Connect with us

កីឡា

បឹងកេត ត្រូវ​ការឈ្នះ ណាហ្គាវើលដ៍ ថ្ងៃសៅរ៍​នេះ​ដើម្បី​ធានា ១០០ % ​​វគ្គ Top 6

បានផុស

នៅ

ក្រុម​បាល់ទាត់ បឹងកេត ត្រូវ​​បញ្ចប់​​ជុំ​ទី​២ នៃ​លីគ​កំពូល​កម្ពុជា វេលា​ម៉ោង ៦ ល្ងាច​ ​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​កុម្ភៈ​នេះ​ នៅ​ពេល​ពួក​គេ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម ណាហ្គាវើលដ៍ នៅ​កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ។

លោក​ ឃឹម បូរី គ្រូ​បង្វឹក​ណាហ្គាវើលដ៍
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​ជា​ជំនួប​ដ៏​សំខាន់​បំផុត​សម្រាប់​ក្រុម​ទាំង​ពីរ​ដើម្បី​ធានា​បាន​​នៅ​វគ្គ​ក្រុម​លំដាប់​កំពូល​ទាំង ៦ ឆ្ពោះ​ទៅ​រកឱកាស​ប្រជែង​ជើង​ឯក និង​ចំណាត់​ថ្នាក់​ឲ្យ​កាន់​តែ​ល្អ។ បឹងកេត មាន​ភាគ​រយ​ច្រើន​ក្នុង​ការរក្សា​ខ្លួន​នៅ Top 6 បន្ទាប់​ពីឆ្លង​កាត់ ១៩ ប្រកួត​ រក​បាន ៣២ ពិន្ទុ ឈរ​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​តារាង តាម​រយៈ​ការ​ឈ្នះ ៩ ស្មើ ៥ និង​ចាញ់ ៥។

លោក Conor Nestor គ្រូ​បង្វឹក បឹងកេត

ទោះ​បី​ជា​យ៉ាង​ណា បឹងកេត ត្រូវ​ការ​ឈ្នះ ណាហ្គាវើលដ៍ ដើម្បី​ធានា​​ខ្លួន ១០០ % នៅ​វគ្គ Top 6 ពី​ព្រោះ​ពួក​គេ​នៅ​តែ​មួយ​ប្រកួត​នេះ។ ប្រសិន​​បើ​ចាញ់ ពួក​គេ​នៅ​មាន​ឱកាស​ ប៉ុន្តែ​ត្រូវ​រង់ចាំ​មើល​លទ្ធផល​របស់​ក្រុម​ផ្សេង​ៗ​ទៀត។

ក្រុម បឹងកេត

ចំណែក ណាហ្គាវើលដ៍ មាន ២៩ ពិន្ទុ ស្ថិត​នៅ​លេខ ៦ ក្នុង​តារាង បន្ទាប់​ពី​ឆ្លង​កាត់ ១៨ ប្រកួត គឺ ឈ្នះ ៨ ស្មើ ៥ និង​ចាញ់ ៥។ ពួក​គេ​ត្រូវ​ការ​ឈ្នះ បឹងកេត ដើម្បី​បង្កើន​ភាគ​យ​កាន់​តែ​ច្រើន​ក្នុង​ការ​រក្សា​ខ្លួន​នៅ Top 6។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ចាញ់ បឹងកេត ពួក​គាត់​ ត្រូវ​ពឹង​ផ្អែក​លើ​ការ​ប្រកួត​ចុង​ក្រោយ​ជា​មួយ ឡាយហ្វ ខេត្ត​ព្រះសីហនុ និង​លទ្ធផល​របស់​ក្រុម​ផ្សេង​ៗ។

ក្រុម ណាហ្គាវើលដ៍

ក្រឡេក​មើល​ប្រវត្តិ​ជួប​គ្នា​គ្រប់​កម្មវិធី​សរុប ចំនួន ១៥ លើក គឺ​មាន​លទ្ធផល​មិន​លើស​ខ្វះ​គ្នា​ឡើយ​ ក្នុង​នោះ បឹងកេត ឈ្នះ ៥ លើក​ ណាហ្គាវើលដ៍ ឈ្នះ ៥ លើក​ និង​ស្មើ​គ្នា ៥ លើក។ ណាហ្គាវើល ស៊ុត​ចូល​ បឹងកេត បាន ១៧ គ្រាប់ ខណៈ បឹងកេត ស៊ុត​ចូល ណាហ្គាវើលដ៍​ ២០ គ្រាប់។ ជួប​គ្នាជើង​ទី១ ក្នុង​រដូវ​កាល​នេះ ក្រុម​ទាំង​ពីរ​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ១-១ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

ណាហ្គាវើលដ៍ រក្សា​អត្តសញ្ញាណ​របស់​ខ្លួន​បាន​​យ៉ាង​ល្អ  ក្នុង​នាម​​ជា​ក្រុម​ល្អ​​ការពារ​​។ បើ​ទោះ​បី​ជា​ពួក​គេ​បាន​​ផ្លាស់​ប្តូរ​គ្រូ​បង្វឹក​ពីរ​បី​នាក់​ក៏​ដោយ ក៏​ពួក​គេនៅ​តែ​រក្សា​ទម្រង់​លេង​​បែប​ការពារ​ និង​វាយ​បកដ៍​ល្អ​ដដែល។

ការ​ប្រកួត រវាង ណាហ្គាវើលដ៍ និង ភ្នំពេញក្រោន

ចំពោះ បឹងកេត វិញ មាន​ទម្រង់​ការពារ និង​ប្រយុទ្ធ ស្មើ​គ្នា​ល្អ ប៉ុន្តែ​ពួក​គេ​ជា​ក្រុម​ស្ទើរ​ប្រយុទ្ធ​ដែល​មិន​សូវ​មាន​កីឡាករ​ប្រយុទ្ធលេច​ធ្លោ​ជាប់​លាប់​បាន​យូរ​ទេ។ កាល​ពី​ប៉ុន្មាន​ប្រកួត​មុន ពួក​គេ​មាន​ខ្សែ​ប្រយុទ្ធ​ថ្មីសញ្ជាតិ​អូស្ត្រាលីគឺកីឡាករ Cyrus Dehmie បាន​ស៊ុត​ជា​ច្រើន​គ្រាប់​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ប៉ុន្តែ​រូប​គេ​ក៏​បាន​របួស ធ្វើ​ឲ្យ​លទ្ធផលមិន​សូវ​ល្អ ក្នុង​នោះ​ចាញ់ អឹមអូអាយ កំពង់ដេវ៉ា ១-០ និង​ចាញ់ អង្គរថាយហ្គឺរ ១-០ ហើយ​ចុង​ក្រោយ​ស្មើ វិសាខា ០-០។

ការ​ប្រកួត រវាង បឹងកេត និង អង្គរថាយហ្គឺរ

សរុប​មក​វិញ ការ​ជួប​គ្នា​រវាង ណាហ្គាវើលដ៍ និង បឹងកេត ពិត​ជាសំខាន់​គ្រប់​វិនាទី។ ប្រសិន​បើ​ក្រុម​ណា​ភ្លាត់ នោះ​លទ្ធផល​អាច​នឹង​ខក​ចិត្ត។ ចាំ​មើល​តើ​ក្រុម​ណា​ទទួល​បាន ៣ ពិន្ទុ ឬក៏​ចែក​គ្នា ១ ពិន្ទុ​ម្នាក់?

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម