កីឡា
ព្រំ សំណាង ប្រាប់ថា ជីវិតសព្វថ្ងៃប្រៀបដូចជាការយល់សប្តិ
ជីវិតរបស់កីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង បានផ្លាស់ប្តូរស្ទើរទាំងស្រុងនៅក្នុងរយៈពេលប្រមាណ៣ឆ្នាំចុងក្រោយដែលបានធ្វើឲ្យរូបគេស្ទើរតែមិនគួរឲ្យជឿពីជីវិតរបស់ខ្លួនមានថ្ងៃនេះ។

ព្រំ សំណាង ដែលចាប់ផ្តើមឡើងកូដខ្លាំងពេលចេញទៅប្រកួតនៅសង្វៀន Thai Fight កាលពីដើមឆ្នាំ២០២៣ បានរៀបរាប់ថា ប៉ុន្មានឆ្នាំចុងក្រោយមិននឹកស្មានខ្លួនឯងមានអ្វីគ្រប់យ៉ាងចាប់តាំងពីបានទៅប្រកួតនៅប្រទេសថៃក៏ចាប់ផ្តើមល្បី និងទទួលបានការឧបត្ថម្ភថវិកាជាបន្តបន្ទាប់។
កីឡាករមកពីខេត្តកំពង់ស្ពឺបាននិយាយថា ៖«មកពីសំណាងដូចឈ្មោះរបស់ខ្ញុំក៏ថាបាន។ ណាមួយគេមើលឃើញពីជីវិតខ្ញុំតស៊ូ វេទនារបស់ខ្ញុំច្រើនណាស់។ បើរៀបរាប់ពីជីវិតវេទនារបស់ខ្ញុំគេស្តាប់នឹងស្រក់ទឹកភ្នែក។ គេមើលងាយ គ្មានផ្ទះរស់នៅសមរម្យ គេមិនឲ្យតម្លៃទេការងារមិនច្បាស់លាស់»។

«ពីមុនរកតែលុយ៥០០រៀលទិញការ៉ែមឲ្យកូនក៏គ្មាន។ អីចឹងហើយឥឡូវនេះឃើញគេអត់ ខ្ញុំាអាណិតណាស់ ខ្ញុំក៏ឆ្លៀតដាក់ទាន១ម៉ឺន ២ម៉ឺន ព្រោះនឹកឃើញពេលខ្ញុំអត់។ សូម្បីតែខ្ចីលុយគេ៥០០រៀលពេលមានឃើញគេលក់ការ៉ែម ចង់ទិញឲ្យកូន យើងមានតែចាប់កូនចូលផ្ទះ»។ កីឡាករបានរៀបរាប់។
ព្រំ សំណាង បន្តថា កាលពីមុនខ្លួនគ្មានការងារធ្វើមិនច្បាស់ទេ សូម្បីប្រដាល់ក៏មិនទៀងទាត់។ ជូនកាលបានឡើងប្រកួត ប៉ុន្តែហ្វឹកហាត់មិនដិតដល់ និងមានបញ្ហាជាមួយក្លិបចាស់ផង ប៉ុន្តែចាប់តាំងពីចេញទៅប្រកួតនៅថៃមក អ្នកគាំទ្រ ឯកឧត្តម ឧកញ៉ា លោកជំទាវ បានជួយឧបត្ថម្ភច្រើនណាស់ចាប់តាំងពី១ដុល្លារក៏ពួកគាត់ផ្ញើឲ្យដែរ។

«ប្រៀបធៀបជីវិតពីមុនខុសគ្នាខ្លាំងណាស់។ ពីមុនយើងហាត់ផង នឹកឃើញដល់ប្រពន្ធកូនបានអ្វីហូប បានអីសងគេ។ តើអនាគតយើងទៅជាយ៉ាងណា បើយើងនៅតែបន្តវេទនាបែបនេះ? មិននឹកស្មានថា ខ្លួនឯងមានថ្ងៃនេះ ដូចយល់សប្តិអីចឹង។ រាល់ថ្ងៃនេះស្មានតែខ្លួនឯងយល់សប្តិតើ ពីព្រោះពីមុនគ្មានអ្វីសោះ តែឥឡូវនេះមានអ្វីៗគ្រប់យ៉ាងសម្រាប់រស់នៅ»។
សព្វថ្ងៃ ព្រំ សំណាង មានផ្ទះ រថយន្ត និងហាងកាត់សក់ មានដី ជាទាហាន ហើយមានការងារជាទូតសុច្ឆន្ទៈឲ្យប៊ូសស្ត្រងដែលធ្វើឲ្យរូបគេរកចំណូលបានរាប់ពាន់ដុល្លាររាល់ការប្រកួតម្តងៗ។ រូបគេបានឈ្នះខ្សែក្រវាត់ជាច្រើនក្នុងរយៈពីរឆ្នាំចុងក្រោយដូចជាខ្សែក្រវាត់គុនខ្មែរអន្តរជាតិ KIFខ្សែក្រវាត់អន្តរជាតិ Thai Fight ខ្សែក្រវាត់គ្រុឌគុនខ្មែរអន្តរជាតិ ខ្សែក្រវាត់គុនខ្មែរពិភពលោក តេជោសន្តិភាព មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ និងខ្សែក្រវាត់ក៏ដូចជាពានរង្វាន់ជាច្រើនទៀត៕

អត្ថបទ៖ វីរបុត្រ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


