Connect with us

កីឡា

ពូល L៖ អង់គ្លេស និង ក្រូអាត អាចនឹងដឹកដៃគ្នាឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ World Cup 2026

បានផុស

នៅ

ក្រុមជម្រើសជាតិ អង់គ្លេស ហាក់មានប្រៀបជាងគេនៅក្នុងពូល L នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ខណៈក្រុមជម្រើសជាតិ ក្រូអាត ក៏មានភាគរយខ្ពស់ផងដែរ ដើម្បីឆ្លងផុតពូលនេះឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមតោកំណាចទាំង ៣ អង់គ្លេស ស្ថិតនៅក្នុងពូល L ជាមួយក្រុមជម្រើសជាតិ ក្រូអាត ហ្គាណា និង ប៉ាណាម៉ា។ បើមើលទៅលើចំណាត់ថ្នាក់ FIFA គឺ អង់គ្លេស ស្ថិតនៅលេខ ៤ ដោយឈរនៅលើគ្រប់ក្រុមទាំងអស់តែម្តង។ ក្រូអាត ស្ថិតនៅលេខ ១១, ប៉ាណាម៉ា នៅលេខ ៣៤ និងហ្ គាណា នៅដាច់ឆ្ងាយពីគេ ដោយស្ថិតនៅលេខ ៧៣។

នៅក្នុងពូល L នេះ ត្រូវបានអ្នកគាំទ្រ ក៏ដូចជាអ្នកជំនាញទូទាំងពិភពលោកយល់ ថា ក្រុម អង់គ្លេស និង ក្រូអាត ទំនងជាក្រុមនឹងឈរនៅលេខ ១ និងលេខ ២ ក្នុងពូល ដើម្បីឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ។ នេះបើផ្អែកតាមសមាសភាពកីឡាករ ទម្រង់លេង និងប្រវត្តិនៅក្នុង World Cup កន្លងមក។

ក្រុមទាំង ២ នឹងត្រូវជួបគ្នានៅក្នុងជំនួបបើកឆាកពូល L តែម្តង នៅម៉ោង ៣ រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៦។ អ្វីដែលអ្នកគាំទ្រមើលឃើញ គឺ ជំនួបនេះ ប្រសិនបើក្រុមណាឈ្នះ នោះនឹងអាចមានភាគរយខ្ពស់ឈរនៅលេខ ១ ក្នុងពូល​។

ក្រុមតោកំណាច ហាក់មានតែមជាងបន្តិច ត្រង់ ថា បច្ចប្បន្នពួកគេមានកីឡាករឆ្នើមៗជាច្រើន ដូចជា Harry Kane, Jude Bellingham, Bukayo Saka, Marcus Rashford និង Declan Rice ជាដើម។ ចំណុចគួរឱ្យចាប់អារម្មណ៍បំផុតមួយទៀត គឺ អង់គ្លេស បានឆ្លងកាត់ការប្រកួតជម្រុះក្នុងទ្វីប អឺរ៉ុប ៨ ប្រកួត ដោយមិនចាញ់សោះ ហើយថែមទាំងមិនរបូតគ្រាប់បាល់ថែមទៀត។

ចំណែកប្រវត្តិជួបគ្នាវិញ ក៏ អង់គ្លេស ធ្វើបានល្អជាងផងដែរ ដោយការជួបគ្នា ១១ លើកពីឆ្នាំ ១៩៩៦ ដល់ ២០២១ គឺ អង់គ្លេស ឈ្នះ ៦ ស្មើ ២ និងចាញ់ ៣។ ទោះបីជាយ៉ាងណា បច្ចុប្បន្ន ក្រអាត កំពុងតែល្អខ្លាំងគួរឱ្យកត់សម្គាល់។ ពួកគេមិនសូវមានគេនិយាយច្រើនទេ ប៉ុន្តែតែងតែធ្វើបានល្អនៅព្រឹត្តិការណ៍ធំៗដូចជា ឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០១៨ និងនៅឆ្នាំ ២០២២ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រឡេកទៅមើលក្រុម ហ្គាណា និង ប៉ាណាម៉ា វិញ អាចនឹងពិបាកក្នុងការឆ្លងផុតពូល L ដោយសារមាន បារាំង និង ក្រអាត ជារនាំងដ៏ធំ។ ហ្គាណា ក៏ជាក្រុមគួរឱ្យចាប់អារម្មណ៍មួយផងដែរ ដោយសារពួកគេមានកីឡាករល្អៗមួយចំនួនដូចជា Thomas Party, Antoine Semenyo និង Inaki Williams។

ប៉ុន្តែពួកគេធ្វើមិនបានល្អនោះទេ សម្រាប់ការប្រកួតមិត្តភាព ៦ ប្រកួតចុងក្រោយមុនមក World Cup 2026។ ពួកគេបានចាញ់ ជប៉ុន ០-២, ចាញ់ កូរ៉េខាងត្បូង ០-១, ចាញ់ អូទ្រីស ១-៥, ចាញ់ អាល្លឺម៉ង់ ១-២, ចាញ់ ម៉ិកស៊ិក ០-២ និងស្មើ វែលស៍ ១-១។

ចំណែកក្រុម ប៉ាណាម៉ា វិញ ក៏ធ្វើមិនសូវបានល្អដែរ ដោយការប្រកួតមិត្តភាពមុនមក World Cup 2026 ៧ លើកចុងក្រោយ ឈ្នះបានត្រឹមតែ ២ លើកប៉ុណ្ណោះ។ ក្រុមនេះ បានស្មើ បូលីវី ១-១, ចាញ់ ម៉ិកស៊ិក ០-១, ស្មើ អាហ្វ្រិកខាងត្បូង ១-១, ឈ្នះ អាហ្វ្រិកខាងត្បូង ២-១, ចាញ់ ប្រេស៊ីល ២-៦, ឈ្នះ សាធារណរដ្ឋដូមីនិក ៤-២ និងស្មើ បូស្នៀ ១-១។

ជុំវិញស្ថិតិខាងលើបានបង្ហាញ ថា ក្រុមតោកំណាចអង់គ្លេស និងក្រូអាត ជាក្រុមល្អដាច់គេនៅក្នុងពូល L នេះ។ ទោះបីជាយ៉ាងណា អ្វីៗអាចនឹងមានការប្រែប្រួលនៅពេលខាងមុខ ដោយនៅ World Cup 2026 នេះមានការប្រកួតប្រជែងខ្លាំង។ ជាក់ស្តែង ការប្រកួតថ្មីៗនេះ មានក្រុមខ្លាំងៗមួយចំនួន ដែលគេរំពឹង ថា ឈ្នះ បែជាស្មើ និងចាញ់ទៅវិញ ដូចជា តួកគី បានចាញ់ អូស្ត្រាលី ០-២, ជប៉ុន ស្មើ ហូល្លង់ ២-២ និង អេស្ប៉ាញ ស្មើ កាបវែរ ០-០ ជាដើម៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម