Connect with us

ព័ត៌មានជាតិ

ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជានឹងបើកវេទិកាជជែកពីយុទ្ធសាស្រ្តរបស់រដ្ឋតូចៗដែលត្រូវដើរក្នុងយុគសម័យបច្ចុប្បន្ន

បានផុស

នៅ

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរ (Konrad Adenauer Stiftung – KAS) នឹងរៀបចំវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៤នៅថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភាកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកាទំនាក់ទំនងអន្តរជាតិឆ្នាំនេះ ត្រូវរៀបចំឡើងក្រោមប្រធានបទ«គោលនយោបាយការបរទេសរបស់រដ្ឋតូច៖ ការទូតសន្តិភាព និងការទូតបង្ការ»។ វេទិកានេះ នឹងមានការចូលរួមពីសំណាក់អ្នកការទូត បញ្ញវន្ត អ្នកសិក្សាស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ សាស្ត្រាចារ្យ និងនិស្សិត ប្រមាណជាង១៥០នាក់ ដើម្បីស្វែងរកវិធីសាស្រ្តជាយុទ្ធសាស្ត្រសម្រាប់រដ្ឋតូចៗក្នុងការកំណត់មាគ៌ាត្រូវដើរក្នុងយុគសម័យនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកាន់តែខ្លាំងក្លាឡើង និងភាពមិនប្រាកដប្រជាជាសកល។

វេទិកានេះ នឹងបើកដោយសុន្ទរកថាគន្លឹះដោយលោក បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បន្ទាប់មកមានការពិភាក្សាកម្រិតខ្ពស់ដែលមានការចូលរួមជាវាគ្មិន រួមមាន  លោកសាស្រ្តាចារ្យបណ្ឌិត ប៊ុលឡាត អាគ្មេតខារីម៉ូហ្វ (Bulat AKHMETKARIMOV) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិប៉ារ៉ាហ្កន លោក ធន ឆាយពិសិដ្ឋ ប្រធាននាយកដ្ឋានស្តីទីនាយកដ្ឋានច្បាប់អន្តរជាតិ និងការទូតនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត ប៉ូ សុវីនដា គ្រូឧទ្ទេសន៍ជាន់ខ្ពស់នៃវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកលោក ហ៊ីម រដ្ឋា អនុប្រធានមជ្ឈមណ្ឌលខ្មែសម្រាប់រសិក្សាកិច្ចការតំបន់។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងពិភពលោកដែលនយោបាយមហាអំណាចតែងតែគ្របដណ្ដប់ វេទិកានេះបង្ហាញពីសមត្ថភាព ការសម្របខ្លួន និងភាពប៉ិនប្រសប់នៃរដ្ឋតូចៗ។ លោកថា៖ «គោលបំណងរបស់យើង គឺចង់ប្រែក្លាយការយល់ដឹងបែបទ្រឹស្តី ទៅជាយុទ្ធសាស្ត្រដែលអាចធ្វើសកម្មភាពបានដើម្បីឱ្យរដ្ឋតូចៗ ដូចជាកម្ពុជា អាចធានាមិនត្រឹមតែការរស់រានមានជីវិតប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដើម្បីរក្សាបាននូវវិបុលភាព និងភាពពាក់ព័ន្ធរបស់ខ្លួនក្នុងកម្រិតសាកលផងដែរ»។

វេទិកាទំនាក់ទំនងអន្តរជាតិលើកទី៤នេះ មានគោលបំណងបង្កើតលទ្ធផលដែលទាក់ទងទៅនឹងគោលនយោបាយ និងមានមូលដ្ឋានគរុសភា។ កិច្ចពិភាក្សានឹងបង្កើតនូវអនុសាសន៍ដែលអាចអនុវត្តបានសម្រាប់អ្នកធ្វើគោលនយោបាយបរទេស ដោយសង្កត់ធ្ងន់លើស្ថាប័ននិយកម្មការទូតបង្ការ និងការប្រើប្រាស់ជាយុទ្ធសាស្ត្រនូវវេទិកាពហុភាគីដើម្បីការពារអធិបតេយ្យភាពជាតិ។ អ្នកចូលរួមក៏នឹងស្វែងយល់ពីរបៀបដែលរដ្ឋតូចៗអាចប្រែក្លាយភាពងាយរងគ្រោះទៅជាភាពខ្លាំងដោយការជំរុញ«ការទូតជ្រុងពិសេស» (Niche diplomacy) នៅក្នុងតំបន់ ដូចជា ការថែរក្សាសន្តិភាព អភិបាលកិច្ចឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។ វេទិកានេះ នឹងពង្រឹងបណ្តាញសម្រាប់កិច្ចសហការនាពេលអនាគត និងជំរុញគំនិតផ្តួចផ្តើមស្រាវជ្រាវរួមគ្នាក្នុងចំណោមភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ។

លទ្ធផលនៃកិច្ចពិភាក្សា នឹងត្រូវបានចងក្រងជារបាយការណ៍វិភាគ និងករណីសិក្សា រួមចំណែកដល់ការសិក្សាស្រាវជ្រាវសហសម័យ ស្តីពី ការទូតរដ្ឋតូច និងផ្តល់នូវក្របខ័ណ្ឌជាក់ស្តែងសម្រាប់អ្នកធ្វើគោលនយោបាយ។ វេទិកាទំនាក់ទំនងអន្តរជាតិលើកទី៤នេះ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមរបស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរ ក្នុងការជំរុញកិច្ចសន្ទនាសំខាន់ៗលើបញ្ហាសកលនិងតំបន់ ខណៈរក្សាជំហរប្រទេសកម្ពុជាជាសំឡេងមួយដែលសកម្មនិងប្រកបដោយលក្ខណៈស្ថាបនា ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម