Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត នឹងពន្យល់ពលរដ្ឋគ្រប់យ៉ាង ក្រោយបញ្ហាជម្លោះព្រំដែនត្រូវបានដោះស្រាយចប់

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងពន្យល់ពលរដ្ឋគ្រប់យ៉ាងទាំងអស់ជុំវិញបញ្ហាជម្លោះព្រំដែនជាមួយថៃ ក្រោយពេលបញ្ហាជម្លោះនេះត្រូវបានដោះស្រាយចប់នាពេលខាងមុខ។ នេះជាការសន្យារបស់សម្ដេចនាយករដ្ឋមន្រ្តី ដែលបានថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី២០ ខែតុលានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជា និងថៃ នឹងមានការចុះកិច្ចព្រមព្រៀងសន្តិភាពក្រោមការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន ដើម្បីឈានទៅបញ្ចប់ជម្លោះ និងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។  

ក្រោយបញ្ចប់បញ្ហាជម្លោះជាផ្លូវការនៅប្រមាណ២ខែខាងមុខទៀតនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសន្យាពន្យល់ពីជម្លោះព្រំដែនជាមួយថៃនេះឱ្យបានច្បាស់លាស់ទៅកាន់ប្រជាពលរដ្ឋ ដោយគ្មានការលាក់បាំងនោះឡើយ។ ប៉ុន្តែសម្រាប់កាលៈទេសៈដែលជម្លោះកំពុងបន្តអូសបន្លាយនោះ ស​ម្ដេចធិបតី នាយករដ្ឋមន្ត្រី បានស្នើឱ្យអ្នកនយោបាយគ្រប់និន្នាការ និងប្រជាពលរដ្ឋកុំសួរដេញដោលរឿងសមរភូមិប្រយុទ្ធណាខ្លះ ដែលត្រូវបានបាត់បង់ រួមទាំងពាក់ព័ន្ធនឹងការពលីរបស់កងទ័ព ដែលនេះជាការសម្ងាត់របស់យោធា។

ផ្ទុយទៅវិញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទទូចឱ្យគ្រប់គ្នាត្រូវជឿជាក់លើការលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពកម្ពុជា ក្នុងកិច្ចការពារបូរណភាពទឹកដី ក្នុងរយៈពេលប្រយុទ្ធគ្នាកន្លងមក។ សម្ដេចសង្កត់ធ្ងន់ថា៖ «ម៉ោងស្មាលនេះ មិនមែនម៉ោងត្រូវការបំបែកបំបាក់គ្នា មិនទុកចិត្តគ្នា អានេះគេយក អានោះគេយក អ្នកនេះស្លាប់ អ្នកនោះស្លាប់ វាអត់ត្រូវទេ ខ្ញុំសូមឱ្យតែមូលមតិគ្នា មិនថានិន្នាការណាទេ គឺត្រូវទទួលស្គាល់ការខិតខំលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពរបស់យើងក្នុងការការពារទឹកដី»

ជាថ្មីម្ដងទៀត ថ្លែងពីវេទិកាសាធារណៈជាលើកដំបូង ក្រោយស្ងាត់មួយរយៈបន្ទាប់មានបញ្ហាព្រំដែន នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ នៅតែបញ្ជាក់ពីជំហររបស់កម្ពុជា ដែលប្រកាន់យកគោលការណ៍ដោះស្រាយបញ្ហាដោយប្រើប្រាស់យន្ដការច្បាប់ យន្ដការអន្ដរជាតិ ដើម្បីជួយដោះស្រាយបញ្ហាព្រំដែននេះ។ សម្ដេច បញ្ជាក់ថា រាជរដ្ឋាភិបាល ស្ងាត់ តែមិននៅស្ងៀមទេ ហើយរដ្ឋាភិបាល មិនបានទុកពលរដ្ឋ និងជាតិចោលឡើយ ដោយរដ្ឋាភិបាល រាប់ពីថ្នាក់នាយករដ្ឋមន្ត្រី ដល់មេឃុំ គឺនៅជាមួយពលរដ្ឋ និងកងទ័ព៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម