ព័ត៌មានជាតិ
បណ្ឌិត គិន ភា សង្ឃឹមថា វេទិកាភ្នំពេញលើកទី៤ នឹងរួមចំណែកដល់ការកំណត់របៀបវារៈអាស៊ានដែលមានតុល្យភាព និងសម្លឹងទៅមុខ
នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាភ្នំពេញលើកទី៤ ក្រោមប្រធានបទ “ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម៖ ស្វ័យភាពជាយុទ្ធសាស្ត្រ និងជម្រើសគោលនយោបាយរបស់អាស៊ាន” ដែលប្រមូលផ្តុំដោយអ្នកជំនាញ អ្នករៀបចំនយោបាយ អ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិជំនាញ មកពីប្រទេសកម្ពុជា អាល្លឺម៉ង់ ឥណ្ឌា ហ្វីលីពីន និងសាធារណរដ្ឋកូរ៉េ ដែលនឹងពិភាក្សាជា៣វគ្គ ផ្តោតលើជម្រើសនយោបាយអាស៊ានក្នុងបរិបទពិភពលោកបច្ចុប្បន្ន។

ថ្លែងនៅព្រឹកថ្ងៃទី៨ ខែតុលា បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ក្រោមប្រធានបទឆ្នាំ២០២៥នេះ មិនត្រឹមតែជាលំហាត់បែបគរុសភាប៉ុណ្ណោះទេ ប៉ុន្តែ គឺជាតថភាពមួយដែលត្រូវប្រឈមមុខផងដែរ។ វេទិកានេះ មានគោលបំណងឆ្លើយតប និងបកស្រាយសំណួរដ៏សំខាន់តាមរយៈការឆ្លុះបញ្ចាំងលើទិដ្ឋភាពសំខាន់៣។

ទី១ ពិនិត្យមើលជម្លោះយុទ្ធសាស្ត្រភូមិសាស្ត្រ និងវាយតម្លៃពីបច្ច័យប៉ះពាល់នៃការផ្លាស់ប្តូរគោលនយោបាយរបស់មហាអំណាចចំពោះស្វ័យភាពអាស៊ាន និងជវភាពសន្និសុខតំបន់។ ទី២ ស្វែងយល់ពីកាលានុវត្តភាព និងបញ្ហាប្រឈមដែលកើតចេញពីទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង រួមមាន ក្របខ័ណ្ឌ BRICS គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រាប់សមាហរណកម្ម និងគោលដៅអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់អាស៊ាន។ ទី៣ គឺពិចារណាពីរបៀបការពារស្ថិរភាពនយោបាយ និងអធិបតេយ្យរបស់កម្ពុជាប្រឆាំងនឹងទម្រង់នៃឥទ្ធិពលខាងក្រៅ ដោយធានានូវភាពស្អិតរមួតផ្ទៃក្នុង និងភាពធន់។
តាមរយៈគោលបំណងទាំង៣ ខាងលើ លោកបណ្ឌិត គិន ភា ថា៖ “ខ្ញុំសង្ឃឹមថា វេទិកានេះ នឹងរួមចំណែកដល់ការកំណត់របៀបវារៈអាស៊ានដែលមានតុល្យភាព និងសម្លឹងឆ្ពោះទៅមុខ ដែលមិនត្រឹមតែពង្រឹងភាពធន់របស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឱ្យយើងដើរតួនាទីប្រកបដោយបុរេសកម្មបន្ថែមទៀត នៅក្នុងអភិបាលកិច្ចតំបន់ និងពិភពលោក”។

លោកបានបញ្ជាក់ថា វេទិកាភ្នំពេញ បានបង្កើតឡើងតាំងពីឆ្នាំ២០២២ ដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីផ្តល់នូវលំហពហុទិស និងប្រកបដោយបរិយាបន្ន សម្រាប់ការជជែកដេញដោល និងចូលរួមគោលនយោបាយ។ វេទិកានេះ បានដើរតួនាទីជាស្ពានទំនាក់ទំនងរវាងអ្នកប្រាជ្ញ អ្នកបង្កើតគោលនយោបាយ និងអ្នកអនុវត្ត ដោយបង្កើត វេទិកានៃគំនិត មានទស្សនវិស័យផ្សេងៗគ្នាជួបប្រសព្វគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក។ បន្ថែមពីនេះ វេទិកានេះក៏ជំរុញដល់ការពិភាក្សាស្មោះត្រង់ លើកទឹកចិត្តនវានុវត្តគោលនយោបាយ និងការលើកកម្ពស់វិធីសាស្ត្របែបសហការក្នុងទំនាក់ទំនងការទូតផងដែរ។
បណ្ឌិត គិន ភា បន្ថែមទៀតថា៖ “ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា វេទិកាភ្នំពេញនឹងបង្ហាញឱ្យឃើញជាថ្មីម្តងទៀតនូវអំណាចនៃការពិចារណារួមគ្នា និងអំណាចនៃការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក។ សូមឱ្យការពិភាក្សានៅថ្ងៃនេះ ជំរុញឱ្យមានអនុសាសន៍គោលនយោបាយជាក់ស្តែង ការយល់ដឹងថ្មីៗ និងបណ្តាញនៃការជឿទុកចិត្តគ្នាដ៏យូរអង្វែង ដែលនឹងរួមចំណែកដល់ឯកភាពរបស់អាស៊ាន សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ដ៏ធំទូលាយរបស់យើង”៕





-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ


