ព័ត៌មានជាតិ
រដ្ឋមន្ត្រីការពារជាតិអះអាងពីលទ្ធផលវិជ្ជមានពីកិច្ចប្រជុំ GBC ដោយកម្ពុជា-ថៃឯកភាពលើការងារមួយចំនួន
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានអះអាងពីលទ្ធផលវិជ្ជមានពីកិច្ចប្រជុំពិសេសលើកទី២របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចប្រជុំ GBC ថ្ងៃនេះ កម្ពុជា និងថៃ បានឯកភាពគ្នាលើការងារសំខាន់ៗមួយចំនួន ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថាក្នុងស្មារតីដោះស្រាយបញ្ហាដោយសន្តិវិធី និងការពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ កម្ពុជា និងថៃ បានឯកភាពលើផែនការសកម្មភាពសម្រាប់ការសម្រួលអាវុធធុនធ្ងន់ ដែលមានសមត្ថភាពបំផ្លាញខ្លាំង និងយុទ្ធោបករណ៍ឱ្យត្រលប់ទៅមូលដ្ឋានដើមវិញ ដោយការអនុវត្តផែនការនេះនឹងត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពីអ្នកសង្កេតការណ៍អាស៊ាន។

សម្រាប់ឯកសារលក្ខខណ្ឌប្រតិបត្តិ (TOR) ក្នុងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) លោក ទៀត សីហា បញ្ជាក់ថា ក៏ត្រូវបានភាគីទាំងពីរបានឯកភាព និងចុះហត្ថលេខារួចរាល់ដោយសហប្រធាន GBC ក្នុងកិច្ចប្រជុំថ្ងៃនេះ។ ខណៈនិយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) លើការងារដោះមីនមនុស្សធម៌ នៅភាគីកម្ពុជា និងថៃ បានឯកភាពគ្នា។
ចំណុចមួយទៀតដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងកិច្ចប្រជុំ GBC នៅប្រទេសម៉ាឡេស៊ីដែរនោះ គឺផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scam) និងការជួញដូរមនុស្ស រវាងនគបាលជាតិកម្ពុជា និងនគបាលជាតិថៃ។

ផែនការសកម្មភាពនេះ គឺមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មាន ការគាំទ្រដល់ប្រតិបត្តិការសម្រាប់ការស៊ើបអង្កេត និងការចាប់ខ្លួនជនសង្ស័យ ទប់ស្កាត់បទល្មើស និងវិធានការនានាពាក់ព័ន្ធនឹងជនសង្ស័យ ជនរងគ្រោះ ក៏ដូចជាភស្តុតាងផងដែរ។
សម្រាប់កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)នេះ គឺទាំងពីរបានព្រមព្រៀងគ្នាថា នឹងត្រូវរៀបចំឡើងម្ដងទៀត ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
គួរឱ្យដឹងថា កិច្ចប្រជុំពិសេសលើកទី២នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះ គឺសហប្រធានដោយលោកនាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការសង្កេតការណ៍ ដោយតំណាងពីមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងសមាជិកនៃក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំនៅកម្ពុជា និងថៃ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងសម្រាប់តាមដានលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តកោះកុង ប្រទេសកម្ពុជា ដើម្បីសម្រេចបញ្ចប់នូវផែនការសកម្មភាពជាក់លាក់សម្រាប់ការអនុវត្តលទ្ធផលនៃកិច្ចប្រជុំនេះឱ្យបានពេញលេញ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


