Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​ និងអាជ្ញាធរស្រុកមង្គលបូរី រៀបចំ​ពិព័រណ៍​ការងារ ​​​នាំ​យក​ឱកាស​ការងារ​រាប់​ពាន់​កន្លែង ជូន​អតីត​ពលករ​ខ្មែរ​មក​ពី​ថៃ

បានផុស

នៅ

បន្ទាយមានជ័យ ៖ អាជ្ញាធរ​ស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យ បាន​ថ្លែង​អរគុណ​ដល់​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបាននាំយកឱកាសការងាររាប់ពាន់កន្លែង ជូន​បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បាន​រៀប​ចំ​ពិព័រណ៍​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ នៅផ្សារចម្ការតាដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យដោយនាំយកសហគ្រាស ក្រុមហ៊ុនរោងចក្រ ចំនួន ២១ មក​សម្ភាស និង​ជ្រើសរើស​បុគ្គលិក​ភ្លាមៗដោយផ្ទាល់ ហើយមានតម្រូវការកម្លាំងពលកម្មសរុបជាង ៦៥០០នាក់ ព្រមទាំងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និង​ការ​បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ។

លោក រ័ត្ន ដាស៊ីណង់ អភិបាល នៃគណៈអភិបាលស្រុកមង្គលបូរី បាន​ថ្លែង​អំណរគុណ​ច្រើន​ដល់​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលនេះ។ នៅក្នុងស្រុកមង្គលបូរី បានរៀបចំពិព័រណ៍ការងារ និង​វេទិកា​ការងារចំនួន ៧លើក បើគិតទាំងលើកនេះ ហើយលើកនេះមានការរៀបចំធំជាងលើកមុនៗ។

លោក​លើក​ឡើង​ថា បងប្អូនអតីតពលករត្រឡប់មកពីថៃ ដែលចូលរួមក្នុងពិព័រណ៍ការងារនៅថ្ងៃនេះ ទទួល​បាន​ការ​ដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេ ព្រម​ទាំង​ទទួល​បាន​ការ​កាត់សក់​ពី​អ្នក​ជំនាញ​ដោយ​ឥតគិតថ្លៃ ថែមទៀត។

លោក រ័ត្ន ដាស៊ីណង់ បានឱ្យដឹងថា នៅក្នុងស្រុកមង្គលបូរី បងប្អូន​អតីត​ពលករត្រឡប់​មក​ពី​ប្រទេស​ថៃ មានចំនួនជាង ១ម៉ឺន ១ពាន់នាក់ ដោយ​ក្នុង​នោះ​មាន​បងប្អូនអតីតពលករប្រមាណជាង ៧ពាន់នាក់ បានទទួលការងារធ្វើ តាមរយៈវេទិកាការងារ និងពិព័រណ៍ការងារ ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំនាពេលកន្លងមក។

លោកអភិបាលស្រុកមង្គលបូរី បានបន្ថែម​ថា «ក្នុងនាមស្រុក ខ្ញុំអរគុណមែនទែន ហើយខ្ញុំសង្ឃឹមថា ថ្ងៃនេះប្រហែលជាយ៉ាងតិចជាង ១ពាន់នាក់ដែរ ដែលអាចជ្រើសរើសការងារធ្វើ ដែល​ទាំង​ប៉ុន្មាន​ក្រុមហ៊ុន​នេះ ទាំងកាត់ដេរ ទាំង​កសិដ្ឋាន ការងារ​សំណង់ ជាដើម»។

ជា​មួយ​គ្នា​នេះ លោក​អភិបាល​ស្រុកមង្គលបូរី បាន​បញ្ជាក់​ថា លោក នឹង​បន្ត​សហការ​ជា​មួយ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏​ដូច​ជាសហគ្រាស ក្រុមហ៊ុន រោងចក្រ ដើម្បី​បន្ត​ជួយ​ស្វែង​រកការងារ​ឱ្យបងប្អូនអតីតពលករត្រឡប់មកពីថៃ ដែលមិនទាន់មានការងារធ្វើ។ ជាចុងក្រោយ លោក រ័ត្ន ដាស៊ីណង់ បានអរគុណប្រមុខរាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដែល​បាន​ខិតខំ​ជួយស្វែងការងារ​ឱ្យ​បង​ប្អូន​អតីត​ពលករ​មកពី​ប្រទេសថៃធ្វើ។

សូមជម្រាប​ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នឹង​បន្ត​រៀប​ចំ​ពិព័រណ៍​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសាលាស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥បន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម