នយោបាយ
ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងបើកវេទិកាជជែកពិភាក្សាពីបញ្ហាបដិវត្តន៍ពណ៌ និងសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងវិវត្ត
នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំវេទិកាភ្នំពេញលើកទី៣ស្តីពី បដិវត្តន៍ពណ៌ និងសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងវិវត្ត៖ បញ្ហាប្រឈមចំពោះអធិបតេយ្យ និងលទ្ធិប្រជាធិបតេយ្យ។ វេទិកាភ្នំពេញលើកទី៣ នឹងធ្វើឡើងពេញមួយថ្ងៃតែម្តង ដោយនឹងមានការចូលរួមជជែកពិភាក្សាពីសាស្រ្តាចារ្យ បណ្ឌិត អ្នកជំនាញនានានៅក្នុងប្រទេសកម្ពុជា និងមកពីប្រទេសចិន កូរ៉េខាងត្បូង បង់ក្លាដែស ប៉ាគីស្ថាន ស្រីលង្កា និងប្រទេសរុស្ស៊ី។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងប្រាប់សារព័ត៌មានកម្ពុជាថ្មីនារសៀលថ្ងៃអង្គារនេះថា សណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងវិវត្ត បានបង្ហាញពីភាពស្មុគស្មាញកាន់តែខ្លាំងឡើង។ លោកបណ្ឌិតថា ខណៈពេលដែលជវភាពអំណាចមានការផ្លាស់ប្តូរ និងខណៈដែលបច្ចេកវិទ្យាបង្កើនល្បឿន ការឈានទៅដល់នៃគំនិតអន្តរកម្មរវាងចលនាក្នុងស្រុក និងចរន្តពិភពលោកកាន់តែលេចឡើងយ៉ាងច្បាស់។ អន្តរកម្មនេះ ប្រឈមទៅនឹងគំនិតបែបប្រពៃណីនៃអភិបាលកិច្ច ការទូត និងភាពធន់របស់ជាតិ។ ជាឧទាហរណ៍ ឥទ្ធិពលដែលកំពុងកើនឡើងនៃប្រព័ន្ធផ្សព្វផ្សាយសង្គមនិងវេទិកាឌីជីថល បានផ្លាស់ប្តូរវិធីសាស្ត្រនៃការរៀបចំចលនានានា ទម្រង់នៃនិទានកថានយោបាយ និងរបៀបឆ្លើយតបរបស់រដ្ឋាភិបាល។
បើតាមលោកបណ្ឌិត គិន ភា គឺនៅក្នុងបរិបទនេះហើយ ទើបវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាភ្នំពេញលើកទី៣ ក្រោមប្រធានបទ«បដិវត្តន៍ពណ៌និងសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងមានការវិវត្ត៖បញ្ហាប្រឈមចំពោះអធិបតេយ្យនិងប្រជាធិបតេយ្យ»នេះឡើង។ វេទិកានេះ នឹងស្វែងយល់ពីរបៀបដែលបដិវត្តន៍ពណ៌បានប្រឈមនឹងសញ្ញាណបែបប្រពៃណីអំពីអធិបតេយ្យ និងថាតើបដិវត្តន៍ពណ៌លើកកម្ពស់ ឬក៏បង្កអស្ថិរភាពនៃអភិបាលកិច្ចបែបប្រជាធិបតេយ្យ។ វេទិកានេះ នឹងពិនិត្យមើលភាពតានតឹងរវាងចលនានយោបាយក្នុងស្រុកនិងការឆ្លើយតបរបស់អន្តរជាតិ ដោយឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃបដិវត្តន៍ពណ៌ទៅលើអភិបាលកិច្ចសកល អធិបតេយ្យរបស់រដ្ឋ និងនិយាមអន្តរជាតិដែលកំពុងលេចឡើងនៅក្នុងសតវត្សរ៍ទី២១នេះ។

វេទិកាភ្នំពេញលើកទី៣នេះ រៀចំធ្វើឡើងក្នុងគោលបំណងសំខាន់៤ គឺទី១.គឺវិភាគលើជវភាពនៃបដិវត្តន៍ពណ៌ ទី២.គឺស្វែងយល់ចំណុចប្រសព្វគ្នារវាងអធិបតេយ្យ និងនិយាមអន្តរជាតិ ទី៣.គឺវាយតម្លៃឥទ្ធិពលនៃភូមិសាស្ត្រនយោបាយទៅលើសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងកើតឡើង និងទី៤.គឺផ្ដល់គំនិតអំពីយុទ្ធសាស្រ្តនិងយន្តការដើម្បីបង្ការបដិវត្តន៍ពណ៌។ ក្រៅពីកម្មវិធីបើក និងកម្មវិធីបិទ វេទិកានេះ ក៏នឹងចែកចេញជា៤វគ្គ ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៤ រួមមានទី១. ជវភាពនៃបដិវត្តន៍ពណ៌និងអធិបតេយ្យរបស់រដ្ឋ ទី២. ការសន្យានៃលទ្ធិប្រជាធិបតេយ្យនិងអន្ទាក់នៃបដិវត្តន៍ពណ៌ដោយផ្តោតលើ ករណីសិក្សា និងមេរៀនកន្លងមកនៅក្នុងតំបន់ ទី៣. ការប្រកួតប្រជែងអំណាចពិភពលោក ដែលក្នុងនោះ បដិវត្តន៍ពណ៌កំពុងក្លាយជាសមរភូមិដើម្បីដណ្ដើមឥទ្ធិពល និងទី៤. យុទ្ធសាស្រ្ត និងយន្តការដើម្បីបង្ការបដិវត្តន៍ពណ៌។
លោកបណ្ឌិត គិន ភា បានអះអាងថា៖«ថ្ងៃនេះ យើងមានឱកាសស្តាប់ទស្សនៈ និងគំនិតដ៏ភ្លឺស្វាងរបស់វាគ្មិនដ៏ចំណានៗរបស់យើងមកពីក្នុងតំបន់ និងក្រៅតំបន់ រួមមាន កម្ពុជា ចិន បង់ក្លាដែស ប៉ាគីស្ថាន ស្រីលង្កា និងរុស្ស៊ី។ ទស្សនៈ និងគំនិតភ្លឺស្វាងរបស់វាគ្មិនទាំងអស់ នឹងជួយឱ្យយើងយល់ដឹងអំពីបាតុភូតនៃបដិវត្តន៍ពណ៌ និងសណ្តាប់ធ្នាប់ពិភពលោកដែលកំពុងវិវត្ត ព្រមទាំងស្វែងយល់ពីយុទ្ធសាស្រ្ត ដើម្បីធានាថា អធិបតេយ្យ និងលទ្ធិប្រជាធិបតេយ្យមិនអាចផ្តាច់ពីគ្នាបាន ប៉ុន្តែ បំពេញឱ្យគ្នាទៅវិញទៅមក»។

វេទិកាភ្នំពេញ គឺជាយន្តការបណ្ឌិតសភាមួយ ដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជានៅក្នុងឆ្នាំ២០២២។ ការបង្កើតនូវវេទិកានេះឡើង ក្នុងគោលបំណងផ្តល់វេទិកាដល់បញ្ញវន្ត អ្នកសិក្សាស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយនិងយុទ្ធសាស្ត្រ ដើម្បីចូលរួមពិភាក្សាស៊ីជម្រៅ និងប្រកបដោយអត្ថន័យអំពីសមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាព និងទស្សនវិស័យនានាពាក់ព័ន្ធនឹងវិស័យនយោបាយ សន្តិសុខ ការទូត សេដ្ឋកិច្ច បរិស្ថាន និងសង្គមវប្បធម៌ក្នុងកម្រិតតំបន់និងពិភពលោក។ ដោយឡែក ប្រធានបទនៃវេទិកាភ្នំពេញឆ្នាំនេះ ពិតជាមានសារៈសំខាន់ និងបច្ចុប្បន្នភាពសម្រាប់ប្រទេសកម្ពុជា តំបន់ និងពិភពលោកដែលកំពុងមានទំនាក់ទំនងគ្នាប្រកបដោយភាពប្រទាក់ក្រឡា និងភាពអាស្រ័យគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើង៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក