិបត្តិ​កូ​វីដ​-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសង្កេត​ការណ៍​នេះ បាន​ប្រព្រឹត្តទៅ​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៦ ខែមេសា ឆ្នាំ២០២១។

​ទាក់ទង​ការចូលរួម​សង្កេតការណ៍​នេះ លោក ម៉ុក ដា​រ៉ា បាន​ថ្លែង​ថា ការចូលរួម​សង្កេតការណ៍​តាម​ប្រព័ន្ធ​អន​ឡាញ គឺជា​ការផ្តល់​ឱកាស​ដល់ គ​.​ជ​.​ប កម្ពុជា បាន​សិក្សា ស្វែងយល់ និង​សង្កេតមើល​ពី​ដំណើរការ​នៃ​ការបោះឆ្នោត នៅ​ប្រទេស​មួយ​ដែល​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​កម្រិត​ខ្ពស់ ជាពិសេស​ក្នុង​បរិបទ​នៃ​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ គ​.​ជ​.​ប ឥណ្ឌា បាន​យកចិត្តទុកដាក់​ខ្លាំង​លើ​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ ដែល​រួមមាន​ការ​តម្រង់​ជួរ​ដោយ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ការពិនិត្យ​កម្តៅ ការ​ពាក់​ម៉ាស ឬ​របាំងមុខ ពាក់​ស្រោមដៃ និង​បាញ់​អាល់កុល សម្រាប់​អ្នកបោះឆ្នោត ហើយ​មន្ត្រី​បោះឆ្នោត​ត្រូវបាន​ចាក់​វ៉ា​ក់ សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ គ្រប់ៗ​គ្នា​។

ប្រទេស​ឥណ្ឌា​បាន និង​កំពុង​រៀបចំ​ការបោះឆ្នោត​នៅក្នុង​រដ្ឋ​ចំនួន ៥ គឺ​រដ្ឋ Assam រដ្ឋ Kerala រដ្ឋ Tamil Nadu រដ្ឋ West Bengal និង​ដែនដី​សហភាព Union Territory of Puducherry​។

​ចំពោះ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក រដ្ឋសភា ឆ្នាំ​២០២១ ក្នុង​រដ្ឋ​ទាំង ៥​នេះ លោក ម៉ុក ដា​រ៉ា បានកត់សម្គាល់​អំពី​តួលេខ​សំខាន់ៗ​រួមមាន មណ្ឌលបោះឆ្នោត​មាន​ចំនួន​៨២៤ មណ្ឌល​, ការិយាល័យ​បោះឆ្នោត មាន​ចំនួន​១៥៣,៥៣៨ ការិយាល័យ​, ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​មាន​ចំនួន​ប្រមាណ​១០៧ លាន​នាក់​, អ្នកបោះឆ្នោត​ក្នុង​មួយ​ការិយាល័យ​ត្រូវ​កាត់បន្ថយ​មក​ត្រឹម​១,០០០ នាក់ ដោយសារ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ស្របតាម​វិធាន​សុខាភិបាល​, អ្នកសង្កេតការណ៍ មាន​ចំនួន​៥៦៥ នាក់​។

កម្មវិធី​សង្កេតការណ៍​បោះឆ្នោត​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ប្រទេស​ឥណ្ឌា ក្រៅពី​មានការ​ចូលរួម​ពី គ​.​ជ​.​ប កម្ពុជា ក៏មាន​ការចូលរួម​សង្កេតការណ៍​ពី​ប្រតិភូ ចំនួន​១១០​រូប មកពី​២៦ ប្រទេស​ផ្សេង ទៀត ព្រមទាំង​មានការ​ចូលរួម​ពី​អង្គការ​អន្តរជាតិ​ចំនួន​៣​ទៀត រួមមាន​: អង្គការ​មូលនិធិ​អន្តរជាតិ​សម្រាប់​ប្រព័ន្ធ​បោះឆ្នោត (IFES), វិទ្យាស្ថាន​អន្តរជាតិ​ដើម្បី​ប្រជាធិបតេយ្យ និង​ជំនួយ​ផ្នែក​បោះឆ្នោត (International IDEA), សមាគម​នៃ​ស្ថាប័ន​បោះឆ្នោត​ពិភពលោក (A-WEB) និង​ការចូលរួម​សង្កេតការណ៍​ពី​អគ្គរដ្ឋទូត​នៃ​ប្រទេស Georgia អគ្គរដ្ឋទូត​នៃ​ប្រទេស Uzbekistan ឧ​ត្ត​ម​ស្នងការ​ស្តីទី​នៃ​ប្រទេស Sri Lanka និង​សមាជិក​អង្គទូត​ផ្សេងៗ​ទៀតផង​ដែរ​។

សូម​បញ្ជាក់​ថា នេះ​គឺជា​លើក​ទី​២ ហើយ​ដែល គ​.​ជ​.​ប កម្ពុជា​បាន​ចូលរួម​សង្កេត ការណ៍​បោះឆ្នោត​តាម​ប្រព័ន្ធ​អន​ឡាញ សម្រាប់​ការបោះឆ្នោត​នៅ​ប្រទេស​ឥណ្ឌា​។ ការសង្កេត​ការណ៍​លើក​ទី​១ គឺ​ការចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ​រដ្ឋ​ប៊ី​ហារ​នៃ​ប្រទេស​ឥណ្ឌា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម