នយោបាយ
ប្រមុខការទូតកម្ពុជាថា មិនចង់ឃើញមីយ៉ាន់ម៉ាដើរជាន់«ដានចាស់កម្ពុជា»កាលពីអតីតកាលឡើយ
នឹកភ្នកគិតដល់អតីតកាលដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានបង្ហាញអារម្មណ៍ស្រងេះស្រងោចចំពោះប្រទេស និងប្រជាជនមីយ៉ាន់ម៉ា។ លោកបានពោលពាក្យថា មិនចង់ឃើញមីម៉ាន់ម៉ាដើរជាន់«ដានចាស់កម្ពុជា»ក្នុងអតីតកាលឡើយ ពោល គឺលោកសង្ឃឹមថា ប្រជាជនមីយ៉ាន់ម៉ា នឹងមិនជួបវាសនាដូចគ្នានេះទេ។

តាមរយៈទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃពុធ លោក ប្រាក់ សុខុន បានសរសេរថា៖ «មុនពេលខ្ញុំត្រៀមចេញដំណើរទៅកាន់ទីក្រុងភ្នំពេញវិញនៅព្រឹកនេះ ខណៈដែលកំពុងឈរមើលផ្ទៃបឹងអ៊ីនយ៉ាដ៏ស្អាតហើយស្ងប់ស្ងាត់ក្នុងទីក្រុងយ៉ាងហ្គូន ខ្ញុំបានពិចារណាពីដំណើរទស្សនកិច្ចការងាររបស់ខ្ញុំនៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន។ ស្របពេលនោះដែរ ខ្ញុំក៏បាននឹកឃើញពីអតីតកាលដ៏ជូរចត់របស់ប្រទេសកម្ពុជា ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម និងអំពើហឹង្សា។ ហើយខ្ញុំសង្ឃឹមថា ប្រជាជនមីយ៉ាន់ម៉ានឹងមិនជួបវាសនាដូចគ្នានេះទេ»។

លោក ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា បានវិលមកដល់ប្រទេសកម្ពុជាវិញកាលពីព្រឹកថ្ងៃពុធ ម្សិលមិញ បន្ទាប់ពីធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ តាមរយៈទំព័រហ្វេសប៊ុកដដែល លោកប្រមុខការទូតកម្ពុជា បានអះអាងថា គោលបំណងស្នូលរបស់អាស៊ាន គឺនៅដដែល ដោយជំរុញការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។ ក្នុងអំឡុងពេលពីរថ្ងៃនៅមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន មានកម្មវិធីដែលគ្រោងទុកជាង១០ ដោយលោកបានជួប ស្តាប់ និងបញ្ចេញមតិ ជាមួយតួអង្គសំខាន់ៗមួយចំនួនក្នុងការកសាងសន្តិភាពនៅមីយ៉ាន់ម៉ា។
លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា៖ «យើងបានដឹងច្បាស់ហើយថា កាលវិភាគដ៏ចង្អៀតនៃដំណើរទស្សនកិច្ចនេះ នឹងមិនអនុញ្ញាតឱ្យយើងជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នោះទេ ប៉ុន្តែយើងនៅតែសង្ឃឹមថា នឹងអាចជួបភាគីផ្សេងៗជាច្រើនទៀត ក្នុងអំឡុងពេលទស្សនកិច្ចនាពេលខាងមុខក្នុងឆ្នាំនេះ»។

យ៉ាងណាក៏ដោយ ក្នុងនាមតំណាងឲ្យប្រធានអាស៊ាន លោក ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ភាគីទាំងអស់ដែលចូលរួមចំណែកធ្វើឱ្យទស្សនកិច្ចនេះ បានប្រព្រឹត្តទៅដោយរលូន។ លោកបន្តថា ប្រាកដណាស់ នេះ គឺជាជំហានមួយទៀតឆ្ពោះទៅមុខ ហើយលោកប្តេជ្ញាថា នឹងបោះជំហានបន្តបន្ទាប់ទៀតតាមដែលអាចធ្វើទៅបានក្នុងនាមជាប្រេសិតពិសេស និងជាពលរដ្ឋម្នាក់នៅក្នុងគ្រួសារអាស៊ាន។ ជាមួយនឹងភាពអត់ធ្មត់ និងការតស៊ូព្យាយាម «យើងនឹងទទួលបានជោគជ័យរួមគ្នា»៕
ដោយ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា