Connect with us

សេដ្ឋកិច្ច

គយកម្ពុជា-វៀតណាម ប្តេជ្ញាប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែនរួមគ្នា

បានផុស

នៅ

នៅ​ក្នុង​កិច្ចប្រជុំទ្វេភាគី​គយ​ព្រំដែន​លើក​ទី៦ រវាងរដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយវៀតណាម ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃ៣០ ខែតុលា ឆ្នាំ២០២៥ នៅ​ប្រទេស​វៀតណាម ភាគី​ទាំង​ពីរ ​កម្ពុជា-វៀតណាម បាន​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​អំពើ​រត់​គេចពន្ធ និង​បទ​ល្មើស​ឆ្លង​ដែន​រួម​​គ្នា​ឱ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំទ្វេភាគីគយព្រំដែនលើកទី៦ នេះ រៀបចំឡើងក្នុងគោលបំណង តាមដាន​វឌ្ឍនភាព​ការងារ​សម្រេច​បាន​បន្ទាប់​ពី​កិច្ចប្រជុំ​លើកទី៥, ពិនិត្យ​លើយន្តការ​នៃការផ្លាស់ប្តូរព័ត៌មានបទល្មើស ឆ្លងដែន និងទិន្នន័យ​ស្ថិតិ​ពាណិជ្ជកម្ម​នាំចេញនាំចូល, ធ្វើ​បច្ចុប្បន្នភាព​មន្រ្តី​ទំនាក់​ទំនង​សម្រាប់កិច្ចសហប្រតិបត្តិការ រវាង​រដ្ឋបាលគយ​ទាំងពីរ ជា​ពិសេស​លើ​ការងារ​បង្ការ និងបង្រ្កាប​អំពើរត់ពន្ធ និង​បទល្មើសឆ្លងដែន ស្របតាមខ្លឹមសារ នៃ​អនុស្សរណៈ​យោគយល់​គ្នា​ដែល​បានចុះ​ហត្ថលេខា​នាឆ្នាំ២០១៩ និង​កំណត់ហេតុនៃកិច្ចប្រជុំកម្រិតអគ្គនាយក គយនៃរដ្ឋបាលគយទាំងពីរនាឆ្នាំ២០២៤។

ជាក់ស្តែង នៅ​ក្នុង​ប្រជុំ​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា និង​ឯកភាព​គ្នា​ចំណុច​សំខាន់ៗ​ចំនួន ៥ រួមមាន៖ ១.​ ធ្វើ​បច្ចុប្បន្នភាព​ឈ្មោះ  មន្ត្រីទំនាក់ទំនង​ទទួល​បន្ទុក​ការងារ​ផ្លាស់ប្តូរ​ព័ត៌មាន​ពីកម្រិតថ្នាក់ជាតិ​ដល់ថ្នាក់​មូលដ្ឋាន​ពាក់ព័ន្ធ​នឹង​ការងារ​ប្រយុទ្ធ ប្រឆាំង​អំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន ដើម្បីធានា​ឱ្យការធ្វើ​ទំនាក់ទំនងគ្នា​បានឆាប់​រហ័ស​ទាន់ពេលវេលា និង​មានប្រសិទ្ធភាព ព្រមទាំងរក្សាបាននូវការសម្ងាត់វិជ្ជាជីវៈខ្ពស់។

២​. បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ការ និងបង្រ្កាប និងស៊ើប​អង្កេតបទល្មើសរត់​គេចពន្ធ​ឱ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ដែល​អនុលោម​តាម​ច្បាប់ និង​បទប្បញ្ញត្តិ នៃប្រទេសទាំងពីរ និង​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​ប្រទេស​ទាំង​ពីរ​ជាប្រទេសហត្ថលេខី។ ៣. ពិនិត្យពិភាក្សា និងសិក្សា ស្វែងរកមធ្យោបាយ ដើម្បីពង្រឹង​កិច្ចសម្រប​សម្រួល​ដើម្បី​បង្ការ និងបង្រ្កាប​ទំនិញ​រត់គេចពន្ធ​ដែល​មានហានិភ័យភាពខ្ពស់នៅតំបន់ជាប់ព្រំដែន, រៀបចំ​កសាង​យន្តការ​ត្រួត​ពិនិត្យ​រួមគ្នា ព្រមទាំង​ពង្រឹងការ​អនុវត្តកម្មវិធីត្រួតពិនិត្យរួមគ្នាលើការងារគយសំខាន់ៗ។

៤. បន្តរៀបចំប្រជុំទេ្វភាគីថ្នាក់ខេត្តជាប់ព្រំដែនឱ្យបានទៀងទាត់ និងតាមករណីចាំបាច់ និង ៥.បន្តរៀបចំ​សហការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវច្បាប់ និងបទប្បញ្ញតិ្តរបស់ប្រទេសទាំងពីរ ដើម្បីលើ​ក​កម្ពស់​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាមព្រំដែន និង​ធុរជន​ដែល​ពាក់ព័ន្ធនឹងពាណិជ្ជកម្មឆ្លងដែន អំពីផល​វិបាកនៃ​ការ​រត់​គេចពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម និងឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀនដែលប៉ះពាល់ជាអវិជ្ជមានដល់សេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិនៃប្រទេសទាំងពីរ។

ជា​មួយគ្នា​នេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចកន្លងមក និងចាត់ទុកកិច្ច​ប្រជុំទ្វេភាគី​នេះ​មាន សារៈសំខាន់ ដែល​នឹងក្លាយ​ជាយន្តការនៃការធ្វើកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកឱ្យកាន់តែល្អ ជាពិសេស ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន ស្របតាមសភាពការណ៍វិវត្តន៍ថ្មីៗ របស់​ប្រទេស​ទាំងពីរ ដើម្បីរួម​ចំណែក​លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ការ​ប្រមូល​ចំណូល​ថវិការដ្ឋ​របស់​ប្រទេសរៀងៗខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម