សន្តិសុខសង្គម
នគរបាលខេត្តព្រៃវែង បំបែកសំណុំរឿងរំលោភសម្លាប់ស្ត្រី និងកូនតូច ហើយដុតផ្ទះជនរងគ្រោះបង្វែរជាករណីអគ្គិភ័យ
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការណ៍ជាមួយនាយកដ្ឋានបច្ចេកទេសវិជ្ជាសាស្ត្រនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គការ CPU បានស៊ើបអង្កេតស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ប្រុសស្រី២នាក់ ក្នុងសំណុំរឿងរំលោភសម្លាប់ស្ត្រីម្នាក់ រួមទាំងកូនតូចម្នាក់ទៀត និងបានដុតផ្ទះជនរងគ្រោះដើម្បីបង្វែរជាករណីអគ្គិភ័យ។

ប្រតិបត្តការស៊ើបអង្កេតស្រាវជ្រាវនេះបានធ្វើឡើងបន្ទាប់ពីមានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះជនរងគ្រោះដែលបណ្ដាលឲ្យស្ត្រីវ័យ៣៥ឆ្នាំ និងកូនតូចអាយុ២ឆ្នាំស្លាប់នៅក្នុងអណ្ដាតភ្លើង ខណៈដែលជនរងគ្រោះនិងកូនកំពុងសម្រាកក្នុងផ្ទះកាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលទើបបញ្ចេញនៅថ្ងៃទី២៨ ខែមិថុនានេះ បានឲ្យដឹងថា ជនដៃដល់ប្រុសស្រីក្នុងសំណុំរឿងនេះមានឈ្មោះ ទី១.ឈ្មោះ នួន ទូច ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូរ ខេត្តកំពត។ ទី២.ឈ្មោះ មុំ ញ៉េប ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិរមាសឈរ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ រីឯស្ត្រីរងគ្រោះមានឈ្មោះ ប៉យ យឹម ហៅ ម៉ែអាចាន់ ហៅខ្លូត ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃល្វាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងកូនប្រុសឈ្មោះ ម៉យ ចាន់ អាយុ២ឆ្នាំ។

តាមចម្លើយសារភាពរបស់ជនដៃដល់ឈ្មោះ នួន ទូច ហៅម៉ៅ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២៣ ខ្លួនចាប់ផ្តើមប្រចណ្ឌប្ដីរបស់ខ្លួនជាមួយជនរងគ្រោះ ពីព្រោះខ្លួនបានឃើញពីរនាក់គេនោះតែងនៅជិតគ្នា មានភាពស្និតស្នាលខុសពីធម្មតា។ ជនដៃដល់បានបន្ថែមថា រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ០៥និង៣០នាទីល្ងាច ខ្លួនបានហូបបាយជុំគ្នាដោយមានហូបស្រាផងដែរជាមួយប្ដីឈ្មោះ កន រស្មី និងកូនជាងម្នាក់ទៀតឈ្មោះ មុំ ញ៉េប (ជនដៃដល់ទី២)។

ស្រ្តីជាជនដៃដល់បានបន្ថែមថា ពេលកំពុងហូបបាយ ខ្លួនបានឈ្លោះប្រកែកគ្នាជាមួយប្ដីដោយសារប្រចណ្ឌប្ដី ជាមួយជនរងគ្រោះថាបានលួចលាក់ទំនាក់ទំនងស្នេហាជាមួយគ្នា។ ក្រោយឈ្លោះប្រកែកគ្នាខ្លាំងមួយប្រាវ ប្ដីរបស់ខ្លួនបានទៅដេកមុន ចំណែកខ្លួន និងឈ្មោះ មុំ ញ៉េប បានទៅទិញស្រាថ្នាំថែមមកផឹកអស់កន្លះលីត្រទៀត ។ លុះដល់ម៉ោង៨និង៣០នាទីយប់ ខ្លួនក៏បានបបួលឈ្មោះ មុំ ញ៉េប ទៅផ្ទះរបស់ជនរងគ្រោះគោលបំណងដើម្បីឱ្យឈ្មោះ មុំ ញ៉េបចាប់រំលោភជនរងគ្រោះ។

ក្នុងរបាយការណ៍បន្ថែមថា ពេលទៅដល់ផ្ទះជនរងគ្រោះឃើញទ្វារកំពុងបិទ ពួកគេក៏ច្រានទ្វារចូល ហើយឃើញជនរងគ្រោះកំពុងដេកលើគ្រែជាមួយកូនប្រុស ពេលនោះជនរងគ្រោះក៏ភ្ញាក់ដឹងខ្លួនរៀបនឹងស្រែក តែត្រូវបានខ្លួនជាមួយឈ្មោះ មុំ ញ៉េប ចាប់ខ្ទប់មាត់ និងបានយកខ្សែជ័រចងរន្ទា មករឹតកជនរងគ្រោះរហូតសន្លប់បាត់ស្មារតី ខណៈនោះឈ្មោះ មុំ ញ៉េប បានចាប់ផ្តើមធ្វើសកម្មភាពរំលោភសេពសន្ទវៈលើជនរងគ្រោះរហូតបានសម្រេច ហើយខ្លួនក៏បានយកខ្សែដដែលរឹតកជនរងគ្រោះម្ដងទៀតរហូតស្លាប់។ ខណៈនោះកូនប្រុសរបស់ជនរងគ្រោះឈ្មោះ ចាន់ ក៏បានភ្ញាក់ឡើង ភ្លាមនោះ ខ្លួនក៏បានចាប់បោកផ្ទប់នឹងដី ហើយយកជើងជាន់ខ្លាំងៗលើក្បាល លើខ្លួនច្រើនដងរហូតក្មេងនោះបាក់ដៃ បាក់ជើង ផុងលលាដ៍ស្លាប់។

ជនដៃដល់បានរៀបរាប់ថា ក្រោយពីសម្លាប់ជនរងគ្រោះ និងកូនរួច ខ្លួននិងឈ្មោះ មុំ ញ៉េប ក៏សម្រេចចិត្តដុតផ្ទះនោះដើម្បីបំប្លែងជាគ្រោះថ្នាក់អគ្គិភ័យ ហើយក៏បែកផ្លូវគ្នាចូលរោងដេករៀងខ្លួន និងបានចេញមកមើលធ្វើជាធម្មតា ពេលមានការភ្ញាក់ផ្អើលពីពលរដ្ឋ និងសមត្ថកិច្ច។
ជនដៃដល់ទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្តនិតិវីធីច្បាប់។

សូមររំលឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃល្វាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានករណីអគ្គិភ័យមួយបានកើតឡើងដោយបណ្ដាលឲ្យស្ត្រីជាម្ចាស់ផ្ទះរួមទាំងកូនតូចបានស្លាប់ក្នុងអណ្ដាលភ្លើងយ៉ាងអាណោចអធម៌៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


