នយោបាយ
លោក ញឹក ប៊ុនឆៃ ថា ការរួបរួមគ្នាជាមួយហ៊្វុនស៊ិនប៉ិចឈានដល់ពេលមួយ ដែលមិនអាចទៅរួច
លោក ញឹក ប៊ុនឆៃ បានអះអាងថា ការរួបរួមគ្នារវាងគណបក្សខ្មែររួបរួមជាតិ ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច បានឈានដល់ចំណុចមួយដែលមិនអាចទៅរួចទេ ដោយសារតែជម្លោះផ្ទៃក្នុង ហ៊្វុនស៊ិនប៉ិច កាន់តែខ្លាំងទៅៗ ហើយពេលវេលានៃការបោះឆ្នោត ឃុំ សង្កាត់ កាន់តែខិតជិតចូលមកដល់ មិនអាចរង់ចាំតទៅទៀតទេ។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានថ្លែងប្រាប់កម្ពុជាថ្មីយ៉ាងនេះថា “ខ្ញុំថាមកដល់ពេលនេះការរូបរួមគ្នាអស់លទ្ធភាពហើយ ព្រោះផ្ទៃក្នុងរបស់គណបក្សហ៊្វុនស៊ិនប៉ិច ទោះបីពេលនេះសម្ដេចក្រុមព្រះនរោត្តមរណឫទ្ធិ ដែលជាព្រះប្រធានគណបក្សបានចូលទីវង្គតហើយក្តី បញ្ហាផ្ទៃក្នុងនៅតែប្រឈមដដែល ហើយកាន់តែខ្លាំងទៅខ្លាំងទៅ”។ លោកថា មួយក្រុមមួយក្រុមអះអាងពីការគោរពស្រឡាញ់សម្ដេចក្រុមព្រះ ប៉ុន្តែបើគោរពស្រឡាញ់គួរតែរួបរួមគ្នា សាមគ្គីជាធ្លុងមួយ។
ដោយសារតែបញ្ហាផ្ទៃក្នុងនេះ លោក ញឹក ប៊ុនឆៃ បានអះអាងថា “ការរួបរួមគ្នារវាងគណបក្សខ្ញុំ ខ្មែររូបរួមជាតិជាមួយគណបក្សហ៊្វុនស៊ិនប៉ិចនេះ មកដល់ពេលមួយមិនអាចរួបរួមគ្នាបាន។ ពីព្រោះទីមួយ បញ្ហាផ្ទៃក្នុង មិនទាន់បានដោះស្រាយចប់ ដែលត្រូវអូសបន្លាយពេលវេលាតទៅទៀត ហើយប្រសិនបើខ្ញុំរួបរួមវាអាចត្រូវខាងនេះ មិនត្រូវខាងនោះ អាចមានបញ្ហាក្នុងការរួបរួមគ្នាផង នឹងធ្វើឲ្យប៉ះពាល់ជាមួយខ្ញុំផង ដោយមានអ្នកខ្លះសប្បាយចិត្ត អ្នកខ្លះមិនសប្បាយចិត្ត ធ្វើឱ្យមានការជេរប្រទេចផ្ដាសាផងក៏ថាបាន។ ទី២ ពេលវេលានៃការរូបរួមគ្នាបានអូសបន្លាយតាំងពីឆ្នាំ២០១៩ មក ដែលខ្ញុំរង់ចាំឲ្យមានការបង្រួបបង្រួម ដូច្នេះខ្ញុំមិនអាចអូសបន្លាយរង់ចាំតទៅទៀតទេ ដោយសារតែពេលវេលានៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កាន់ខិតជិតចូលមកជិតដល់ហើយ”។

អ្វីដែលសំខាន់ទៀតនោះ លោក ញឹក ប៊ុនឆៃ បានឲ្យដឹងថា ស្លាកសញ្ញាគណបក្សដែលបានជួសជុល និងធ្វើឡើងវិញនោះ បានធ្វើរួចរាល់ទៅហើយ ដូច្នេះមិនអាចរង់ចាំតទៅទៀតបានទេ។ លោកថា បច្ចុប្បន្ននេះ លោកបានលើកផ្លាក ជួសជុលផ្លាកនៅទូទាំងប្រទេសជាបន្តបន្ទាប់ ហើយបេក្ខភាព ឃុំ សង្កាត់ ទូទាំងប្រទេស រៀបចំបានប្រមាណ៥០ ភាគរយទៅហើយ ដូច្នេះបើមានការរួបរួម ធ្វើឲ្យមានការប្រែប្រួលបន្តទៀត នឹងមានបញ្ហា ពីព្រោះការរួបរួមតែងតែមានការផ្លាស់ប្ដូរ ទាមទារបែបនេះ ទាមទារបែបនោះ ដែលតម្រូវឱ្យមានការរូសរើថែមទៀត ហើយធ្វើឲ្យប៉ះពាល់អ្វីដែលលោកបានខិតខំប្រឹងប្រែងកន្លងមក។
បើតាមលោកញឹក ប៊ុនឆៃ ក្រៅពីបញ្ហាខាងលើនេះ អាវគណបក្ស សម្រាប់ផ្សព្វផ្សាយនៅតាមមូលដ្ឋាន ឃុំ សង្កាត់ សុទ្ធតែត្រូវការពេលវេលា ដើម្បីរៀបចំ ហើយលោកក៏បានរៀបចំរួចរាល់មួយចំនួនដែរ។ លោកថា បញ្ហានេះ យ៉ាងហោចណាស់ត្រូវរៀបចំមុន៣ ខែដែរ មុននឹងចាប់ផ្ដើមឃោសនា។ ចំណែកថវិកា ក៏បានចំណាយច្រើនណាស់ដែរ ដូច្នេះបើវិលទៅរកការរួបរួមគ្នាវិញ អ្វីៗដែលបានរៀបចំរួច គឺត្រូវចោលទាំងអស់។ លោកបញ្ជាក់ដែរថា ទៅថ្ងៃខាងមុខ បើហ៊្វុនស៊ិនប៉ិចនៅតែបែបនេះ ក៏មិនអាចរួបរួមគ្នាបានដែរ។
សូមបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលមេដឹកនាំមានអតីតភាពពីគណបក្សតែមួយ (ហ៊្វុនស៊ិនប៉ិច) មានបំណងរួបរួមគ្នាជាច្រើនលើកច្រើនសារួចមកហើយ ក្រោយពីការបែកបាក់ដ៏ស្រួចស្រាល់មួយ ប៉ុន្តែមិនបានសម្រេច ដោយសារតែមិនចុះសម្រុងគ្នាលើបញ្ហាជាច្រើន ជាពិសេសបញ្ហាផ្ទៃក្នុងរបស់ហ៊្វុនស៊ិនប៉ិច។ គណបក្សហ៊្វុនស៊ិនប៉ិច ដែលអះអាងថា ជាគណបក្សរាជានិយម ដែលមានសម្តេចក្រុមព្រះជាប្រធាន បានធ្លាក់ចុះជាបន្តបន្ទាប់ ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ រហូតគ្មានអាសនៈសូម្បីតែមួយនៅក្នុងរដ្ឋសភា ហើយគណបក្សត្រូវបានបែកខ្ញែកជាចំរៀកៗ៕
កោះកែវ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


