Connect with us

ព័ត៌មានជាតិ

បទវិចារណកថា​៖ ​ជារឿង​ចៃដន្យ​ឬចេតនាដែល​ Al Jazeera​ ចុះផ្សាយ​ថា​មន្ដ្រីកម្ពុជាពាក់ព័ន្ធ​ជាមួយ​អ្នកជំនួញ​ផ្លូវងងឹត​ជនជាតិចិន

បានផុស

នៅ

កាលពីថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០២២ ​សារព័ត៌មានបរទេសមួយឈ្មោះ ​Al Jazeera​ បានចេញផ្សាយ​របាយការណ៍ព័ត៌​មានដោយលាតត្រដាងថា​ មន្ដ្រីរដ្ឋាភិបាលកម្ពុជាមួយចំនួនបាន​ជាប់ពាក់ព័ន្ធ​ជាមួយ​នឹងបុរសជនជាតិចិនម្នាក់ឈ្មោះ តុង លីឆឹង (Dong Lecheng) ដែលជាអ្នកជំនួញ​ដ៏ល្បី​របស់​ចិន។

​អ្នកជំនួញ​រូបនេះត្រូវ​គេអះអាងដែរថា​ ជាប់ជំពាក់នឹងសំណុំរឿង​ឧក្រិដ្ឋកម្មជួញដូរមនុស្ស​ តាមរយៈ​ការឆបោកតាមអ៊ីនធឺណេត​ប្រព្រឹត្ដដោយក្រុមជនជាតិចិន​នៅក្នុងប្រទេសកម្ពុជា។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍ចេញផ្សាយ​ជាវីដេអូមានរយៈពេលជាង៤០នាទី​ បានរៀបរាប់ពីការស៊ើប​អង្កេតលើ​អំពើជួញដូរមនុស្ស កើតឡើងដោយប្រតិបត្ដិការបោកប្រាស់តាមអ៊ីនធឺណេតរបស់ជនជាតិចិននៅកម្ពុជា និងបណ្ដាញ​របស់ពួក​គេដែលពាក់ព័ន្ធជាមួយមន្ដ្រីរដ្ឋាភិបាលកម្ពុជា។ ​នៅក្នុងរបាយការណ៍ស៊ើបអង្កេត​របស់​សារព័ត៌មានAl Jazeeraរកឃើញទៀតថា ជនរងគ្រោះដោយសារតែការបោកប្រាស់​តាមអ៊ីនធឺណេត​ពីសំណាក់ជនជាតិចិន គឺត្រូវបានបង្ខាំងនៅអគារ China Town ក្នុងខេត្ដព្រះសីហនុ។ 

​តាម Al Jazeera លោក តុង លីឆឹង ​បានភ្ជាប់ខ្លួនជាមួយថ្នាក់ដឹកនាំ​ និងមន្ដ្រីជាន់ខ្ពស់ជាច្រើនរូប​ទៀត។​ លោក តុង លឺឆឹង មានជំនួញជាច្រើននៅកម្ពុជា ក្នុងនោះលោកជាជនសំខាន់​ម្នាក់ជាប់​ព័ន្ធនឹងគម្រោងអគារ China Town នៅព្រះសីហនុ ហើយលោកក៏មានជំនួញ​ជាមួយសែស្រឡាយ​របស់សមាជិកព្រឹទ្ធសភាលោក កុក អាន ផងដែរ។ អ្វីដែលសំខាន់ Al Jazeera ថា កាលពីឆ្នាំ២០១៨ លោក តុង លឺឆឹង បានផ្ដល់យន្ដហោះដ៏ទំនើបមួយគ្រឿងដល់នាយករដ្ឋមន្ដ្រីកម្ពុជា ដើម្បីធ្វើដំណើរ​ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅសហរដ្ឋអាមេរិក។

ជារួម សារព័ត៌មានមួយនេះ​បានបញ្ចេញសាច់រឿងលម្អិតតាមរយៈការសម្ភាស​ប្រភពជាច្រើន​មាន​ទាំងជនជាតិខ្មែរ ជនជាតិចិន រួមនឹងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ក្នុងចេតនាចង់បានការបញ្ជាក់ថា ខេត្ដព្រះសីហនុ ពិតជាមានទីតាំង​បង្ខាំងមនុស្សខុសច្បាប់ប្រព្រឹត្ដដោយក្រុមជនជាតិចិន ដែលមាន លោក តុង លីឆឹង នៅពីក្រោយ និងចង់អះអាងថាករណីនេះពិតជាមាន​ទាក់ទងនឹងមន្ដ្រី​រដ្ឋាភិបាល​កម្ពុជាមួយចំនួន។

​និយាយពីករណីបង្ខាំង​មនុស្សនៅក្នុងខេត្ដព្រះសីហនុ​ ធ្លាប់មានការលើកឡើងច្រើន​លើកច្រើនសារ​មកហើយ។ អាជ្ញាធរក៏តែងចុះទៅស្រាវជ្រាវភ្លាមៗនៅពេលដែលមានសេចក្ដីរាយការណ៍ ឬមាន​ពាក្យបណ្ដឹង។ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ និងស្នង​ការខេត្ដព្រះសីហនុ ក៏ទើបបានធ្វើសន្និសីទកាសែតបញ្ជាក់ពីករណីថ្មីមួយ ដែលថាមានមនុស្ស​១៣នាក់​ត្រូវបានបង្ខាំងទុកដោយខុសច្បាប់។ 

ព័ត៌មាននេះទទួលបានដោយសារមានការដាក់ពាក្យបណ្ដឹងទៅអភិបាលខេត្ដព្រះសីហនុ លោកគួច ចំរើន ប៉ុន្ដែនៅពេលចុះស្រាវជ្រាវដល់ទីតាំង មិនដូចជាអ្វីដែលបានលើកឡើងក្នុងពាក្យបណ្ដឹងឡើយ។ ​អ្នកដាក់ពា្យបណ្ដឹងនោះក៏មិនមានប្រភពច្បាស់ការ ដឹងត្រឹមថាជាជនជាតិចិនលាក់មុខប៉ុណ្ណោះ និងមិនដឹងគេមានបំណងយ៉ាងណាឱ្យពិតប្រាកដ។ 

ដូច្នេះទាញភ្ជាប់ទៅនឹងអ្វីដែលសារព័ត៌មាន Al Jazeera បានចេញផ្សាយថា មានការបង្ខាំងមនុស្ស​ទុកជួញដូរនៅក្នុងខេត្ដព្រះសីហនុ អាជ្ញាធរខេត្ដនេះរកមិនទាន់ឃើញមានការជួញ​ដូរមនុស្ស​ទ្រង់​ទ្រាយ​ធំណាមួយកើតឡើងទេ។

​បើដូច្នេះតើរបាយការណ៍ព័ត៌មានរបស់ Al Jazeera ជាការពិតមែនឬយ៉ាងណា?

ទោះបីជានៅក្នុងការចេញផ្សាយ​របស់ Al Jazeera មានបង្ហាញពីការសម្ភាសប្រភពជាច្រើនផ្សេងៗគ្នា តែការជឿទុកចិត្ដបានគឺនៅតែស្ថិតក្នុងកម្រិតមួយ។ ​ការចេញផ្សាយរបាយការណ៍ហាក់បង្កនូវមន្ទិលសង្ស័យ​ ហើយមានភាពប្រទាក់ក្រឡាជាមួយ​នឹង​ចំណាត់ការរបស់ប្រទេសលោកខាងលិចដាក់លើកម្ពុជា។ 

តួយ៉ាងសារព័ត៌មាននេះបានព្យាយាមលើកពីសាច់រឿងដែលថ្នាក់ដឹកនាំ និងមន្ដ្រីកម្ពុជាជាប់ពាក់ព័ន្ធជាមួយជនជាតិចិន ស្របពេលទំនាក់​ទំនងរវាងកម្ពុជា-ចិន កំពុងត្រូវបានបណ្ដាប្រទេសលោកខាងលិចតាមដានមិនដាក់ភ្នែក ពិសេសគឺ​សហរដ្ឋអាមេរិក។ សារព័ត៌មានដដែលក៏បានរំលេចពីការជួញដូរមនុស្សនៅកម្ពុជា ស្របពេលកម្ពុជា​ក៏ទើបត្រូវបានអាមេរិកបញ្ចូលក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្សទាំងមិននឹកស្មានដល់។

ដូច្នេះទើបមានសំណួរចោទថា របាយការណ៍ព័ត៌មានស៊ើបអង្កេតនេះ ធ្វើឡើងដោយត្រឹមត្រូវ មាន​ឯក​រាជ្យភាព សុក្រឹតភាព ឬក៏មាននិន្នាការនយោបាយ និងមានការបង្គាប់បញ្ជាពីនរណាម្នាក់?

​ការដាក់ចម្ងល់ដូច្នេះ ព្រោះតែមិនមែនជាលើកទីមួយទេដែល​កម្ពុជាធ្លាប់ត្រូវបានបណ្ដា​ប្រទេស​មួយចំនួនរៀបចំសេណារីយ៉ូដាក់កំហុស ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ​ប្រកូកប្រកាស​ពីចំណុច​អវិជ្ជមាន អូសទាញឱ្យអន្ដរជាតិមើលមកកម្ពុជាក្នុងផ្លូវមិនល្អ នៅពេលកម្ពុជា​មិនព្រមធ្វើ​តាម​ការ​បញ្ជា ឬធ្វើឱ្យបាត់បង់ប្រយោជន៍របស់ពួកគេ​។ អាមេរិកលេចធ្លោខ្លាំង​ជាងគេក្នុងការ​ដាក់សម្ពាធ​មកលើកម្ពុជា។

​ម្យ៉ាងវិញទៀត របាយការណ៍ដែលសារព័ត៌មាន Al Jazeera បានចេញផ្សាយ ត្រូវបានភាគីកម្ពុជា​ច្រានចោលទាំងស្រុង។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់​ប្រាប់សារព័ត៌​មានក្នុងស្រុកមួយ ដោយលោកចាត់ទុកការផ្សាយនេះជាព័ត៌មានប្រទូសរ៉ាយតែប៉ុណ្ណោះ។ លោកសង្កត់ធ្ងន់ថា ព័ត៌មានដែលចេញផ្សាយរបៀបនេះប្រទេសណាក៏មានដែរ ដូច្នេះត្រូវតែរួម​គ្នាទប់ស្កាត់និងកម្ចាត់ឱ្យបាន។

​អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខ ឥសានវិញ ចាត់ទុកការអះអាងថា មានអ្នកជំនួញចិន​ឧបត្ថម្ភ​យន្ដហោះដល់នាយករដ្ឋមន្ដ្រីកម្ពុជា ជារឿងមិនពិត។ លោកថារាជរដ្ឋាភិបាលកម្ពុជាមានលុយគ្រប់គ្រាន់ដើម្បីចំណាយលើការធ្វើដំណើរ មិនចាំបាច់យកយន្ដហោះមកពីណាជួយទេ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាយល់ឃើញថា អ្វីដែល Al Jazeera ចេញផ្សាយ ជាការនិយាយលម្អៀងខាងមនោគមន៍វិជ្ជា និងមានចេតនាមូលបង្កាច់កម្ពុជាតែប៉ុណ្ណោះ។ ដោយឡែកពាក់ព័ន្ធថា មានការចូលដៃចូលជើងជាមួយក្រុមទុច្ចរិត លោក សុខ ឥសាន ថារឹតតែមិនអាចទៅរួច ព្រោះរាល់លើកនៅពេលមានករណីនេះកើតឡើងរាជរដ្ឋាភិបាលកម្ពុជាតែងចាត់វិធានការជានិច្ច។

សរុបមក ការចេញផ្សាយរបាយការណ៍ព័ត៌មានដែលរសើប ហើយមានពាក់ព័ន្ធនឹងថ្នាក់ដឹកនាំប្រទេសណាមួយ គួរមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ព្រោះវាអាចជះឥទ្ធិពលអាក្រក់ ធ្វើឱ្យប្រទេសនោះបាត់បង់សណ្ដាប់ធ្នាប់ មានអស្ថិរភាព ឬជួបភាពចលាចលបាន។ ប្រសិនបើការចេញផ្សាយព័ត៌មានមានគោលបំណងញុះញង់ បង្កឱ្យមានការភាន់ច្រឡំ សារព័ត៌មាននោះអាចប្រឈមនឹងចំណាត់ការផ្លូវច្បាប់។ 

សម្រាប់កម្ពុជា ក៏មិនគួរណាត្រូវបានចាត់ទុកជាទីតាំងជួញដូរមនុស្សដ៏អាក្រក់បំផុតនោះដែរ។ ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវការលុបបំបាត់ការជួញដូរមនុស្ស កម្លាំងមានសមត្ថកិច្ចរបស់កម្ពុជាបានចុះអនុវត្ដសកម្មភាពជាប្រចាំ។ ថ្មីៗនេះរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏ទើបបានប្រកាសដាក់ចេញចំណាត់ការទ្រង់ទ្រាយធំមួយទៀត គឺការធ្វើប្រតិបត្ដិការត្រួតពិនិត្យលើជនបរទេសទាំងអស់ដែលរស់នៅកម្ពុជា ដើម្បីស្វែងរកមុខសញ្ញាអ្នកជួញដូរមនុស្ស និងដើម្បីស្វែងរកជនបរទេសដែលរស់នៅខុសច្បាប់។ 

នេះសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា កម្ពុជាមិនឱ្យជនណាមកបង្កបញ្ហាបំផ្លាញសន្ដិភាព និងស្ថិរភាពដែលខំស្វែងរកបានយ៉ាងលំបាកនោះឡើយ។ កម្ពុជាជារដ្ឋឯករាជ្យមានសិទ្ធិជាម្ចាស់លើខ្លួនឯង គ្មាននរណាម្នាក់មកលាបពណ៌បានជាដាច់ខាត ទោះបីអ្នកនោះជាមហាអំណាចពិភពលោកក៏ដោយចុះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម