Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គីទៅតួកគី ដើម្បីជំរុញកិច្ចចរចាសន្តិភាព ខណៈរុស្ស៊ីបដិសេធមិនចូលរួម

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) នឹងធ្វើដំណើរទៅកាន់ប្រទេសតួកគីនៅថ្ងៃពុធ​ទី​១៩​ខែ​វិច្ឆិកា​នេះ ក្នុងគោលបំណងថ្មីមួយដើម្បីស្តារកិច្ចចរចាសន្តិភាពឡើងវិញជាមួយប្រទេសរុស្ស៊ី ទោះបីជាវិមានក្រឹមឡាំងបាននិយាយថា ខ្លួននឹងមិនចូលរួមក៏ដោយ។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ Washington Times លោកហ្សេលេនស្គី បានថ្លែងថា ប្រទេសអ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញ«ដំណោះស្រាយដែលបានអភិវឌ្ឍ» ដល់ដៃគូរបស់ខ្លួននៅក្នុងប្រទេសតួកគី ហើយសង្ឃឹមថា ការពិភាក្សានេះអាចចាប់ផ្តើមដំណើរការការទូតឡើងវិញ។ លោក ស្ទីវ វីតខូហ្វ (Steve Witkoff) បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងជួបជាមួយលោកហ្សេលេនស្គី ក្នុងអំឡុងពេលទស្សនកិច្ចនេះ។

ទោះជាយ៉ាងណា ប្រទេសរុស្ស៊ីបានច្រានចោលការចូលរួម។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូនឹងតាមដានលទ្ធផល ប៉ុន្តែនឹងមិនបញ្ជូនតំណាងទៅចូលរួមនោះទេ។

កិច្ចចរចាផ្ទាល់រវាងទីក្រុងកៀវ និងទីក្រុងមូស្គូ ត្រូវបានជាប់គាំងចាប់តាំងពីប្រតិភូ​របស់​លោកហ្សេលេនស្គី និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានជួបគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីខែកក្កដា ដោយសម្រេចបានតែកិច្ចព្រមព្រៀង​ស្តីពីការដោះដូរឈ្លើយសឹកប៉ុណ្ណោះ។

វឌ្ឍនភាពឆ្ពោះទៅរកការបញ្ចប់សង្រ្គាម បានធ្វើ​ឲ្យ​មន្ត្រីសហរដ្ឋអាមេរិក រួមទាំងប្រធានាធិបតី​ ដូណាល់ ត្រាំ (Donald Trump) មានការខកចិត្ត ដែលលោកបានចោទសួរថា តើលោក ពូទីន ពិតជាចង់បានសន្តិភាពមែនឬយ៉ាងណា។ ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានដាក់ពន្ធគយលើក្រុមហ៊ុនប្រេងរបស់រុស្ស៊ី Lukoil និង Rosneft ក្នុងគោលបំណងដាក់សម្ពាធលើទីក្រុងមូស្គូ​ឲ្យ​ត្រឡប់ទៅរកការចរចាវិញ។

ទន្ទឹមនឹងនេះ ប្រទេសទាំងពីរបានបង្កើនការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយ និងដ្រូនទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល។ ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានវាយប្រហារស្ថានីយ៍ថាមពល​ចំនួន​ពីរដែលគ្រប់គ្រងដោយរុស្ស៊ី នៅក្នុងតំបន់ Donetsk ដែល​​ក្រុង​មូស្គូ​​កំពុង​កាន់កាប់។

ទីក្រុងកៀវ​បន្ត​ធ្វើ​ការ​អំពាវនាវ​សម្រាប់ការទទួលបានសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ ដូចជាមីស៊ីល Tomahawk របស់​អាមេរិក ប៉ុន្តែលោក​ត្រាំ បានបដិសេធសំណើនេះ ដែលជំរុញ​ឲ្យ​អ៊ុយក្រែនត្រូវ​ស្វែងរកការគាំទ្របន្ថែមពីអឺរ៉ុប​​ជំនួស​វិញ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម