ព័ត៌មានអន្ដរជាតិ
អាមេរិកបាញ់កម្ទេចទូកសង្ស័យដឹកគ្រឿងញៀន១គ្រឿងទៀតនៅការ៉ាប៊ីន ស្លាប់មនុស្ស៣នាក់
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី៦វច្ឆិកាថា កងកម្លាំងក្រុងវ៉ាស៊ីនតោនបានកម្ទេចទូកដែលសង្ស័យថាជួញដូរគ្រឿងញៀនមួយគ្រឿងទៀតនៅតំបន់ការ៉ាប៊ីន ដោយបានសម្លាប់មនុស្ស៣នាក់ ខណៈដែលយុទ្ធនាការប្រឆាំងគ្រឿងញៀនដែលកំពុងពង្រីករបស់អាមេរិកបានរងការរិះគន់កាន់តែខ្លាំងឡើងពីអន្តរជាតិ។

លោក Hegseth បានបង្ហោះវីដេអូពីលើអាកាសនៃការវាយប្រហារលើបណ្ដាញសង្គម X ដោយនិយាយថា វាបានកើតឡើងនៅក្នុងដែនទឹកអន្តរជាតិ និងបានកំណត់គោលដៅ«ទូកដែលដំណើរការដោយអង្គការភេរវករ»។ វីដេអូបានបង្ហាញពីទូកតូចមួយកំពុងធ្វើដំណើរ មុនពេលផ្ទុះឆេះ។
លោក Hegseth បានរៀបរាប់ថា «ភេរវករគ្រឿងញឿន មានបុរស៣នាក់ ដែលនៅលើកប៉ាល់នោះ ត្រូវបានសម្លាប់» ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីអត្តសញ្ញាណរបស់ពួកគេនោះទេ។ លោកបានសរសេរទៀតថា «ផ្ញើទៅកាន់ពួកភេរវករគ្រឿងញៀនទាំងអស់ដែលគំរាមកំហែងដល់មាតុភូមិរបស់យើង ប្រសិនបើអ្នកចង់នៅរស់ បញ្ឈប់ការជួញដូរគ្រឿងញៀន។ ប្រសិនបើអ្នកនៅតែបន្តជួញដូរគ្រឿងញៀន យើងនឹងប្រល័យជីវិតអ្នក»។
ប្រធានមន្ទីរបញ្ចកោណរូបនេះ បានអះអាងថា ការវាយប្រហារនេះគឺស្របទៅនឹងប្រតិបត្តិការមុនៗដែលបានចាប់ផ្តើមក្រោមការណែនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការលុបបំបាត់បណ្តាញជួញដូរគ្រឿងញៀន ដែលរដ្ឋបាលអាមេរិកបានចាត់ថ្នាក់ថាជាអង្គការភេរវករ។

ចាប់តាំងពីដើមខែកញ្ញាមក យោធាអាមេរិកបានធ្វើការវាយប្រហារយ៉ាងហោចណាស់ចំនួន១៨ដង ដោយបានបំផ្លាញទូកចំនួន១៧គ្រឿង និងនាវាពាក់កណ្តាលមុជទឹក១គ្រឿងនៅសមុទ្រការ៉ាប៊ីន និងប៉ាស៊ីហ្វិកភាគខាងកើត។ មន្ទីរបញ្ចកោណមិនបានបង្ហាញភស្តុតាងជាសាធារណៈថា ទូកគោលដៅបានផ្ទុកគ្រឿងញៀន ឬបង្កការគំរាមកំហែងដោយផ្ទាល់នោះឡើយ។
អ្នករិះគន់ រួមទាំងប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Türk បានថ្កោលទោសយុទ្ធនាការនេះថាជាការសម្លាប់ក្រៅប្រព័ន្ធតុលាការជាបន្តបន្ទាប់ «ដោយគ្មានហេតុផលនៅក្នុងច្បាប់អន្តរជាតិ»។
រដ្ឋបាលលោកត្រាំ បានប្រាប់ថា ការធ្វើដូច្នេះគឺដើម្បីប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀននៅអាមេរិកឡាទីន ដោយដាក់ពង្រាយនាវាកងទ័ពជើងទឹកចំនួន៦គ្រឿង យន្តហោះចម្បាំងបំបាំងកាយ F-35 នៅប្រទេសព័រតូរីកូ និងក្រុមវាយប្រហារនាវា USS Gerald R. Ford ទៅកាន់តំបន់។
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនរបស់អាមេរិក បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានប្រើប្រាស់យុទ្ធនាការនេះជាការបិទបាំងចង់ផ្លាស់ប្តូររបបក្នុងប្រទេសរបស់លោក។ លោកបាននិយាយថា «គ្មានការដាំដុះគ្រឿងញៀននៅវ៉េណេស៊ុយអេឡាទេ» ដោយអះអាងថាប្រទេសនេះកំពុងត្រូវបានគេកេងប្រវ័ញ្ចជាផ្លូវឆ្លងកាត់សម្រាប់ដឹកកូកាអ៊ីនកូឡុំប៊ីប៉ុំណ្ណោះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


