Connect with us

កីឡា

ក្លិប​ឡាយអ៊ិនឃីង ចេញ​គម្រោង​កីឡដ្ឋាន​ថ្មី​ជា​មួយ​គំនិត​​ យក​ចិត្ត​ទុក​ដាក់សហគមន៍

បានផុស

នៅ

ក្លិប​បាល់ទាត់​ ឡាយអ៊ិនឃីង (Lion King) ដែល​ជា​ក្លិប​​ថ្មី​ទើប​ត្រូវ​បាន​បង្កើត​ឡើង​​បាន​ចេញ​គម្រោង​​កីឡដ្ឋាន និង​មជ្ឈមណ្ឌល​ហ្វឹក​ហាត់​​របស់​ខ្លួន​ដែល​មាន​កីឡា​ច្រើន​​ប្រភេទស័ក្តិសម​ជា​សហគម​កីឡាកម្រិត​ស្តង់ដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​មេសា ឆ្នាំ ២០២៦ ក្លិប​ ឡាយអ៉ិនឃីង បាន​ចេញ​គម្រោង​ប្លង់​កីឡដ្ឋាន​​របស់​ខ្លួន​ជា​ផ្លូវ​ការស្ថិត​នៅ​​ខេត្ត​សៀមរាប។ គម្រោង​របស់​ក្លិប​​មាន កីឡដ្ឋាន​​បាល់​ទាត់​ទំហំ ៦៨​ម៉ែត្រ x ១០៥​ម៉ែត្រ ដែល​ជា​ទី​លាន​ស្តង់ដា​សម្រាប់​ការ​ប្រកួត​ផ្លូវ​ការ​ទាំង​ជាតិ និង​អន្តរជាតិ។

កីឡដ្ឋាន​នេះ​​មាន​ទី​កន្លែង​អង្គុយ​ទស្សនា​ដែល​អាច​ផ្ទុក​អ្នក​គាំទ្រ​ចន្លោះ ៧៥០០ នាក់ ទៅ ៨០០០ នាក់។ ជា​មួយ​គ្នា​ក៏​មាន​ទី​លាន​ហ្វឹក​ហាត់ និង​បណ្តុះ​បណ្តាល​ថ្នាល​យុវជន​ចំនួន ២ និង​កន្លែង​ហាត់​ប្រាណ​ចំនួន ១។

ក្លិប​ក៏​នឹង​សាង​សង់​អគារ​ស្នាក់​នៅ​របស់​កីឡាករ ៤ ក្រុម គឺ​កម្រិត​យុវជនអាយុ ១២ ឆ្នាំ យុវជន​អាយុ ១៤ ឆ្នាំ យុវជន​អាយុ ១៦​ឆ្នាំ និង​ក្រុម​ធំ​ជម្រើស​ដៃ​ទី​១​សម្រាប់​ការ​ស្នាក់​នៅ​​ហ្វឹក​ហាត់​បាល់ទាត់ ក៏​ដូច​ជា​ការ​សិក្សា។

មិន​ត្រឹម​តែ​ប៉ុណ្ណោះក្លិប​ឡាយអ៉ិនឃីង ក៏​មាន​​ទី​លាន​ហែល​ទឹក​​ដែល​មាន​ទទឹង ១០ ម៉ែត្រ និង​បណ្តាល ៥០ ម៉ែត្រ ព្រម​ទាំង​មាន​ទី​លាន​​កីឡា​បាល់ទះ និង​ទី​លាន​កីឡាបាល់បោះ​ថែម​ទៀត។

ក្លិប​ក៏​រៀបចំ​ឲ្យ​មាន​អាហារដ្ឋាន និង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ។ ជា​ពិសេស​មាន​កន្លែង​សម្រាប់​ឲ្យ​ប្រជា​ពល​រដ្ឋ​ក្នុង​មូលដ្ឋាន​ទៅ​ហាត់​ប្រាណ​ប្រចាំ​ថ្ងៃ​ដែល​ហៅ​ថា កន្លែង​ហាត់​ប្រាណ​សហគមន៍ និង​ចំណត​យានយន្ត។

ការ​ចេញ​គម្រោង​បែប​នេះ​គឺ​ជា​ស្តង់ដា​កីឡា និង​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែលក្លិប​មិន​ត្រឹម​តែ​គិតគូរ​លើ​ការ​អភិវឌ្ឍ​វិស័យ​កីឡា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​បាន​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផង​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា ក្លិប​មិន​ទាន់​បាន​ប្រកាស​ថា តើ​ចាប់​ផ្តើម​ការ​សាងសង់​នៅ​ពេល​ណា​ទេ។ សូម​បញ្ជាក់​ថា ក្រុម​ឡាយអ៉ិនឃីង បាន​ចូល​រួម​ប្រកួត​ពាន​រង្វាន់​សម្តេច​តេជោ ថ្នាក់ខេត្ត​ ដោយ​ទទួល​​ចំណាត់​ថ្នាក់​លេខ ២។

គម្រោង​កីឡដ្ឋាន​​របស់​ក្លិបឡាយអ៉ិនឃីង ​នឹង​ក្លាយ​ជាសមិទ្ធផល​ថ្មី​មួយ​ទៀត ​នៃ​ហេដ្ឋារចនា​សម្ព័ន្ធ​កីឡា​ បន្ទាប់​ពី​ក្លិប​ជា​ច្រើន​ទាំង​នៅ​រាជ​ធានី​ភ្នំពេញ​ និង​ខេត្ត​បាន​កំពុង​ដំណើរ​ការ​សាង​សង់៕

ទីកន្លែង​សំខាន់​នៃ​គម្រោង​កីឡដ្ឋាន និង​មជ្ឈមណ្ឌល​ហ្វឹក​ហាត់​ក្លិប ឡាយអ៊ិនឃីង

  • កីឡដ្ឋាន​ ចំនួន ១ (៦៨​ម៉ែត្រ x ១០៥​ម៉ែត្រ)
  • កន្លែងអង្គុយផ្ទុកអ្នកទស្សនា​ ៧៥០០-៨០០០នាក់
  • ទី​លាន​ហ្វឹកហាត់​ ចំនួន​ ២
  • កន្លែង​ហាត់ប្រាណ​ ចំនួន​ ១
  • បន្ទប់ស្នាក់នៅកីឡាករ​ ៤កម្រិតគឺ ក្រុម​យុវជន១២ ឆ្នាំ យុវជន​១៤ឆ្នាំ យុវជន​១៦​ឆ្នាំ និង​ក្រុម​ធំ​ជម្រើស​ដៃ​ទី១
  • អាងហែលទឹក​ ចំនួន​ ១ (១០​ម៉ែត្រ x ៥០​ម៉ែត្រ)
  • ទី​លាន​​កីឡា​បាល់ទះ​ ចំនួន​ ៣
  • ទី​លាន​កីឡាបាល់បោះ​ ចំនួន​ ១
  • ចំណតយានយន្ត
  • អាហារដ្ឋាន និង​ហាង​វត្ថុអនុស្សាវរីយ៍
  • កន្លែងហាត់ប្រាណសហគមន៍

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម