Connect with us

ព័ត៌មានអន្ដរជាតិ

លោក Anutin បង្ហើប​ពី​ការ​រំលាយ​សភា​មុន​ការ​សន្យា៤ខែ

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាន​បង្ហើប​​នា​ថ្ងៃចន្ទ​ទី​២០​ខែ​តុលា​នេះ​ថា លោកអាចនឹងរំលាយសភាតំណាងរាស្រ្ត លឿនជាងកាលបរិច្ឆេទកំណត់ថ្ងៃទី​៣១​ខែមករា ដែលលោកបានសន្យាពីមុន ដោយនិយាយថា គណបក្ស Bhumjaithai របស់លោកបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រកួតប្រជែងការបោះឆ្នោតសកលបន្ទាប់។

លោក Anutin Charnvirakul (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯវិមានរដ្ឋាភិបាលបន្ទាប់ពីជ័យជម្នះរបស់គណបក្ស​​របស់​ខ្លួន​នៅក្នុងមណ្ឌលបោះឆ្នោត Kanchanaburi ទី​៤​ លោក Anutin បាននិយាយ​ថា ការឈ្នះនេះបង្ហាញថាគោលនយោបាយ និងការអនុវត្តរបស់ Bhumjaithai ទទួលបានទំនុកចិត្តពីអ្នកបោះឆ្នោត។

លោកបានរៀបរាប់​ថា «លទ្ធផលនេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ប្រជាជនចំពោះការងាររបស់យើង។ ខ្ញុំសង្ឃឹមថា ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទូទាំងប្រទេស»។

នៅពេលត្រូវបានសួរថាតើ Bhumjaithai ឥឡូវនេះមានប្រជាប្រិយភាពជាងគណបក្សភឿថៃ​ដែរឬទេ បន្ទាប់ពីបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតនៅខេត្ត Kanchanaburi និង Si Saket នាពេលថ្មីៗនេះ លោក Anutin បានឆ្លើយតបថា «យើងបានព្យាយាមធ្វើ​ឲ្យអស់ពីសមត្ថភាពតាមដែលអាចធ្វើទៅបានក្នុ​ង​នាម​ជា​រដ្ឋាភិបាល»។

បន្ថែម​ពី​នេះ លោក Anutin បាន​បន្ត​ថា «យើងបានត្រៀមខ្លួនរួចជាស្រេច ចាប់តាំងពីយើង​ដកខ្លួនចេញពីក្រុមចម្រុះដឹកនាំដោយគណបក្សភឿថៃក្នុងខែមិថុនា។ យើងត្រូវតែត្រៀមខ្លួនជាស្រេច ព្រោះថាថ្ងៃទី៣១​ខែមករា គឺជាថ្ងៃកំណត់ ហើយ​រឿង​អ្វី​ក៏​អាចកើតឡើងបាន​ដែរ»។

សូម​ជម្រាប​ថា លោក Anutin ធ្លាប់បានសន្យាជាមួយគណបក្ស​ប្រជាជន​ថា លោកនឹងរំលាយសភាមិនឲ្យលើសពីថ្ងៃទី​៣១​ខែមករា​ទេ ជាថ្នូរនឹង​​ការ​ទទួល​​បាន​ការគាំទ្រពីសមាជិកសភារបស់​បក្ស​ប្រឆាំង​មួយ​នេះ អំឡុងពេលដែលលោក​​​កំពុង​ប្រជែង​តំណែង​ជា​​នាយករដ្ឋមន្ត្រី​កាល​ពី​ខែ​កញ្ញា ក្រោយ​លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ដក​តំណែង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម