Connect with us

ព័ត៌មានជាតិ

ពលរដ្ឋភូមិខ្វា សាទរចំពោះអាជ្ញាធរជួសជុលឈូសឆាយចាក់ថ្មក្រួសបំពេញផ្លូវ ១ ខ្សែ រងការខូចខាត សម្រួលការធ្វើដំណើរ

បានផុស

នៅ

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខ្វា សាទរ​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ខណ្ឌ​ដង្កោ ដែល​ចុះ​ត្រួតពិនិត្យ​ផ្លូវ ១ ខ្សែ ​រង​ការ​ខូចខាត ព្រមទាំង​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ និង​ចាក់​ក្រួស ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពួកគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី ២០ ខែ​តុលា ឆ្នាំ ២០២៥ នេះ លោកស្រី គីម ញឹប អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ និង លោក ប៊ុន ណារុំ អភិបាល​រង​ខណ្ឌ​ដង្កោ ទទួល​បន្ទុក​សាធារណៈ បាន​ដាក់​គ្រឿងចក្រ​ជួសជុល​ផ្លូវ​បេតុង ១ ខ្សែ ក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ក្រោយ​ពេល​ផ្លូវ​នេះ​រង​ការ​ខូចខាត​ប្រវែង​ជាង ៦០០ ម៉ែត្រ។

លោក សាវី ជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាង​លើ បាន​ឲ្យ​ដឹង​ថា ពីមុន​កំណាត់​ផ្លូវ​នេះ​មិន​ទាន់​ខូច​ខាត​ច្រើន​ដល់​ថ្នាក់​នេះ​ទេ តែ​ចាប់​តាំងពី​មាន​ការ​ចាក់​ដី​ខាងក្រោយ​ផ្ទះ​របស់​ពួកគាត់​មក ធ្វើ​ឲ្យ​លែង​មាន​ទីតាំង​បង្ហូរទឹក ទើប​ទឹក​ចាប់ផ្ដើម​ហូរ​ចូល​ផ្លូវ រង​ការ​ខូចខាត។

លោក សាវី បន្ត​ថា កាលពី​ឆ្នាំ​កន្លងទៅ រាល់​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ គឺ ត្រូវ​ជន់​លិច ថែមទាំង​ហូរ​ចូល​ពេញ​ផ្ទះ​ប្រជាពលរដ្ឋ​តែម្ដង។

ចំណែក លោក ចិត្ត ជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ដូចគ្នា ក៏បាន​សាទរ​យ៉ាង​ខ្លាំង ក្រោយ​ឃើញ​អាជ្ញាធរ​ខណ្ឌ​បាន​យកចិត្តទុកដាក់​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ ជាពិសេស​នោះ​គឺ​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​ប្រចាំថ្ងៃ​តែម្ដង។ លោក​បាន​និយាយ​ទាំង​សប្បាយចិត្ត​ថា ពី​ពេលនេះ​ទៅ លែង​មាន​ជង្ហុក​ពិបាកធ្វើ​ដំណើរ​ទៀតហើយ។ លោក​ថា មិន​ដូច​ពីមុន នៅ​ពេល​ចេញ​ទៅ​ធ្វើការ​ម្ដងៗ តែងតែ​ខ្ទាត​ទឹក​ភក់ ឬ​ក៏​ធ្លាក់​ជង្ហុក ធ្វើ​ឲ្យ​ប្រឡាក់​ខោអាវ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ។

លោកស្រី​អភិបាល​ខណ្ឌ​ដង្កោ ក៏បាន​សំណូមពរ​ទៅ​ដល់​​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ សូម​មេត្តា​ចូលរួម​កុំ​រំលោភ​លើ​ចំណែក​ផ្លូវ​សាធារណៈ និង​ធ្វើការ​វេច​ខ្ចប់​សំរាម​ទុក​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ហូរ​ចូល​ប្រព័ន្ធ​លូ បង្ក​ជា​ការ​ជន់​លិច៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម